ខេត្តមណ្ឌលគិរី ៖ មន្ត្រីសាខាកាំកុងត្រូលខេត្ត ដឹកនាំដោយលោក ចាន់ វាសនា ប្រធានសាខាកាំកុងត្រូល ដោយសហការជាមួយមន្ទីរពាណិជ្ជកម្មខេត្ត នគរបាលប្រឆាំងបទល្មើសសេដ្ឋកិច្ច និងអាជ្ញាធរដែនដី ចុះពិនិត្យទំនិញវេចខ្ចប់ស្រាប់ និងម្ហូបអាហារ កាលពីព្រឹកថ្ងៃទី២៧ តុលា ២០១៥ នៅឃុំស្រែសង្គម ស្រុកកោះញែក ដោយរកឃើញទំនិញខួចគុណភាពជិត៥០០គីឡូក្រាម យកទៅដុតកម្ទេចចោល ។
លោក ចាន់ វាសនា បានឱ្យដឹងថា ក្នុងការចុះត្រួតពិនិត្យខាងលើនេះ ផ្តោតទៅលើទំនិញវេចខ្ចប់ស្រាប់ ជាពិសេសទំនិញហួសកាលបរិច្ឆេទប្រើប្រាស់ ទំនិញគ្មាន អនាម័យ និងទំនិញគ្មានសុវត្ថិភាព ព្រមទាំងដកហូតយកទៅកម្ទេចចោល ដើម្បីការពារផលប្រយោជន៍ និងសុខភាពអ្នកប្រើប្រាស់ ។
ទន្ទឹមនឹងនេះដែរ ក្រុមការងារក៏បានធ្វើការណែនាំអាជីវករឱ្យចៀសវាងប្រើប្រាស់សារធាតុគីមីបន្ថែមទៅលើផលិតផលម្ហូបអាហារ និងបានពន្យល់ដល់អាជីវករឱ្យយល់ដឹងពីអនាម័យ និងការរៀបចំទំនិញលក់ដូរឱ្យមានសណ្តាប់ធ្នាប់តាមប្រភេទទំនិញហូបចុក ទំនិញប្រើប្រាស់ដាក់ឱ្យដាច់ដោយឡែកពីគ្នា ។
លោក ចាន់ វាសនា បានបញ្ជាក់ថា ក្នុងការចុះត្រួតពិនិត្យនេះដែរ បានរកឃើញទំនិញខូចគុណភាព ដូចជា មីកញ្ចប់ ងៀតគោកញ្ចប់ ស្រាបៀរ Expert ភេសជ្ជៈម៉ាក
forstar និងនំកញ្ចប់ផ្សេងៗ សរុបប្រមាណជិត៥០០គីឡូក្រាម ហើយរាល់ទំនិញខូចគុណភាពទាំងអស់នេះ ក្រុមការងារបានយកទៅដុតកម្ទេចចោលនៅវេលាម៉ោង១
និង១០នាទីរសៀលថ្ងៃ២៧ តុលា នៅអធិការដ្ឋាននគរបាលស្រុកកោះញែកតែម្តង ៕






ចែករំលែកព័តមាននេះ