ខេត្តត្បូងឃ្មុំ ៖ អង្គកឋិនទាន៣រួមគ្នា ដង្ហែចូលវត្តទួលទ្រាត្បូង ស្ថិតនៅឃុំជុប ស្រុកត្បូងឃ្មុំ ដែលកំពុងជួបការខ្វះខាតបច្ច័យកសាងសមិទ្ធផលនានា សម្រាប់បម្រើឲ្យវិស័យព្រះពុទ្ធសាសនា ដោយបានធ្វើឡើងយ៉ាងអធិកអធម នាព្រឹកថ្ងៃទី២៨ តុលា ២០១៥ នេះ ដោយមានការចូលរួមពីសំណាក់ពុទ្ធបរិស័ទជិតឆ្ងាយ ព្រមទាំងអាជ្ញាធរខេត្ត មន្ត្រីរាជការគ្រប់លំដាប់ថ្នាក់ផងដែរ ។
លោក ប្រាជ្ញ ចន្ទ អភិបាលខេត្ត បានមានប្រសាសន៍ថា រូបលោក និងអភិបាលរងខេត្ត ព្រមទាំងមន្ត្រីរាជការសាលាខេត្តទាំងមូលបានឯកភាពគ្នាដោយធ្វើអង្គកឋិនទាននៅថ្ងៃទី២៧ តុលា ២០១៥ ដើម្បីប្រមូលបច្ច័យកសាងសមិទ្ធផលនានាក្នុងវត្តទួលទ្រាត្បូងដែលកំពុងជួបកង្វះខាតនោះ ។
លោកអភិបាលខេត្ត បានបន្តថា វត្តនេះចាប់ផ្តើមកសាងតាំងពីឆ្នាំ១៩៧៩ ហើយសមិទ្ធផលនានាក៏មានការរីកចម្រើនជាបន្តបន្ទាប់គួរឲ្យកត់សម្គាល់ផងដែរ និងមានព្រះចៅអធិការវត្តចំនួន៣អង្គ គឺ ព្រះចៅអធិការវត្តអង្គទី១ និងទី២ បានទទួលអនិច្ចធម្ម ដោយឡែក ព្រះចៅអធិការវត្តទី៣កំពុងគ្រប់គ្រងវត្តសព្វថ្ងៃនេះ មានភិក្ខុនិងសាមណេរសរុងទាំងអស់ជាង១០០អង្គ ។
លោកបន្តទៀតថា ដោយសារតែនៅវត្តខាងលើនេះ ត្រូវការបច្ច័យសម្រាប់កសាងមហាកុដិកម្ពស់៣ជាន់ មាន៥២បន្ទប់ តាមគម្រោងត្រូវកសាងឲ្យបានរួចរាល់
នៅឆ្នាំ២០២២ ខាងមុខនេះ ដោយមានតម្រូវការបែបនេះហើយ ទើបមន្ត្រីរាជការស្ថាប័នមន្ទីរនានាជុំវិញខេត្តរួមសហការគ្នាធ្វើអង្គកឋិនទាននៅថ្ងៃទី២៧ តុលា ២០១៥
និងដង្ហែជាមួយអង្គកឋិនទានចំនួន២ផ្សេងទៀត នាព្រឹកថ្ងៃទី២៨ តុលា មកកាន់វត្តទួលទ្រាត្បូង ប្រមូលបានបច្ច័យសរុបចំនួន២០៤.៣០០.០០០រៀល ៕
ព័ត៌មានលម្អិតមានផ្សាយជូននៅលើទំព័រកាសែតកោះសន្តិភាព




ចែករំលែកព័តមាននេះ