រាជធានីភ្នំពេញ ៖ តាមសេចក្តីរាយការណ៍បានឱ្យដឹងថា មេខ្យល់នាំស្ត្រីខ្មែរទៅរៀបការនៅប្រទេសចិនត្រូវបាននគរបាលការិយាល័យប្រឆាំងការជួញដូរមនុស្ស និងការពារអនីតិជននៃស្នងការដ្ឋានរាជធានីភ្នំពេញស្រាវជ្រាវឃាត់ខ្លួនបានជាបន្តបន្ទាប់ចំនួន៥នាក់នៅចំណតរថយន្ត និងនៅផ្ទះលេខ១៧៩C សង្កាត់បឹងសាឡាង ដោយដកហូតវត្ថុតាងមួយចំនួន និងរំដោះស្ត្រីខ្មែរបាន៨នាក់។
ប្រតិបត្តិការនេះធ្វើឡើងតាំងពីម៉ោង៣ទៀបភ្លឺ ថ្ងៃទី២៩ តុលា ដឹកនាំសម្របសម្រួលដោយលោកព្រះរាជអាជ្ញារង មាស ច័ន្ទពិសិដ្ឋ និងលោកវរសេនីយ៍ទោ កែវ ធា ប្រធានការិយាល័យប្រឆាំងការជួញដូរមនុស្ស ព្រមទាំងលោកវរសេនីយ៍ត្រី ផាត់ ផល្លា នាយរងការិយាល័យ។
សេចក្តីរាយការណ៍បានបន្តថា ក្រៅពីឃាត់មនុស្ស សមត្ថកិច្ចបានដកហូតប្រាក់ចំនួន២១០ដុល្លារ ប៉ាស្ព័រ១ សៀវភៅស្នាក់នៅ៥ក្បាល ទូរស័ព្ទ៣គ្រឿង លិខិតបញ្ជាក់ទីលំនៅ លិខិតបញ្ជាក់នៅលីវមួយចំនួន លិខិតពិនិត្យឈាម លិខិតអនុញ្ញាតឱ្យរៀបការ លិខិតខ្ចីលុយ និងរូបថតមួយចំនួនទៀត។
សូមបញ្ជាក់ថា លំនៅឋាននៅសង្កាត់បឹងសាឡាងដែលសមត្ថកិច្ចចុះឆែកឆេរឃាត់ខ្លួនមេខ្យល់ជាកន្លែងសម្រាប់ស្តុកនារីៗមកពីតាមខេត្តទុកនាំទៅរៀបការនៅចិន៕




ចែករំលែកព័តមាននេះ