ខេត្តកំពង់ឆ្នាំង ៖ ក្នុងឱកាសប្រារព្ធព្រះរាជពិធីបុណ្យខួបលើកទី១១ នៃការគ្រងរាជសម្បត្តិរបស់ព្រះករុណា ព្រះបាទសម្តេច ព្រះបរមនាថ នរោត្តម សីហមុនី ព្រះមហាក្សត្រ នៃព្រះរាជាណាចក្រកម្ពុជា នៅទូទាំងប្រទេស នាព្រឹកថ្ងៃទី២៩ តុលា នេះ សាលានយោបាយខេត្ត ក៏មានរៀបចំប្រារព្វព្រះរាជពិធីដ៏នក្ខត្តឫក្សនេះដែរ ដោយមានការអញ្ជើញចូលរួមពី លោក ឈួរ ច័ន្ទឌឿន អភិបាលខេត្ត និងលោកស្រី លោកស្រី ដោក សុទ្ធា ប្រធានក្រុមប្រឹក្សាខេត្ត មន្ត្រីរាជការ កងកម្លាំងប្រដាប់អាវុធ ព្រះសង្ឃ លោកគ្រូ អ្នកគ្រូ ព្រមទាំងសិស្សានុសិស្សជាច្រើនរយអង្គ/នាក់ ។
លោក ឈួរ ច័ន្ទឌឿន តំណាងឱ្យព្រះសង្ឃ មន្ត្រីរាជការ កងកម្លាំងប្រដាប់អាវុធ លោកគ្រូ អ្នកគ្រូ សិស្សានុសិស្ស និងប្រជាពលរដ្ឋទូទាំងខេត្ត បានអានសារលិខិត ថ្វាយព្រះពរសព្ទសាធុការ និងសូមសម្តែងនូវភក្ដីភាពកតញ្ញុតាធម៌ ចំពោះព្រះមហាករុណាទិគុណដ៏ជ្រាលជ្រៅបំផុត និងសូមលំឱនកាយបួងសួងដល់គុណបុណ្យព្រះរតនត្រ័យ វត្ថុស័ក្ដិសិទ្ធិក្នុងលោក និងបារមីនៃទេវតារក្សាស្វេតច្ឆត្រ សូមប្រសិទ្ធពរជ័យបវរសួស្ដី សិរីមង្គល មហាប្រសើរថ្វាយព្រះករុណា ព្រះបាទសម្តេច ព្រះបរមនាថ នរោត្តម សីហមុនី ព្រះមហាក្សត្រនៃព្រះរាជាណាចក្រកម្ពុជា សូមព្រះអង្គ មានព្រះរាជសុខភាពល្អបរិបូណ៌ ព្រះកាយពលមាំមួន ព្រះបញ្ញាញាណភ្លឺថ្លា និងមានជន្មាយុយឺនយូរជាងរយព្រះវស្សា ដើម្បីគង់ប្រថាប់ក្នុងព្រះបរមសិរីរាជសម្បត្តិជាម្លប់ដ៏ត្រជាក់នៃប្រជារាស្ត្រខ្មែរទូទាំងព្រះរាជាណាចក្រកម្ពុជា ជានិច្ចនិរន្តតរៀងទៅ ៕







ចែករំលែកព័តមាននេះ