រាជធានីភ្នំពេញ ៖ ទីភ្នាក់ងារអភិវឌ្ឍន៍បារាំងប្រចាំកម្ពុជា( AFD ) បានផ្តល់កម្ចីឯករាជ្យដែលមានទំហំឥណទានចំនួន១១លានអឺរ៉ូ ឬប្រមាណជាង១២លានដុល្លារអាមេរិកដល់រាជរដ្ឋាភិបាលកម្ពុជាដើម្បីកសាងសាលាបណ្តុះបណ្តាលវិជ្ជាជីវៈទេសចរណ៍ចំនួន២កន្លែងនៅរាជធានីភ្នំពេញ និងខេត្តព្រះសីហនុ ។
ទន្ទឹមនឹងនោះ AFD ក៏បានផ្តល់ជំនួយឥតសំណងចំនួន១,៥លានអឺរ៉ូ ដល់ក្រសួងទេសចរណ៍ដើម្បីប្រើប្រាស់លើគំរោងពង្រឹងសមត្ថភាពឯកជននៅកម្ពុជា ដែលផ្តោតលើការពង្រឹងភាពជាតំណាងរបស់ផ្នែកឯកជនក្នុងវិស័យទេសចរណ៍ រួមមានការពង្រឹងរចនាសម្ព័ន្ធ សមត្ថភាពសមាគមទេសចរណ៍ ការបណ្តុះបណ្តាលមន្ត្រី ឬគ្រូជំនាញសម្រាប់សាលាបណ្តុះបណ្តាលជាតិជំនាញទេសចរណ៍ និងជួយគណៈកម្មការជាតិ អ្នកជំនាញទេសចរណ៍ជាដើម ។
ពិធីចុះហត្ថលេខាលើកិច្ចព្រមព្រៀងកម្ចី និងផ្តល់ជំនួយឥតសំណងខាងលើត្រូវបានធ្វើឡើងក្រោមអធិបតីភាពសម្តេចអគ្គមហាសេនាបតីតេជោ ហ៊ុន សែន នាយករដ្ឋមន្ត្រីនៃព្រះរាជាណាចក្រកម្ពុជា និងរដ្ឋមន្ត្រីក្រសួងការបរទេសបារាំង កាលពីរសៀលថ្ងៃទី២៦ តុលា ២០១៥ នៅទីក្រុងប៉ារីស៕
ព័ត៌មានលម្អិតនឹងផ្សាយជូនលើទំព័រកាសែតកោះសន្តិភាព


ចែករំលែកព័តមាននេះ