ខេត្តបាត់ដំបង ៖ សំណុំរឿងគ្រូពេទ្យចម្លងអេដស៍នៅឃុំរកា ស្រុកសង្កែ ត្រូវបានបញ្ចប់ជាស្ថាពរហើយនៅម៉ោង៧ និង៣០នាទីយប់ ថ្ងៃទី២៨ តុលា បន្ទាប់ពីសវនាការនេះបានដំណើរការយ៉ាងតឹងតែង និងក្រោមកិច្ចរការពារយ៉ាងប្រុងប្រយ័ត្នបំផុតរបស់សមត្ថកិច្ចអស់រយៈពេល៥ថ្ងៃកន្លងទៅនេះ ប៉ុន្តែត្រូវបានចៅក្រមជំនុំជំរះ លើកពេលប្រកាសសាលក្រមទៅដើមខែធ្នូខាងមុខវិញ។
សវនាការនៅថ្ងៃចុងក្រោយនេះ ត្រូវចៅក្រមធ្វើការសួរដេញដោលយ៉ាងតឹងតែងទៅលើជនត្រូវចោទឈ្មោះយ៉ែម ជ្រិន អំពីសក្ខីកម្មនានាដែលជនរងគ្រោះបានឆ្លើយដាក់បន្ទុក និងយោងទៅលើភស្ដុតាងជាច្រើនដែលមន្ត្រីជំនាញបានរកឃើញ ដែលនាំឲ្យមានការពន្យាពេលរហូតដល់ម៉ោង៧ និង៣០នាទីយប់ ទើបត្រូវបញ្ចប់។
ប្រធានក្រុមប្រឹក្សាចៅក្រមជំនុំជំរះ លោកស្រីយិច ឈាណាវី មិនបានប្រកាសសាលក្រមភ្លាមៗទេ លើសំណុំរឿងលោកគ្រួពេទ្យចម្លងអេដស៍រូបនេះ។ លោកស្រីបានប្រកាសនៅចំពោះមុខជនត្រូវចោទ និងជនរងគ្រោះ រួមទាំងអ្នកចូលរួមផងថា តុលាការបានសម្រេចលើកពេលប្រកាស«សាលក្រម»នេះនៅថ្ងៃទី០៣ ធ្នូ ២០១៥។
គ្រួពេទ្យយ៉ែម ជ្រិន ត្រូវបានឆ្មាំពន្ធនាគារវាយខ្នោះក្រពាត់ដៃទៅក្រោយក្រៀកបណ្ដើរចេញពីបន្ទប់សវនាការរុញឡើងរថយន្តដែលមានទ្រុងបិទជិតដឹកឆ្ពោះទៅកាន់មន្ទីរឃុំឃាំងវិញទាំងយប់ ក្រោមតំណក់ទឹកភ្នែករបស់សាច់ញាតិជាច្រើននាក់ ដែលតាមមើលមិនប៉ប្រិចភ្នែក ខណៈកម្លាំងសមត្ថកិច្ចចំរុះរាប់សិបនាក់ ចោមរោមការពារយ៉ាងប្រុងប្រយ័ត្នបំផុត៕










ចែករំលែកព័តមាននេះ