រាជធានីភ្នំពេញ ៖ សេចក្តីថ្លែងការណ៍របស់រាជរដ្ឋាភិបាល ចុះថ្ងៃទី២៧ ខែតុលា ឆ្នាំ២០១៥ បានប្រកាសថា មិនមានការយោគយល់ចំពោះជនដែលវាយតំណាងរាស្ត្រគណបក្សប្រឆាំងនោះទេ ហើយបានប្រកាសស៊ើបអង្កេត ដើម្បីចាប់ខ្លួនជនដៃដល់មកផ្តន្ទាទោស ។
កាលពីថ្ងៃទី២៦តុលា មានមនុស្សមួយក្រុមបានបង្កអំពើហិង្សាលើអ្នកតំណាងរាស្ត្រ ដោយគ្មានខ្លាចញញើតបន្តិចសោះឡើយនៅមុខរដ្ឋសភាបន្ទាប់ពីការធ្វើបាតុកម្មតវ៉ាបានបញ្ចប់ទៅ ។
សេចក្តីថ្លែងការណ៍របស់រាជរដ្ឋាភិបាលចុះថ្ងៃទី២៧ តុលា ឆ្នាំ២០១៥ បានប្រកាសថ្កោលទោសសកម្មភាពប្រើហិង្សានេះ និងបានបញ្ជាឱ្យក្រសួងមហាផ្ទៃ ធ្វើការស៊ើបអង្កេតស្រាវជ្រាវជាបន្ទាន់ ដើម្បីស្វែងរកចាប់ខ្លួនជនដៃដល់មកផ្តន្ទាទោស ។
សេចក្តីថ្លែងការណ៍បានសង្កត់ធ្ងន់ថា រាជរដ្ឋាភិបាលមានគោលជំហរឥតងាករេ ក្នុងការប្រឆាំងដាច់ខាតទៅនឹងវប្បធម៌ហិង្សា ក៏ដូចជាវប្បធម៌និងទណ្ឌភាពផងដែរ ។
ប្រធានស្តីទីគណបក្សសង្គ្រោះជាតិ លោក កឹម សុខា បានអះអាងនៅក្នុងបណ្តាញសង្គមរបស់លោកថា ដើមចមធ្វើឱ្យតំណាងរាស្ត្ររបស់លោករងការវាយដំពីក្រុមអ្នកតវ៉ា គឺជាភាពខ្វះការទទួលខុសត្រូវរបស់សមត្ថកិច្ច និងរាជរដ្ឋាភិបាល ក្នុងការបំពេញតួនាទីការពារសុវត្ថិភាពសាធារណៈ ដោយមិនរើសអើងនិន្នាការ ។
លោក កឹម សុខា បានជំរុញឱ្យសមត្ថកិច្ចស្វែងរកជនដៃដល់ និងជននៅពីក្រោយអំពើហិង្សានេះមកផ្តន្ទាទោស ដែលថ្នាក់ដឹកនាំគណបក្សប្រឆាំងរូបនេះយល់ថា ដើម្បីបង្កើនជំនឿដល់ប្រជាពលរដ្ឋលើប្រព័ន្ធយុត្តិធម៌ និងរាជរដ្ឋាភិបាល ។
គណបក្សប្រជាធិបតេយ្យមូលដ្ឋាន នៅថ្ងៃទី២៨ ខែតុលា ឆ្នាំ២០១៥ បានចេញសេចក្ដីថ្លែងការណ៍របស់ខ្លួន ប្រកាសថ្កោលទោសចំពោះអំពើហិង្សាមកលើសមាជិកសភានៅមុខវិមានរដ្ឋសភា នៅថ្ងៃទី២៦ ខែតុលា ឆ្នាំ២០១៥ ដោយចាត់ទុកថា នេះជាអំពើព្រៃផ្សៃជាន់ឈ្លីសេចក្ដីថ្លៃថ្នូរ និងអភ័យឯកសិទ្ធិសមាជិកសភាជាតិ ដែលជាតំណាងឆន្ទៈរបស់ពលរដ្ឋកម្ពុជានៅទូទាំងប្រទេស ។
គណបក្សនេះ ក៏មានការខកចិត្តចំពោះការខកខានក្នុងការការពារសុវត្ថិភាពអ្នកតំណាងរាស្ត្រទាំង២រូប ដែលបានរងរបួសធ្ងន់ធ្ងរពីអំពើហិង្សានេះ ។ យើងសូមឱ្យមានការសើុបអង្កេតដោយតម្លាភាព ដើម្បីស្វែងរកចាប់ខ្លួនជនដែលបានប្រព្រឹត្តអំពើហិង្សាមកផ្ដន្ទាទោសតាមច្បាប់ជាធរមាន ។
សេចក្ដីថ្លែងការណ៍នេះ ក៏មានការព្រួយបារម្ភចំពោះពាក្យសម្ដីវាយប្រហារ មាក់ងាយ និងគំរាមគ្នា ដែលអាចនឹងបង្កឱ្យមានអំពើហិង្សាច្រើនថែមទៀតនៅកម្ពុជា ។ ដំណោះស្រាយបញ្ហាតាមបែបគុំកួន ស្អប់ខ្ពើម និងសងសឹក និងបង្កឱ្យជាតិខ្មែរបែកបាក់ និងអន់ថយ ។
គណបក្សប្រជាធិបតេយ្យមូលដ្ឋាន បានអំពាវនាវឱ្យអ្នកដឹកនាំនយោបាយទាំង២គណបក្ស មានការអត់ធ្មត់ខ្ពស់ ស្វែងរកដំណោះស្រាយដោយសន្តិវិធីតាមរយៈការចរចា ដោយតម្កល់ផលប្រយោជន៍ជាតិឱ្យខ្ពស់ជាងផលប្រយោជន៍បក្ស ដើម្បីធានាសុខសន្តិភាពដល់ពលរដ្ឋគ្រប់រូប ការគោរពសិទ្ធិមនុស្ស សេរីភាពនៃការបញ្ចេញមតិ ការជួបជុំតវ៉ាដោយអហិង្សា និងការអភិវឌ្ឍប្រទេសឱ្យរីកចម្រើនជឿនលឿនតាមគន្លងលទ្ធិប្រជាធិបតេយ្យ ។
ទោះជាយ៉ាងណាក៏ដោយ រាជរដ្ឋាភិបាលបានអំពាវនាវដល់សាធារណជន និងស្ថាប័នពាក់ព័ន្ធដែលបានដឹងបានឃើញ ឬមានភ័ស្ដុតាងពាក់ព័ន្ធនឹងករណីបង្ករបួសស្នាមលើតំណាងរាស្ដ្រ សហការផ្ដល់ព័ត៌មានដល់អាជ្ញាធរមានសមត្ថកិច្ច ក្នុងការជំរុញការស៊ើអង្កេតស្រាវជ្រាវ ដើម្បីរកយុត្តិធម៌ដល់ជនរងគ្រោះឱ្យបានឆាប់ដែលអាចធ្វើទៅបាន ។
ជាមួយគ្នានេះ លិខិតបដិសេធមួយត្រូវបានធ្វើឡើងដោយអ្នកដឹកនាំបាតុកម្មដែលមានស្នាមផ្ដិតមេដៃឈ្មោះ ប្រាក់ ហាក់ , វ៉ាត ម៉ានី និង ទិត្យ ត្រៃវេទ បានប្រកាសថាមិនទទួលស្គាល់ជនមួយក្រុមដែលបង្កហិង្សានេះឡើយ ។ ចំណែកសាលារាជធានីភ្នំពេញ ក៏ចេញសេចក្ដីថ្លែងការណ៍ផងដែរ ជុំវិញបាតុកម្មនៅមុខវិមានរដ្ឋសភានេះ ។ ដោយសុំមិនធ្វើអត្ថាធិប្បាយ កោះសន្តិភាព សូមថតចម្លងសេចក្ដីថ្លែងការណ៍របស់រាជរដ្ឋាភិបាល សាលារាជធានីភ្នំពេញ និងការបដិសេធរបស់អ្នករៀបចំបាតុកម្មដូចនៅខាងស្តាំនេះ ៖




ចែករំលែកព័តមាននេះ