រាជធានីភ្នំពេញ ៖ តាមសេចក្តីរាយការណ៍ពីអ្នកឆ្លើយឆ្លងព័ត៌មាន បានឱ្យដឹងថា ខណៈពេលនេះ ក្រុមការងារគណៈកម្មការស្រាវជ្រាវស៊ើបអង្កេតករណីបង្ករបួសស្នាម កំពុងធ្វើការត្រួតពិនិត្យ និងធ្វើកោសល្យវិច័យកន្លែងកើតហេតុ និងរថយន្តដែលរងការខូចខាត ដែលក្រុមជនសង្ស័យមួយក្រុមនាំគ្នាវាយមកលើអ្នកតំណាងរាស្ត្រមកពីគណបក្សសង្គ្រោះជាតិ២រូប គឺ លោក ញ៉យ ចំរើន និងលោក គង់ សភា នៅច្រកទ្វារចេញខាងត្បូងនៃរដ្ឋសភា ស្ថិតនៅសង្កាត់ទន្លេបាសាក់ ខណ្ឌចំការមន ។
ក្នុងការចុះពិនិត្យកន្លែងកើតហេតុ និងរថយន្តទាំង២គ្រឿង នារសៀលថ្ងៃទី២៩ តុលា នេះ ដោយមានការចូលរួមពីព្រះរាជអាជ្ញារងអមសាលាដំបូងរាជធានីភ្នំពេញ២រូប គឺលោក មាស ចន្ទពិសិដ្ឋ និងលោក សៀង សុខ លោកឧត្តមសេនីយ៍ទោ មួង សុធា ប្រធាននាយដ្ឋានបច្ចេកទេសវិទ្យាសាស្ត្រនៃក្រសួងមហាផ្ទៃ ព្រមទាំងលោកវរសេនីយ៍ឯក ស៊ឹម វុទ្ធី ស្នងការរងរាជធានីភ្នំពេញ ផងដែរ ។
គួររំឭកផងដែរថា កាលពីវេលាម៉ោង១២និង៣០នាទីថ្ងៃត្រង់ថ្ងៃទី២៦ តុលា កន្លងទៅនេះ អ្នកតំណាងរាស្ត្រមកពីគណបក្សសង្គ្រោះជាតិ២រូប គឺ លោក ញ៉យ ចំរើន និងលោក គង់ សភា ត្រូវបានជនសង្ស័យមួយក្រុមមានគ្នាជាង២០នាក់ព្រួតគ្នាវាយបណ្តាលឱ្យរងរបួសជាទម្ងន់សន្លប់នៅនឹងកន្លែង រួចវាយកម្ទេចរថយន្ត២គ្រឿងខូចខាតយ៉ាងដំណំថែមទៀត ៕
ព័ត៌មានលម្អិតមានផ្សាយជូននៅលើទំព័រកាសែតកោះសន្តិភាព








ចែករំលែកព័តមាននេះ