ខេត្តសៀមរាប ៖ តាមប្រភពពីមន្ត្រីជំនាញនគរបាលក្រុងសៀមរាបបានប្រាប់កោះសន្តិភាពនៅព្រឹកថ្ងៃទី២៩ តុលា ២០១៥នេះថា បុរសដែលបាត់ខ្លួននៅមាត់រណ្តៅជីកយកដីលក់ កាលពីថ្ងៃទី២៨ ខែតុលា នោះសមត្ថកិច្ចបានរកឃើញសពហើយកាលពីវេលាម៉ោង៧ព្រឹក ថ្ងៃទី២៩ តុលា នេះ បន្ទាប់ពីបងប្អូនបានអុជធូបបួងសួងសុំឱ្យឃើញសព។
គួរបញ្ជាក់ផងដែរថា បុរសរងគ្រោះបានបាត់ខ្លួននៅមាត់រណ្តៅតាំងពីម៉ោង១១ព្រឹក ថ្ងៃទី២៨ តុលា ២០១៥ ស្ថិតក្នុងភូមិកន្តក់ថ្មី សង្កាត់ស្វាយដង្គំ ក្រុងសៀមរាប បន្ទាប់ពីផឹកស្រាស្រវឹងហើយត្រូវគេឃើញដើរចូលទៅក្នុងទឹករណ្តៅដី។
បើតាមប្រភពពីប៉ុស្តិ៍នគរបាលស្វាយដង្គំបានឱ្យដឹងថា សពមានឈ្មោះ ភ័ណ្ឌ ភេទប្រុស អាយុ៣៦ឆ្នាំ មានទីលំនៅក្នុងភូមិកន្តក់ថ្មី សង្កាត់ស្វាយដង្គំ ក្រុងសៀមរាប។
ចំណែកលោកស្រី ឈ្មោះ ខុម ដែលត្រូវជាប្រពន្ធសពជនរងគ្រោះនោះបានឱ្យដឹងថា ក្រោយពេលបាត់ខ្លួនភ្លាមៗ សមត្ថកិច្ចក៏ដូចជាអ្នកភូមិជួយតាមរកដែរ តែរកមិនឃើញ គាត់ក៏ទៅរកគ្រួទាយមើល គ្រួទាយបានប្រាប់ឱ្យគាត់យកបាយសម្លទៅសែននៅមុខរណ្តៅដីនោះទៅ ព្រឹកទ្បើងនឹងឃើញសពអណ្តែតនៅមាត់រណ្តៅដីនោះហើយ។
លោកស្រីបានបន្តថា លុះព្រឹកទ្បើងថ្ងៃទី២៨ តុលា ក្រុមអ្នកភូមិ និងគាត់បានយកបាយសម្លទៅដាក់នៅមុខរណ្តៅដីនោះ រួចនាំគ្នាអុជអូប បួងសួងឱ្យឃើញសពប្តីរបស់គាត់ ។ មួយសន្ទុះក្រោយមកស្រាប់តែឃើញសពអណ្តែតនៅមាត់រណ្តៅដីនោះពិតដូចគ្រូទាយនោះថាមែន ហើយក៏នាំគ្នាស្រង់សពទ្បើងមកលើគោកដើម្បីឱ្យសមត្ថកិច្ចធ្វើកោសល្យវិច័យបន្តទៀតក្រែងលជាអំពើឃាតកម្មទៅលើប្តីរបស់គាត់។
បច្ចុប្បន្នសពជនរងគ្រោះត្រូវបានសមត្ថកិច្ចជំនាញធ្វើកោសល្យវិច័យសន្និដ្ឋានថា សពនេះពិតជាលង់ទឹកស្លាប់ពិតប្រាកដមែន មិនមែនជាឃាតកម្មគិតទុកជាមុននោះទេ៕





ចែករំលែកព័តមាននេះ