ខេត្តកំពត ៖ ក្រុមហ៊ុនទំនប់វារីអគ្គិសនីកំចាយ ស៊ីណូហាយដ្រូ ប្រកាសឱ្យដឹងថា ក្រុមហ៊ុនបានចំណាយថវិកាប្រមាណ៤០ម៉ឺនដុល្លារ ក្នុងមួយឆ្នាំលើគម្រោងស្តារបរិស្ថានឡើងវិញ នៅខេត្តកំពត ។ នេះបើតាមការអះអាងរបស់លោក អ៊ុក ចាន់ឌីណា នាយកឧទ្យានជាតិព្រះមុនីវង្សបូកគោ ថ្លែងកាលពីព្រឹកថ្ងៃទី២៨ តុលា ក្នុងពិធីផ្សព្វផ្សាយច្បាប់ស្តីពីតំបន់ការពារធម្មជាតិ និងផលប្រយោជន៍ធនធានធម្មជាតិព្រៃឈើដល់ប្រជាពលរដ្ឋនៅឃុំម៉ាក់ប្រាង្គ ស្រុកទឹកឈូ ។
បើតាមលោក អ៊ុក ចាន់ឌីណា ដែលជាអនុប្រធានមន្ទីរបរិស្ថានខេត្តផងដែរនោះ បានឲ្យដឹងទៀតថា គម្រោងស្តារបរស្ថានឡើងវិញរបស់ក្រុមហ៊ុនទំនប់វារីអគ្គិសនីកំចាយ ស៊ីណូហាយដ្រូ នេះ ជាគម្រោងមួយក្នុងកិច្ចសន្យារបស់ក្រុមហ៊ុនជាមួយរាជរដ្ឋាភិបាលកម្ពុជា ក្នុងការសាងសង់ទំនប់វារីអគ្គិសនីកំចាយក្នុងតំបន់ឧទ្យានជាតិព្រះមុនីវង្សបូកគោនេះ ។
លោកនាយកឧទ្យាជាតិព្រះមុនីវង្សបូកគោ មានប្រសាសន៍ទៀតថា គម្រោងស្តារបរិស្ថានឡើងវិញនេះ ក៏ជាការឆ្លើយតបទៅនឹងការប្រែប្រួលអាកាសធាតុ ដោយមន្ទីរបរិស្ថានខេត្តកំពត បានចាប់ផ្តើមផ្សព្វផ្សាយឲ្យប្រជាពលរដ្ឋបានយល់ពីកិច្ចការពារបរិស្ថាន និងសារសំខាន់នៃធនធានធម្មជាតិព្រៃឈើ ។ជាមួយគ្នានេះ គម្រោងបានរៀបចំថ្នាលបណ្តុះកូនឈើសម្រាប់ដាំដុះឡើងវិញនៅតំបន់ព្រៃរេចរឹលផងដែរ ។
បើតាមលោក អ៊ុក ចាន់ឌីណា បានឲ្យដឹងថា ចំពោះការផ្សព្វផ្សាយច្បាប់ស្តីពីតំបន់ការពារបរិស្ថាន និងផលប្រយោជន៍នៃធនធានធម្មជាតិព្រៃឈើនេះ នឹងធ្វើឡើងនៅភូមិឃុំដែលនៅជុំវិញតំបន់ទំនប់វារីអគ្គិសនីកំចាយ រួមមានភូមិចំនួន២២ ស្ថិតក្នុងក្រុងកំពត ស្រុកទឹកឈូ និងស្រុកឈូក ។
ក្រុមហ៊ុន ស៊ីណូហាយដ្រូ ដែលជាក្រុមហ៊ុនរដ្ឋរបស់ប្រទេសចិនមួយនេះ បានចុះកិច្ចព្រមព្រៀងជាមួយរាជរដ្ឋាភិបាលកម្ពុជា កាលពីថ្ងៃទី២៣ ខែកុម្ភៈ ឆ្នាំ២០០៦ សាងសង់ទំនប់វារីអគ្គិសនី ដែលផលិតថាមពលបាន១៩៣,២មេហ្កាវ៉ាត់ ក្នុងទឹកប្រាក់២៨០លានដុល្លាអាមេរិក ៕



ចែករំលែកព័តមាននេះ