រាជធានីភ្នំពេញ ៖ កាលពីវេលាល្ងាចថ្ងៃទី២៨ តុលា ២០១៥ កម្លាំងអាជ្ញាធរចម្រុះខណ្ឌមានជ័យ ដឹកនាំដោយលោកឌី រ័ត្នខេមរុណ អភិបាលរងខណ្ឌ ដោយមានការសម្របសម្រួលពីព្រះរាជអាជ្ញារងអមសាលាដំបូងរាជធានីភ្នំពេញ លោកខាំសុផារី បានធ្វើការបង្ក្រាបទីតាំងលួចលាក់បង្កប់ហ្គេមបាញ់ត្រីខុសច្បាប់មួយកន្លែង ស្ថិតនៅចំណុចផ្ទះល្វែងគ្មានលេខ តាមបណ្តោយផ្លូវលេខ៣១BT ក្រុមទី៥ ភូមិសន្សំកុសល៤ សង្កាត់បឹងទំពុន ខណ្ឌមានជ័យ រាជធានីភ្នំពេញ ។
លោកឌី រ័ត្នខេមរុណ បានឱ្យដឹងថា ដោយទទួលបានដំណឹងពីក្រុមប្រជាពលរដ្ឋ ដែលរស់នៅក្បែរទីតាំងខាងលើ បានរាយការណ៍ជូនអាជ្ញាធរថា មានការលួចលាក់លេងហ្គេមបាញ់ត្រី ទើបនៅល្ងាចថ្ងៃដដែលនេះ កម្លាំងអាជ្ញាធរចម្រុះបានចុះមកធ្វើការបង្ក្រាបជាក់ស្តែងតែម្តង ។
លោកបន្តថា ចំពោះទីតាំងខាងលើនេះ អាជ្ញាធរខណ្ឌយើងបានធ្វើការតាមដានជាង១ខែទៅហើយ មុនឈានដល់ការចុះបង្ក្រាប ព្រោះទីតាំងមួយនេះ លួចលាក់លេងនៅតែពេលរាត្រីប៉ុណ្ណោះ ពោលគឺលេងចាប់ពីម៉ោង៩យប់ រហូតដល់ម៉ោង៤ទៀបភ្លឺ ទើបបិទអាជីវកម្ម ។ លើសពីនេះ បើតាមប្រភពព័ត៌មានពីប្រជាពលរដ្ឋនៅក្បែរនោះបានឱ្យដឹងថា ទីតាំងមួយនេះ រាល់ពេលយប់ឡើងតែងតែមានការវាយតប់គ្នាស្ទើររាល់ថ្ងៃពីសំណាក់ក្រុមក្មេងស្ទាវ ដែលចេញពីទីតាំងហ្គេមបាញ់ត្រីខាងលើ ដែលជាហេតុនាំឱ្យបងប្អូនប្រជាពលរដ្ឋយើងមានការភ័យខ្លាចជាខ្លាំងចំពោះទីតាំងមួយនេះ ។
ក្នុងការបង្ក្រាបនេះដែរ អាជ្ញាធរខណ្ឌមានជ័យដកហូតបានកៅអីចំនួន២០, កំព្យូទ័រគិតលុយចំនួន១គ្រឿង, កង្ហារមួយគ្រឿង និងទូរហ្គេមចំនួន២ទូ ដោយក្នុងនោះមិនបានធ្វើការឃាត់ខ្លួនមនុស្សណាម្នាក់ឡើយ គ្រាន់តែធ្វើការអប់រំដល់ម្ចាស់ទីតាំងរួចធ្វើកិច្ចសន្យាបញ្ចប់សកម្មភាពនេះទៅថ្ងៃមុនទៀត ។
ព័ត៌មានលម្អិតនឹងផ្សាយជូននៅលើទំព័រកាសែតកោះសន្តិភាព





ចែករំលែកព័តមាននេះ