រាជធានីភ្នំពេញ ៖ លោករដ្ឋមន្ត្រីក្រសួងអប់រំ យុវជន និងកីឡា បានអះអាងថា ក្រសួងនៅខ្វះគ្រូបង្រៀនកម្រិតវិទ្យាល័យផ្នែកគណិតវិទ្យា និងវិទ្យាសាស្ត្រចំនួន ៣ ៧០០នាក់ ប៉ុន្តែគ្រូបង្រៀននៅកម្រិតអនុវិទ្យាល័យលើសចំនួន៣០០០នាក់ ។
ថ្លែងប្រាប់ក្រុមអ្នកសារព័ត៌មានកាលពីរសៀលថ្ងៃទី២៧ តុលា ក្នុងពិធីសម្ពោធវិធីសាស្ត្របង្រៀនគណិត្យវិទ្យាថ្មីរបស់ចក្រភពអង់គ្លេសស្តីពី «ល្បែងល្បងប្រាជ្ញាគណិតវិទ្យា» លោករដ្ឋមន្ត្រី ហង់ ជួនណារ៉ុន មានប្រសាសន៍ថា បញ្ហាខ្វះគ្រូបង្រៀនបណ្តាលឲ្យនាយកសាលាមួយចំនួនសម្រេចយកគ្រូកម្រិតអនុវិទ្យាល័យទៅបង្រៀនថ្នាក់កម្រិតវិទ្យាល័យ ។ ដូច្នេះ គ្រូកម្រិតអនុវិទ្យាល័យមិនសូវមានសមត្ថភាពបង្រៀនថ្នាក់កម្រិតវិទ្យាល័យនោះទេ ដែលជាហេតុទាមទារឲ្យមានការបណ្តុះបណ្តាល ។
លោករដ្ឋមន្ត្រីបន្តថា គ្រូកម្រិតថ្នាក់ទាបមិនអាចបង្រៀនថ្នាក់ដែលហួសពីសមត្ថភាព ឬចំណេះដឹងនោះទេ ដូចជាគ្រូអនុវិទ្យាល័យមិនអាចទៅបង្រៀនកម្រិតវិទ្យាល័យ ឬគ្រូវិទ្យាល័យទៅបង្រៀនកម្រិតឧត្តមបានឡើយ ។ ដូច្នេះ ត្រូវតែធ្វើការបណ្តុះបណ្តាលគាត់ មិនដូចការលើកឡើងថា មានគ្រូមួយចំនួនខ្វះសមត្ថភាពទៅបង្រៀនថ្នាក់ខ្ពស់នោះទេ ។
ចំពោះបញ្ហាគ្រូបង្រៀនកម្រិតទាបទៅបង្រៀនកម្រិតខ្ពស់នេះ លោករដ្ឋមន្ត្រីគូសបញ្ជាក់ «អីុចឹង ក្រសួងបានបង្កើតកម្មវិធីមួយហៅថា បង្កើនសមត្ថភាពគ្រូបង្រៀន តាមរយៈការបណ្តុះបណ្តាលគ្រូបង្រៀនដែលមានកម្រិតទាប ។ ក្រៅពីធ្វើការបណ្តុះបណ្តាលគ្រូក្រសួងនឹងធ្វើកំណែទម្រង់សាលាគោរុកោសល្យផងដែរ» ។
ព័ត៌មានលម្អិតនឹងផ្សាយជូននៅលើទំព័រកាសែតកោះសន្តិភាព



ចែករំលែកព័តមាននេះ