ខេត្តព្រះសីហនុ ៖ ជនសង្ស័យម្នាក់ ក្នុងចំណោមបក្សពួក៣នាក់ ត្រូវកម្លាំងសមត្ថកិច្ចស្រុកព្រៃនប់ធ្វើការបង្ក្រាបបាន បន្ទាប់ពីសកម្មភាពប្លន់ម៉ូតូរួច បម្រុងជិះគេចខ្លួនទៅរាជធានីភ្នំពេញ កាលពីវេលាម៉ោង០៨ និង២០នាទីយប់ថ្ងៃទី២៨ តុលា ២០១៥ ស្ថិតនៅតាមបណ្តោយផ្លូវជាតិលេខ០៤ ត្រង់ចំណុចបឹងត្រាច ឃុំចំការហ្លួង ស្រុកកំពង់ ខេត្តព្រះសីហនុ ។
ប្រភពបានឱ្យដឹងថា ជនសង្ស័យឈ្មោះចាន់ ក្តិប អាយុ៤០ឆ្នាំ មានស្រុកកំណើតនៅខេត្តកំពង់ស្ពឺ ។ ចំណែកជនរងគ្រោះជាម្ចាស់ម៉ូតូឈ្មោះវន ពិសិដ្ឋ ជាបុគ្គលិកធនាគារ មានទីលំនៅក្នុងភូមិបឹងវែង ឃុំវាលរេញ ស្រុកព្រៃនប់ ជិះម៉ូតូធុន C125 ស៊េរី២០១៥ ពាក់ស្លាកលេខ 1FJ-0312 ។
ប្រភពបន្តថា មុនពេលកើតហេតុនៅវេលាម៉ោង០៨ថ្ងៃដដែល ជនរងគ្រោះបានជិះម៉ូតូខាងលើ មកអង្គុយញ៉ាំបង្អែមនៅមុខកន្លែងស្នាក់នៅ ហើយមានជនសង្ស័យ ក៏មកអង្គុយហូបក្បែរគ្នានោះដែរ ។ មិនយូរប៉ុន្មាន ជនសង្ស័យនោះ បានឆក់យកសោម៉ូតូពីជនរងគ្រោះមកសំដៅម៉ូតូ ហើយក៏ដកកាំភ្លើងខ្លីភ្ជង់ទៅលើជនរងគ្រោះ រួចក៏ជិះសំទៅទៅរាជធានីភ្នំពេញ និងបក្សពួក២នាក់ទៀតដែលជិះម៉ូតូមួយគ្រឿងទៀតម៉ាកស្មាស់ ក៏ជិះតាមក្រោយ ។
បន្ទាប់ពីកើតហេតុ ក៏មានភ្ញាក់ផ្អើលដល់កម្លាំងកងរាជអាវុធហត្ថស្រុកព្រៃនប់កំពុងល្បាតនោះ ក៏សហការជាមួយប៉ូលិសមូលដ្ឋាន ដាក់ពួនស្ទាក់ និងមានការប្រដេញពីក្រោយ រហូតមកដល់ចំណុចភូមិបឹងត្រាច (ចំណុចឃាត់ខ្លួន) ជនសង្ស័យខាងលើ បានបាញ់មកលើសមត្ថកិច្ច១គ្រាប់ តែត្រូវកម្លាំងបាញ់តដៃវិញត្រូវជើង បណ្តាលឱ្យរងរបួសរួចក៏ឃាត់ខ្លួន រួមទាំងកាំភ្លើងខ្លីមួយដើមផង
ដែរ រីឯបក្សពួក២នាក់បានជិះគេចខ្លួនបាត់ ។



ចែករំលែកព័តមាននេះ