ADផ្ទាំងផ្សព្វផ្សាយពាណិជ្ជកម្ម

Picture

មេត្តា​សុំ​កុំ​ថ្ងូរ

8 ឆ្នាំ មុន

ភូមិ​ត្រពាំង​ឈូក សង្កាត់​ទឹកថ្លា ខណ្ឌ​សែន​សុខ ត្រូវ​បាន​សមត្ថកិច្ច​បង្ក្រាប​អ្នក​ជួញដូរ​ និង​ប្រើប្រាស់​ថ្នាំ​ញៀន​ បាន​រាប់រយ​នាក់​មក​ហើយ​ ក្នុង​ឆ្នាំ​២០១៥​នេះ ។
សូ​ម្បី​ស្ត្រី​ក្រីក្រ​តោកយ៉ាក​ម្នាក់​មានកូន​ភ្លោះ​ប្រុស​២​នាក់​ មិន​ទាន់​ចេះ​ដើរ​ផង

ភូមិ​ត្រពាំង​ឈូក សង្កាត់​ទឹកថ្លា ខណ្ឌ​សែន​សុខ ត្រូវ​បាន​សមត្ថកិច្ច​បង្ក្រាប​អ្នក​ជួញដូរ​ និង​ប្រើប្រាស់​ថ្នាំ​ញៀន​ បាន​រាប់រយ​នាក់​មក​ហើយ​ ក្នុង​ឆ្នាំ​២០១៥​នេះ ។
សូ​ម្បី​ស្ត្រី​ក្រីក្រ​តោកយ៉ាក​ម្នាក់​មានកូន​ភ្លោះ​ប្រុស​២​នាក់​ មិន​ទាន់​ចេះ​ដើរ​ផង ក៏មិន​មាន​មនុស្សលោក​មាន​អំណាច​ណា​ម្នាក់​លើកលែងទោស​ដែរ ជាប់គុក​រាប់​ខែ​មក​ហើយ ។

មិនមែន​ជា​កំហុស​អ្នក​ភូមិ​ត្រពាំង​ឈូក ហើយ​ក៏​មិន​ត្រូវ​ស្អប់ខ្ពើម​ឈ្មោះ​ភូមិ​ត្រពាំង​ឈូក​ដែរ​… ​អ្នក​ដែល​គួរ​ឱ្យ​«​ថ្កោលទោស​» គួរ​ឱ្យ​ខឹង​បំផុត គឺ​រដ្ឋអំណាច​គ្រប់គ្រង​ឯណោះ​ទេ ដែល​«​អន់​…» ។

អ្នក​ណា​ក៏​ដឹង​ដែរ​ថា ជិត​២០​ឆ្នាំ​មក​ហើយ ដែល​ភូមិ​ត្រពាំង​ឈូក​ កើត​មាន​អ្នក​ជួញដូរ ​និង​ប្រើប្រាស់​គ្រឿងញៀន ។ ២០​ឆ្នាំ​មុន​…​ ទើប​កើត​មាន​… ​រូបភាព​ពី​តូច​ៗ…​ ពី​ធម្មតា​ៗ…​ យូរ​ៗ​ទៅ​ពី​តូច​ក្លា​យមក​ធំ​…​ ក្លាយជា​ដំបៅ​មហារីក​…​​ ត​ៗ​គ្នា ។

រដ្ឋអំណាច​ក៏​រស់​ដោយ​ការ​ធ្មេចភ្នែក​… ​ចែក​គ្នា​រស់​…​ សមត្ថកិច្ច​បង្អើល​លេង​ៗ…​ ដើម្បី​សម្ងំ​រស់ លើ​គំនរ​ទុក្ខ​… ​លើ​សំបុក​មហា​សប្បាយ​…​ លើ​សំបុក​អនាធិបតេយ្យ​…​ សម្បូរ​ណ៍​ចាយ សប្បាយ​ច្រាស់ជើង​ជាមួយ​គ្នា​…​ ទីបំផុត​ក្លាយជា​ទីផ្សារ ​«​ខុសច្បាប់​» ​យ៉ាង​ដុះ​ស្លែ​រហូត​មក ។

ឈ្មោះ​ហៅ​ថា «​សមត្ថកិច្ច​» ពី​ដើម​មក​ ដែល​ចូល​ក្នុង​អាណាចក្រ​ត្រពាំង​ឈូក​… ​ដូច​ចូល​ទៅ​សប្បាយ​«​ប្រមូលប្រាក់​»​ពី​បទល្មើស​ទាំងឡាយ​…​ ក៏​២០​ឆ្នាំ​មក​ហើយ​ដែរ​…​ គឺ​ស្គាល់​អស់​… ២០១៥​ឈាន​មក​ដល់​…​ ទិស​ដៅ​«​ថ្នាក់លើ​»​ត្រូវ​បង្ក្រាប​ថ្នាំ​ញៀន​…​ ព្រោះថ្នាំ​ញៀន​ធ្វើ​ឱ្យ​សង្គម​អ​ស្ថេ​រ​ភាព​… ​អសន្តិសុខ​…​ សង្គម​រង្គោះរង្គើ​…​ ។​ល​។

ច្រើន​រយ​នាក់​ហើយ​សម្រាប់​ភូមិ​ត្រពាំង​ឈូក​ត្រូវ​បាន​របស់​ដែល​ហៅ​ថា «​សមត្ថកិច្ច​»​ចុះ​ចាប់​… ​បង្ក្រាប​ឡើង​រញ្ជួយ​ត្រពាំង​… ​កក្រើក​ពេញ​ភូមិឋាន​…​ បង្ក្រាប​មិន​ចេះ​អស់​…​ រួច​ហើយ​ស្រែកថ្ងូរ​ប្រាប់​គេឯង​ថា​…​ បង្ក្រាប​មិន​ចេះ​អស់​ទេ​…​ ដូច «​វែក​ចក​» ។

បង្ក្រាប​ម៉េច​អស់​ទៅ​…​ បើ​នាំ​គ្នា​ឱ្យ​គេ​ចិញ្ចឹម​២០​ឆ្នាំ​មក​ហើយ​នោះ​…​ ហេ ! ហេ !
…​មេត្តា​សុំ​កុំ​ថ្ងូរ !!
                       អា​ឡេវ