ADផ្ទាំងផ្សព្វផ្សាយពាណិជ្ជកម្ម

Picture

អាជ្ញាធរ​ខេត្តកំពង់ធំ​​ប្រារព្ធ​ព្រះរាជពិធី​បុណ្យខួប​​នៃការ​ឡើង​គ្រង​​​រាជសម្បត្តិ​​ព្រះ​មហាក្សត្រ​

10 ឆ្នាំ មុន

​ខេត្ត​កំពង់ធំ ៖ នៅ​ក្នុង​សាល​ប្រជុំ​ខេត្ត ​លោក​ អ៊ុត សំ​អន អភិបាលខេត្ត​​ ​តំណាង​​ឲ្យ​ព្រះសង្ឃ មន្ត្រីរាជការ កងកម្លាំងប្រដាប់អាវុធ​ទាំង​៣ប្រភេទ​ និង​ប្រជាពលរដ្ឋ​ទូ​ទាំង​ខេត្ត​ កាលពី​ព្រឹក​ថ្ងៃ​ទី​២៩ ​តុលា ​២០១៥ ​​បាន​អញ្ជើញ​អាន​​លិខិត​ថ្វាយព្រះពរ​នៃ​ព្រះរាជពិធី​បុណ្យខួប​លើក​ទី​១១ ​នៃការ​ឡើង​គ្រង​​​រាជសម្បត្តិ​របស់ព្រះករុណា ​ព្រះបាទ
សម្តេច ព្រះ​បរមនាថ នរោត្តម សីហ​មុនី ព្រះមហាក្សត្រ​នៃ​ព្រះរាជាណាចក្រ​កម្ពុជា​ ។

ក្នុង​នាមទូលព្រះបង្គំយើងខ្ញុំ​ទាំង​អស់​គ្នា ជា​​​កូនចៅ​របស់​ព្រះ​អង្គ​ សូម​សម្តែង​នូវ​មនោសញ្ចេតនា​អបអរសាទរ​សប្បាយ​រីករាយ ​និង​កតញ្ញុតាធម៌​ចំពោះ​មហាករុណា​ទិ​គុណ​ដ៏​ធំធេង​របស់​ព្រះករុណា​ជា​អ​ម្ចាស់ជីវិតតម្កល់​លើត្បូង ​​ព្រះរាជ​បេស​ក​កម្ម​ដ៏ឧត្តុ​ង្គ​ឧត្តម ជា​ព្រះមហាក្សត្រ​ប្រកបដោយ​ទស​ពិធរាជធម៌ ​​​ព្រះ​បញ្ញាញាណ​​វាងវៃ​ផ្តល់​​ការ​គាំទ្រ​ដ៏​ស្មោះ​ចំពោះ​គោលនយោបាយ​យុទ្ធសាស្ត្រ​ចតុកោណ​របស់​រាជរដ្ឋាភិបាល​កម្ពុជា ដែល​ដឹកនាំ​ដោយសម្តេច​អគ្គមហាសេនាបតី​តេ​ជោ ហ៊ុន សែន នាយក​រដ្ឋមន្ត្រី​នៃ​ព្រះរាជា​​ណា​ចក្រ​កម្ពុជា ក្នុង​ការ​ការពារ​បូរណភាព​ទឹកដី និងការ​អភិវឌ្ឍ​​លើ​គ្រប់​វិស័យ​ជូន​ជាតិ​មាតុភូមិ​ ធ្វើ​ឲ្យ​ប្រជារាស្ត្រ​រស់នៅ​ប្រកបដោយ​សេចក្តីសុខ​ក្សេមក្សាន្ត និង​សេចក្តី​ថ្លៃថ្នូរ ក្នុង​ទូ​ទាំង​ប្រទេស ​។ ​បន្ទាប់​ពី​ព្រះ​អង្គ​បាន​យាង​សួរ​សុខទុក្ខ​កូនចៅ ​និង​​ចូលរួម​ជា​ព្រះរាជ​អធិបតី​ដ៏ខ្ពង់ខ្ពស់​ កាលពី​ថ្ងៃ​ទី​៩ ខែកក្កដា ឆ្នាំ​២០១៥ ​នៅ​ក្នុង​ព្រះរាជ​​ពិធីបុណ្យ​រុក្ខទិវា​នៅ​ស្រុក​ស​ន្ទុ​ក ​កន្លង​មក ។​

​នៅ​ក្នុង​ទិវា​ដ៏​មហាប្រសើរ​នេះ​​ដែរ ទូលព្រះបង្គំ​យើងខ្ញុំ​ទាំងអស់​គ្នា​ សូម​ថ្វាយព្រះពរ​សព្ទ​សាធុការ សូម​ទេវតា​ថែរក្សា​ព្រះ​មហា​ស្វេតច្ឆត្រ ព្រះ​បារមីព្រះ​វិញ្ញាណ​ក្ខន្ធ​​អតីត​ព្រះមហាក្សត្រ ព្រះមហាក្សត្រី​យា​នី ព្រមទាំង​វត្ថុ​ស័ក្តិ​សិទ្ធ​ក្នុង​លោក តាម​ជួយ​បីបាច់​​ថែ​រក្សាព្រះអង្គ​ទ្រង់មាន​ព្រះរាជសុខភាព​ល្អ​បរិបូ​ណ៏ ​ព្រះ​កាយពល​មាំមួន ព្រះ​បញ្ញា​ញាណ​ភ្លឺ​ថ្លា និង​សូម​មាន​ព្រះ​ជន្មាយុយឺនយូ​រជាង​រយ​ព្រះ​វស្សា ​ដើម្បី​​​គង់​ប្រថាប់​នៅ​ជា​ម្លប់​ដ៏​ត្រជាក់ត្រជុំ​សម្រាប់​ប្រជា​នុរាស្ត្រ​ខ្មែរ​យូរអង្វែង​តរៀង​ទៅ​ ៕ ​