ADផ្ទាំងផ្សព្វផ្សាយពាណិជ្ជកម្ម

Picture

សម្តេច​ ហេង សំរិន ផ្តល់​ប្រាក់​ម្នាក់​១​ម៉ឺន​ដុល្លារ​ជូន​តំណាង​រាស្ត្រ​រងគ្រោះ រីឯ​សម្តេច​តេជោ ប្រកាស​ឱ្យ​សមត្ថ​កិច្ច​ចាប់​ខ្លួន​ជន​ដៃ​ដល់

8 ឆ្នាំ មុន

រាជធានី​ភ្នំពេញ ៖ សម្តេច​អគ្គ​មហា​សេនាបតី​តេជោ ហ៊ុន សែន នាយក​រដ្ឋ​មន្ត្រី​នៃ​ព្រះ​រាជា​ណា​ចក្រ​កម្ពុជា ប្រកាស​ជា​ផ្លូវ​ការ សូម​ឱ្យ​សមត្ថ​កិច្ច​តាម​ចាប់​ខ្លួន​ជន​ដៃ​ដល់​ដែល​ប្រព្រឹត្ត​ហិ.ង្សា​លើ​អ្នក​តំណាង​រាស្ត្រ​ទាំង​ពីរ ។

រាជធានី​ភ្នំពេញ ៖ សម្តេច​អគ្គ​មហា​សេនាបតី​តេជោ ហ៊ុន សែន នាយក​រដ្ឋ​មន្ត្រី​នៃ​ព្រះ​រាជា​ណា​ចក្រ​កម្ពុជា ប្រកាស​ជា​ផ្លូវ​ការ សូម​ឱ្យ​សមត្ថ​កិច្ច​តាម​ចាប់​ខ្លួន​ជន​ដៃ​ដល់​ដែល​ប្រព្រឹត្ត​ហិង្សា​លើ​អ្នក​តំណាង​រាស្ត្រ​ទាំង​ពីរ ។ មិន​អាច​យោគ​យល់ និង​អត់​ឱន​ឱ្យ​ចំពោះ​អ្នកប្រព្រឹត្ត បើ​ទោះ​បី​ជា​អ្នក​នោះ​ជា​អ្នក​ណា​ក៏ដោយ ទាំង​អ្នក​គាំទ្រ​គណ​បក្ស​ប្រជា​ជន គាំទ្រ​រាជ​រដ្ឋា​ភិបាល ឬ​គាំ​ទ្រ​បក្ស​ប្រឆាំង ឬ​អ្នក​ណា​ក៏​ដោយ​ដែល​ប្រព្រឹត្ត​អំពើ​ដ៏​ថោក​ទាប​នេះ គឺ​ត្រូវ​តែ​ចាប់​យក​មក​ផ្តន្ទា​ទោស​ឱ្យ​ខាន​តែ​បាន ។

សម្តេច​អគ្គ​មហា​សេនាបតី​តេជោ ហ៊ុន សែន បាន​ប្រកាស​ជា​ផ្លូវ​ការ​នា​យប់​ថ្ងៃ​ទី​២៨ តុលា ២០១៥ តាម​កញ្ចក់​ទូរទស្សន៍​ជាតិ​កម្ពុជា ទាក់​ទិន​នឹង​ព្រឹត្តិ​ការណ៍​នយោ​បាយ​ដែល​មាន​បាតុ​កម្ម​ថ្មីៗ​កន្លង​ទៅ នៅ​វិមាន​មុខ​រដ្ឋ​សភា​ជាតិ ។

សម្តេច​តេជោ​នាយក​រដ្ឋ​មន្ត្រី​បាន​ចាត់​ទុក​ថា ទោះ​បី​រឿង​អ្វី​ក៏​ដោយ មិន​ត្រូវ​ឱ្យ​មាន​អំពើ​ហិង្សា​កើត​ឡើង​ជា​ដាច់​ខាត មិន​ត្រឹម​តែ​ប៉ះ​ពាល់​ទៅ​លើ​រូប​រាង​កាយ​នៃ​អ្នក​តំណាង​រាស្ត្រ​ដែល​មាន​អភ័យ​ឯក​សិទ្ធិ​ទេ ។ បើ​ទោះ​បី​ជា​ប្រជា​ពល​រដ្ឋ​ធម្មតា ក៏​មិន​ត្រូវ​ទទួល​ផល​ប៉ះ​ពាល់​ណា​មួយ​ដែល​​ចេញ​មក​ពីអំពើ​ហិង្សា​​នោះ​ដែរ ។

ជា​មួយ​គ្នា​នេះ សម្តេច​ប្រធាន​រដ្ឋ​សភា​បាន​ផ្តល់​ប្រាក់​ដល់​អ្នក​តំណាង​រាស្ត្រ​ក្នុង​ម្នាក់​១​ម៉ឺន​ដុល្លារ​សហ​រដ្ឋ​អាមេ​រិក​សម្រាប់​ការ​ព្យា​បាល​ ចំពោះ​លោក​អ្នក​តំណាង​រាស្ត្រ​ទាំង​ពីរ​រូប​សរុប​២​ម៉ឺន​ដុល្លារ​សហ​រដ្ឋ​អាមេរិក ។

សម្តេច​តេជោ​​មាន​ប្រសាសន៍​ថា នៅតែ​បន្ត​ការ​ស្នើ​សុំ​ចំពោះ​រដ្ឋ​សភា​ជាតិ សូម​ឱ្យ​មាន​ការ​ទទួល​ខុស​ត្រូវ​ក្នុង​ការ​ព្យា​បាល​សម្រាប់​តំណាង​រាស្ត្រ​ទាំង​ពីរ​រូប​នេះ កុំថា ១ម៉ឺន​ដុល្លារ ច្រើន​ជាង​នេះ​ក៏​ត្រូវ​តែ​ធ្វើ​ការ​ព្យា​បាល ។ ការ​ខូច​ខាត​ចំពោះ​រថយន្ត​ក៏​ត្រូវ​តែ​សំណូម​ពរ​ដល់​រដ្ឋ​សភា​ផ្តល់​ថវិកា​សម្រាប់​​ការ​ជួស​ជុល ដើម្បី​ឱ្យ​រថយន្ត​នេះ ប្រើ​ប្រាស់​បាន​ឡើង​វិញ ។

ប្រទេស​កម្ពុ​ជា​របស់​យើង​ជា​ប្រទេស​ប្រជាធិប​តេយ្យ​ និង​នីតិ​រដ្ឋ ។ សិទ្ធិ​ធ្វើ​បាតុ​កម្ម គឺ​ត្រូវមាន ក៏ប៉ុន្តែ​​បាតុ​កម្ម​មិនត្រូវ​ឱ្យ​មាន​អំពើ​ហិង្សា​ណា​មួយ​កើតឡើង​ទេ មិនថា ចំពោះ​តែ​អ្នក​តំណាង​រាស្ត្រ​ទេ សូម្បី​តែ​ប្រជា​ពល​រដ្ឋ​ក៏​មិន​ត្រូវ​ទទួល​រង​នូវ​អំពើ​ហិង្សា​បែប​នេះ​ដែរ ។

អ្វី​ដែល​គួរ​ឱ្យ​ចម្លែក​នៅ​ត្រង់​ថា នៅ​ទី​នោះ បាតុ​ករ​បាន​រំសាយ​មុន​ម៉ោង​១១​ព្រឹក​ហើយ ឧប្បត្តិ​ហេតុ​បាន​កើត​ក្រោយ​ម៉ោង១២ និង​ពុំ​មាន​ហ្វូង​បាតុ​ករ​ទេ ។ តើ​មនុស្ស​នេះ​ចេញ​មក​ពីណា?

សម្តេច​តេជោ​នាយក​រដ្ឋ​មន្ត្រី​បាន​បញ្ជា​ដល់​កម្លាំង​ថ្ងៃ​នេះ បើ​ទោះ​បី​ចេញ​ដំណើរ​ក៏​ដោយ ក៏​ត្រូវ​តាម​រក​ចាប់​ខ្លួន​ចំពោះ​អ្នក​ទាំង​នេះ​ឱ្យ​ខាន​តែ​បាន ដើម្បី​ផ្តន្ទា​ទោស​ទៅ​តាម​ច្បាប់ ។

ខ្ញុំ​សូម​អំពាវ​នាវ​​ចំពោះ​អ្នក​ជាប់​ពាក់​ព័ន្ធ​ទាំង​អស់​ សូម​ធ្វើ​កិច្ច​សហ​ប្រតិ​បត្តិ​ការ​ជា​មួយ​នឹង​អាជ្ញា​ធរ​មាន​សមត្ថ​កិច្ច ដើម្បី​ស្វែង​រក​ការ​ចាប់​ខ្លួន ចំពោះ​អ្នក​ទាំង​នេះ​ ជន​ដៃ​ដល់។ ក្នុង​នោះ​មាន​ទាំង​អ្នក​បើក​បរ​រថយន្ត សាមីខ្លួន​​អ្នក​តំណាង​រាស្ត្រ​ផ្ទាល់ និង​អ្នក​ថត​វីដេអូ​ ថត​រូប​ដែល​បង្ហោះ​តាម​ហ្វេសប៊ុក​ទាំង​ឡាយ សូម​មេត្តា​ផ្តល់​រូប​ភាព​ទាំង​នោះ​ឱ្យ​មក​សមត្ថ​កិច្ច ដើម្បី​ឱ្យ​សមត្ថ​កិច្ច​អាច​ងាយ​រក​ឃើញ​នូវ​អត្ត​សញ្ញាណ​របស់​អ្នក​ប្រព្រឹត្ត​បទ​ល្មើស ។ កិច្ច​សហ​ប្រតិ​បត្តិ​ការ​របស់​អ្នក​ជាប់​ពាក់​ព័ន្ធ បើ​គ្មាន​ការ​សហ​ការ​ពី​ជន​រងគ្រោះ​ផ្តល់​នូវ​ព័ត៌​មាន​ហេតុ​ការណ៍​ដែល​កើត​ឡើង អ្នក​ដែល​ចូលរួម​នៅ​ក្នុង​ព្រឹត្តិ​ការណ៍​នេះ វា​ពិតជា​មាន​ការ​លំបាក​នៅ​ក្នុង​ការ​ស្វែង​រក ។

ដូច្នេះខ្ញុំ​សង្ឃឹម​ថា អ្នក​ជាប់​ពាក់​ព័ន្ធ​ទាំង​អស់​រាប់​ទាំង​អ្នក​តំណាង​រាស្ត្រ​ទាំង​ពីរ​រូប នឹង​ផ្តល់​នូវ​កិច្ច​សហ​ប្រតិ​បត្តិ​ការ​ពេញ​លេញ​ជា​មួយ​នឹង​អាជ្ញា​ធរ​មាន​សមត្ថ​កិច្ច បង​ប្អូន​ជន​រួម​ជាតិ​ដែល​ថត​រូប​បាន គឺ​ផ្តល់​នូវ​រូប​ភាពទាំង​នោះ ដើម្បី​ឱ្យ​យើង​ចាត់​វិធាន​ការណ៍​តាម​ផ្លូវ​ច្បាប់ ដោយ​គ្មាន​ការ​លើក​លែង និងគ្មាន​ការ​រើស​អើង ។  នៅ​កម្ពុជា​មាន​ស្តង់ដា​តែ​មួយ​ទេ អ្នក​ប្រព្រឹត្ត​កំហុស​ គឺ​ត្រូវ​ទទួល​ផ្តន្ទា​ទោស​តាម​ច្បាប់ ។

សង្ឃឹម​ថា នឹង​មាន​កិច្ច​សហ​ប្រតិ​បត្តិ​ការ​ដ៏​ល្អ និង​អំពាវ​នាវ​ប្រជា​ពល​រដ្ឋ​ស្ងប់​ស្ងាត់​ ការរក​ទទួល​ទាន​នៅ​តែបន្ត​ធ្វើ ។ រឿង​នេះ​បាន​​កើត​ឡើង ដោយ​គួរ​ឱ្យ​សោក​ស្តាយ​នៅ​ទីនេះ ការ​ប្រើ​ប្រាស់​សិទ្ធិ​បាន​ប្រើ​ប្រាស់​រួច​ទៅ​ហើយ ក៏​ប៉ុន្តែ​រឿង​រ៉ាវ​បាន​កើត​ក្រោយ​ពេល​ការ​ប្រើ​ប្រាស់​សិទ្ធិ​ជា​រឿង​ដ៏​ចម្លែក… ។

ប៉ុន្តែ​ទោះ​បី​រឿង​ដ៏​ចម្លែក ឬ​មិន​ចម្លែ បញ្ហា​ធំ​ជាងគេ គឺចាប់​មនុស្ស​ឱ្យ​បាន ហើយ​កាត់​ទោស​អ្នក​ទាំង​នេះ ។

សម្តេច​អំពាវ​នាវ​អ្នក​ដែល​បាន​ប្រព្រឹត្ត​នូវ​អំពើ​ទាំង​នេះ បើ​សិន​ជា​ចេញ​សារ​ភាព គឺ​ជា​ការ​ល្អ​បំផុត ដើម្បី​ទទួល​ខុស​ត្រូវ​ចំពោះ​មុខ​ច្បាប់ ។ ខ្ញុំ​សង្ឃឹមថា នឹង​មាន​កិច្ច​សហ​ប្រតិ​បត្តិ​ការ​ល្អ​យ៉ាង​ពេញ​លេញ ហើយ​សង្ឃឹម​ទៅ​លើ​អាជ្ញា​ធរ​មាន​សមត្ថ​កិច្ច​ ពិសេស​កម្លាំង​ប្រដាប់​អាវុធ​ គឺ​មាន​​នគរ​បាល ក៏​ដូច​ជា​មន្ត្រី​យុត្តិ​ធម៌​ទាំង​ឡាយ​ធ្វើ​កិច្ច​ការ​ដ៏ល្អ ។

សូម​អំពាវ​នាវ​អ្នក​ដែល​ដឹង​រឿង​រ៉ាវ​ទាំង​ឡាយ​ផ្តល់​ព័ត៌​មាន​ឱ្យ​សមត្ថ​កិច្ច ដើម្បី​ចាប់​ខ្លួន​អ្នក​ប្រព្រឹត្ត​អំពើ​ហិង្សា​យក​មក​ផ្ត​ន្ទា​ទោស​តាម​ផ្លូវ​ច្បាប់ ៕