កម្ពុជា សង្ឃឹមថា សិង្ហបុរី ចូលរួមស្តារសេដ្ឋកិច្ចក្រោយវិបត្តិកូវីដ ១៩ – Koh Santepheap Daily

ADផ្ទាំងផ្សព្វផ្សាយពាណិជ្ជកម្ម

Picture

កម្ពុជា សង្ឃឹមថា សិង្ហបុរី ចូលរួមស្តារសេដ្ឋកិច្ចក្រោយវិបត្តិកូវីដ ១៩

1 ខែ មុន
  • Phnom Penh

រាជធានីភ្នំពេញ ៖ ឯកឧត្តម អូន ព័ន្ធមុនីរ័ត្ន រដ្ឋមន្ត្រីក្រសួងសេដ្ឋកិច្ច និងហិរញ្ញវត្ថុ បានលើកឡើងពីកិច្ចសហប្រតិបត្តិការល្អរវាងកម្ពុជា-សិង្ហបុរី កន្លងមក ជាពិសេសក្រោយវិបត្តិជំងឺកូវីដ…

រាជធានីភ្នំពេញ ៖ ឯកឧត្តម អូន ព័ន្ធមុនីរ័ត្ន រដ្ឋមន្ត្រីក្រសួងសេដ្ឋកិច្ច និងហិរញ្ញវត្ថុ បានលើកឡើងពីកិច្ចសហប្រតិបត្តិការល្អរវាងកម្ពុជា-សិង្ហបុរី កន្លងមក ជាពិសេសក្រោយវិបត្តិជំងឺកូវីដ ១៩ ។ ឯកឧត្តមបានស្នើឲ្យសិង្ហបុរី ជំរុញ និងបង្កើនការវិនិយោគនៅកម្ពុជា ក៏ដូចជាការចូលរួមក្នុងការស្ដារឡើងវិញសេដ្ឋកិច្ចកម្ពុជា ក្រោយពីវិបត្តិកូវីដ ១៩ បញ្ចប់ទៅ ។ ឯកឧត្តមឧបនាយករដ្ឋមន្ត្រី អូន ព័ន្ធមុនីរ័ត្ន បានស្នើដូច្នេះនៅពេលជូបពិភាក្សាការងារជាមួយលោកស្រី Teo Lay Cheng ឯកអគ្គរដ្ឋទូតថ្មី ប្រទេសសិង្ហបុរី ប្រចំាកម្ពុជានៅថ្ងៃទី ១២ ឧសភា នេះ តាមប្រព័ន្ធវីដេអូ ។ លោកស្រីទូតសិង្ហបុរី បានសម្តែងនូវឆន្ទៈមុតមាំក្នុងការពង្រឹងកិច្ចសហប្រតិបត្តិការកម្ពុជា-សិង្ហបុរី ឱ្យកាន់តែរឹងមាំនាពេលអនាគត ។

Picture

លោកស្រី Teo Lay Cheng បានអរគុណចំពោះប្រទេសកម្ពុជា ដែលសម្រេចបាននូវការចុះហត្ថលេខាលើកិច្ចព្រមព្រៀងក្របខ័ណ្ឌការងារជាមួយក្រុមហ៊ុន YCH និង Infrastructure Asia ជាដៃគូឯកជនក្នុងការសិក្សា និងអភិវឌ្ឍន៍គម្រោងមជ្ឈមណ្ឌលភ័ស្តុភារកម្មភ្នំពេញ (Phnom Penh Logistics Complex – PPLC) ។

Picture

ឯកឧត្តម អូន ព័ន្ធមុនីរ័ត្ន បានគូសបញ្ជាក់ពីការចូលរួមចំណែកយ៉ាងសំខាន់របស់គម្រោង PPLC នៅក្នុងការអភិវឌ្ឍប្រព័ន្ធភ័ស្ដុភារកម្មជាតិទាំងមូលរបស់ប្រទេសកម្ពុជា ដែលនឹងចូលរួមចំណែកយ៉ាងសកម្មនៅក្នុងការទាក់ទាញការវិនិយោគ និងការស្ដារឡើងវិញនៃសេដ្ឋកិច្ចនៅកម្ពុជា ។

ពាណិជ្ជកម្មទ្វេភាគីរបស់កម្ពុជា និងសិង្ហបុរី មានទំហំ ៤,២៤ ប៊ីលានដុល្លារអាមេរិក ហើយការវិនិយោគរបស់ប្រទេសសិង្ហបុរី នៅព្រះរាជាណាចក្រកម្ពុជា មានទំហំទៅដល់ ១,២៩ ប៊ីលានដុល្លារអាមេរិក ពីឆ្នាំ ១៩៩៤ ដល់ឆ្នាំ ២០២០ ។ ក្នុងការវិនិយោគនៅកម្ពុជា អ្នកវិនិយោគិនសិង្ហបុរី ភាគច្រើនចូលរួមចំណែក អភិវឌ្ឍលើកកម្ពស់វិស័យបច្ចេកវិទ្យា វិស័យឌីជីថល  វិស័យទេសចរណ៍ និងបដិសណ្ឋាកិច្ច ៕