ខេត្តបន្ទាយមានជ័យ ៖ ស្ត្រីទីទ័លក្រមានកូនប្រុសស្រីរហូត៤នាក់ក្នុងបន្ទុកទាំងវ័យក្មេងដែលប្តីត្រូវឃាតករជាពលករខ្មែរដូចគ្នាកាប់ស្លាប់នៅខេត្តសាមុទ្រប្រាកាន ប្រទេសថៃកាលពីម៉ោងជាង៤រសៀល ថ្ងៃទី២៥ តុលា ២០១៥ បានមកដល់កម្ពុជាហើយកាលពីម៉ោងជាង៩យប់ ថ្ងៃទី២៨ តុលា។
នាងទិត្យ ផល្ល័ក ក្នុងវ័យ25ឆ្នាំ ជាមួយកូនប្រុសស្រីឱបពីមុខឱបពីក្រោយដៃបីត្រកងធាតុប្តីដែលភាគីថៃវេចក្រណាត់សដាក់ឲ្យក្នុងកេសក្រដាស់នោះដើរចូលផ្ទះក្នុងភូមិប្រជាធម្មលិច សង្កាត់ផ្សារកណ្តាល ក្រុងប៉ោយប៉ែត ទាំងបង្ហូរទឹកភ្នែក ដោយសាច់ញាតិរង់ចាំទទួលទាំងយំទ្រហឹង។
ស្ត្រីប្តីស្លាប់ម្នាក់នេះបានរៀបរាប់ថា ប្តីនាងត្រូវឃាតករកាប់ស្លាប់ក្នុងថ្លុកឈាមនៅកន្លែងកើតហេតុដោយឃាតករនោះកាប់ប្តីនាងដាច់សសៃកែងជើងនៅកន្លែងផឹកស៊ីមិនអាចរត់រួច។ មិនតែប៉ុណ្ណោះនាងរៀបរាប់ទាំងបង្ហូរទឹកភ្នែកថា ក្រោយប្តីស្លាប់ចង់យកសពប្តីមកស្រុកដើម្បីឲ្យសាច់ញាតិឃើញមុខក៏គ្មានប្រាក់ឲ្យគេដែរ ត្រូវបង្ខំចិត្តឲ្យគេបូជាលើទឹកដីថៃ។
នាងបញ្ជាក់ថា ការដង្ហោយរកការអន្តរាគមន៍ជួយពីមន្ត្រីកម្ពុជាតាមទូរស័ព្ទជាច្រើនលើកបានត្រឹមតែសួរពីកន្លែងកើតហេតុ និងថា ចាំជួយ ទីបំផុតសូម្បីតែម្នាក់ក៏មិនឃើញចុះដល់កន្លែងកើតហេតុដើម្បីសួរនាងឡើយ។
នាងបន្តថា ដោយការអាណិតអាសូរពីពលរដ្ឋថៃគេនាំគ្នារៃអង្គាសប្រាក់ឲ្យបានថ្លៃបូជា៧៥០០បាត និងការចំណាយលើការចាត់ចែងផ្សេងៗ។ ស្ត្រីខាងលើប្រាប់ថា ឃាតករជាខ្មែរដែលសម្លាប់ប្តីនាងត្រូវបានសមត្ថកិច្ចថៃចាប់ខ្លួនបានហើយៗនាងក៏បានទៅឃើញឃាតករនោះដល់មន្ទីរឃុំឃាំងរបស់ថៃផងដែរ។
ជុំវិញការចោទប្រកាន់នេះ មន្ត្រីកម្ពុជាប្រចាំប្រទេសថៃដែលមានទំនាក់ទំនងទូរស័ព្ទជាមួយស្ត្រីខាងលើមិនអាចទាក់ទងសុំការបំភ្លឺបានទេ៕



ចែករំលែកព័តមាននេះ