ខេត្តកំពង់ឆ្នាំង ៖ ផ្លូវលំគ្រួសក្រហមប្រមាណជាង៣គីឡូម៉ែត្រចេញពីផ្លូវជាតិលេខ៥មុខវត្តខ្សាម សង្កាត់ខ្សាម តភ្ជាប់មកចុងភូមិចុងកោះ សង្កាត់ផ្សារឆ្នាំង ក្រុងកំពង់ឆ្នាំង នឹងត្រូវជួសជុលជាផ្លូវកៅស៊ូឱ្យបានរឹងមាំ ក្នុងពេលឆាបៗនេះ ដោយក្រុមហ៊ុនចុងលៀង ម្ចាស់ការដ្ឋានកិនថ្មភ្នំដំរីរមៀល។
លោក ស៊ុន សុវណ្ណរិទ្ធិ អភិបាលរងខេត្តកំពង់ឆ្នាំង និងជាប្រធានគណៈកម្មការចំរុះខេត្ត បានថ្លែងបែបនេះកាលពីថ្ងៃទី២៨ តុលា ២០១៥ ។
លោកអភិបាលរងខេត្តបានបន្តថា ក្នុងការចុះកិច្ចសន្យាថ្មីៗរវាងក្រុមហ៊ុនខាងលើជាមួយអាជ្ញាធរខេត្ត ដើម្បីជាប្រយោជន៍រួមទាំងអស់គ្នា គឺខាងក្រុមហ៊ុនបានផ្លូវដឹកថ្មពីការដ្ឋានរបស់ខ្លួនចុះមកដាក់សាឡង់មាត់ទន្លេ នៅចុងភូមិចុងកោះដែលកំពុងមានសកម្មភាពដឹកថ្មរាល់ថ្ងៃយកទៅទីក្រុងភ្នំពេញ ចំណែកអាជ្ញាធរខេត្តបានមកវិញនូវផ្លូវល្អនេះសំរាប់រៀបចំទីតាំងថ្មីនៅចំណុចជិតក្រុមហ៊ុន អានកូ ក្នុងគម្រោងអាជ្ញាធរខេត្តឱ្យប្រជាពលរដ្ឋដែលរស់នៅលើផ្ទះបណ្តែតទឹកមកនៅលើគោកវិញនឹងមានផ្លូវធ្វើដំណើរចេញចូលដោយស្រួល។
ក្នុងគម្រោងនេះដែរ អាជ្ញាធរខេត្តមានគម្រោងឱ្យក្រុមហ៊ុនមួយរៀបចំដីសង់លំនៅឋានជួលឱ្យប្រជាពលរដ្ឋរស់នៅលើផ្ទះបណ្តែតទឹកក្នុងទន្លេផ្សារក្រោមជាង១ពាន់គ្រួសារឡើងមករស់នៅលើគោកវិញ គឺស្ថិតនៅជិតដីក្រុមហ៊ុនអានកូ ផលិតទឹកស្អាតនៅលើដីវាលមួយកន្លែងមានទំហំប្រមាណ៤០ហិកតារបស់ក្រុមហ៊ុនអានកូជិតមាត់ទន្លេ ស្ថិតនៅចុងភូមិចុងកោះ សង្កាត់ផ្សារឆ្នាំង។
នៅក្នុងគម្រោងការខាងលើនេះអាជ្ញាធរខេត្តនឹងត្រូវធ្វើការស្ថាបនាផ្លូវមួយខ្យែទៀតឱ្យខ្ពស់ផុតទឹកទន្លេលិចជាផ្លូវក្រាលកៅស៊ូ ចេញពីផ្លូវដាច់ចំណុចកំពង់ផែយឿត្រីក្នុងភូមិចុងកោះ មកចុងភូមិចុងកោះ ហើយតភ្ជាប់គ្នាជាមួយផ្លួវដែលកសាងដោយក្រុមហ៊ុន ចុងលៀងខាងលើនៅជាប់ចំណុចស្ថានីយបូមទឹករបស់ក្រុមហ៊ុនអានកូ ។
លោកអភិបាលរងខេត្តបានបន្តថា មកដល់ពេលនេះផ្លូវ១ខ្សែដែលកសាងដោយក្រុមហ៊ុន ចុងលៀង បានដំណើការចាក់ថ្មក្រាលពីលើផ្លូវគ្រួសក្រហមចាស់ជាបណ្តើរៗបានមួយចំនួនធំហើយ ដែលក្នុងកិច្ចសន្យានឹងត្រូវធ្វើឱ្យហើយនៅក្នុងឆ្នាំ២០១៦ មុនទឹកទន្លេឡើង៕







ចែករំលែកព័តមាននេះ