ខេត្តកណ្តាល ៖ ក្មេងប្រុសកម្សត់ម្នាក់អាយុ៣ឆ្នាំ ដែលឪពុកកំពុងជាប់ក្នុងឃុំឃាំងព្រៃសនៅឡើយ ចំណែកម្តាយបានចុះចោលកូនទៀត ទុកឱ្យជីដូនជួយមើលថែទាំក៏បានលង់ទឹកអូរក្រោមផ្ទះអ្នកភូមិ ស្លាប់យ៉ាងអាណោចអាធ័ម ខណៈជីដូនមិននៅផ្ទះ កាលពីវេលាម៉ោង១២និង៣០នាទីរសៀលថ្ងៃទី២៨ តុលា ស្ថិតនៅភូមិកោះបៀ ឃុំគគីរ ស្រុកកៀនស្វាយ ។
តាមប្រភពព័ត៌មាន បានឱ្យដឹងថា ក្មេងប្រុសដែលលង់ទឹកស្លាប់ខាងលើ ឈ្មោះ ឌួង សុខរក្សា អាយុ៣ឆ្នាំ ។ មុនពេលកើតហេតុ ជីដូនកុមាររងគ្រោះមិននៅផ្ទះ គេឃើញកុមារា សុខរក្សា ដើរទៅលេងនៅផ្ទះអ្នកជិតខាងម្នាក់ដែលគេមិននៅផ្ទះ និងបិទទ្វារចោល សង្ស័យកុមាររងគ្រោះឃើញកូនបាល់អណ្តែតទឹកអូរក្រោមផ្ទះ ក៏ចុះទៅយកបាល់នោះទើបណ្តាលឱ្យរអិលជើងធ្លាក់ចូលទឹកលង់ស្លាប់ ដោយគ្មានអ្នកណាដឹងរហូតដល់ជីដូនត្រឡប់មកផ្ទះវិញបាត់ចៅក៏ដើរ រក ដោយសង្ស័យក៏រកអ្នកជិតខាងជួយចុះរាវក្នុងទឹក ទើបប្រទះឃើញក្នុងទឹកជ្រៅ ប៉ុន្តែជាអកុសលកុមារា សុខរក្សា បានស្លាប់បាត់ទៅហើយ ។
ដោយឡែក ក្មេងប្រុសអាយុ១៣ឆ្នាំម្នាក់ លង់ទឹកស្លាប់យ៉ាងអាណោចអាធ័មបង្កការភ្ញាក់ផ្អើលកាលពីវេលា ម៉ោង១និង១៥នាទីរសៀលថ្ងៃទី២៨ តុលា នៅចំណុចទឹកប្រឡាយ ចម្ងាយប្រហែល៤០០ម៉ែត្រពីផ្ទះ ស្ថិតក្នុងភូមិអង្គរជ័យ ឃុំបន្ទាយដែក ស្រុកកៀនស្វាយ ។
ក្មេងប្រុសដែលលង់ទឹក ស្លាប់ខាងលើ ឈ្មោះ ខន ណាង អាយុ១៣ឆ្នាំ ឪពុកឈ្មោះ សូ ខន អាយុ៣៩ឆ្នាំ និងម្តាយឈ្មោះ ផៃ រី អាយុ៤០ឆ្នាំ ជាកសិករ មានទីលំនៅភូមិឃុំកើតហេតុខាងលើ ។
ឪពុកម្តាយក្មេងប្រុសរង គ្រោះបានរៀបរាប់ទាំងទឹកភ្នែកថា មុនពេលកើតហេតុ កូនប្រុសគាត់ជិះកង់ចេញពីផ្ទះទៅដើរលេង លុះដល់បាត់យូរមិនឃើញកូនត្រឡប់មកផ្ទះវិញ គាត់ទាំង២នាក់ប្តីប្រពន្ធ ចេញទៅតាមរកស្រាប់ឃើញតែកង់នៅមាត់ប្រឡាយបាត់កូនដោយមានការស ង្ស័យក៏នាំគ្នាចុះរាវរកក្នុងទឹកក៍ប្រទះឃើញកូនប្រុសលង់ទឹក ស្លាប់បាត់ទៅ ធ្វើឱ្យគាត់ទាំង២នាក់ប្តីប្រពន្ធស្រែកទ្រហោយំស្តាយស្រណោះកូន ប្រុសសម្លាញ់ចិត្តស្ទើរតែគាំងបេះដូងនៅនឹងកន្លែងកើតហេតុ ។
ក្រោយកើតហេតុ សមត្ថកិច្ចចុះទៅពិនិត្យនិងធ្វើកោសល្យវិច័យសពក្មេងប្រុសទាំង២នាក់នៅកន្លែងផ្សេងគ្នា បានសន្និដ្ឋានថា ក្មេងប្រុសអាយុ១៣ឆ្នាំ និងកុមារាអាយុ៣ឆ្នាំ ពិតជាស្លាប់ដោយសារការលង់ទឹកប្រាកដមែន ហើយក៏ប្រគល់សពឱ្យក្រុមគ្រួសារយកទៅរៀបចំធ្វើបុណ្យទៅតាមប្រពៃណី ៕



ចែករំលែកព័តមាននេះ