ខេត្តសៀមរាប ៖ កម្លាំងអធិការនគរបាលក្រុងសៀមរាប សហការជាមួយកម្លាំងប៉ូលិសប៉ុស្តិ៍សង្កាត់ស្លក្រាម បានធ្វើការបបង្ក្រាប ទីតាំងលួចលាក់លេងល្បែងស៊ីសងដុះស្លែប្រភេទបៀរអាប៉ោង ដោយឃាត់ខ្លួនអ្នកលេងប្រុសស្រីបានចំនួន៥នាក់ រួចយកមកសាកសួរនៅអធិការដ្ឋាននគរបាលក្រុងសៀមរាប ។
ការបង្ក្រាបនេះ ធ្វើឡើងកាលពីវេលាម៉ោង៣ និង៣០នាទីរសៀលថ្ងៃទី២៧ តុលា ២០១៥ ក្នុងបរិវេណផ្ទះរបស់ឈ្មោះប៊ូល ដែលត្រូវគេចខ្លួនបាត់ ស្ថិតក្នុងភូមិមណ្ឌល៣ សង្កាត់ស្លក្រាម ក្រុងខេត្តសៀមរាប ។
លោកអនុសេនីយ៍ឯកនួន ស័ក្តចំរើនរិទ្ធ អធិការរងនគរបាលក្រុងសៀមរាប ទទួលបន្ទុកព្រហ្មទណ្ឌ បានប្រាប់កោះសន្តិភាពនៅព្រឹកថ្ងៃទី២៨ តុលានេះថា កាលរសៀលថ្ងៃទី២៧ តុលា ក្រោយកម្លាំងជំនាញបានធ្វើការឃាត់ខ្លួនក្រុមអ្នកញៀនលេងល្បែង ស៊ីសងប្រុសស្រីចំនួន៥នាក់ ក្នុងនោះស្រី១នាក់ និងដកហូតសម្ភារបានមួយចំនួន ដែលប្រើប្រាស់ក្នុងការលេងល្បែងភ្នាល់នេះ ប៉ុន្តែត្រូវម្ចាស់ទីតាំងឈ្មោះប៊ូល បានរត់គេចខ្លួនបាត់ ។
លោកបន្តទៀតថា ទីតាំងខាងលើនេះ តាមរយៈការសួរចម្លើយជនដែលញៀនល្បែង ដែលនគរបាលជំនាញធ្វើការឃាត់ខ្លួនទាំងនេះ ពួកគេបានឆ្លើយសារភាពថា មានការលួចលាក់ល្បែងស៊ីសងពិតប្រាកដមែន ដោយពេលខ្លះពួកគេលួចលាក់លេងអាប៉ោង ឬលេងបៀរពិតមែន ហើយកន្លងមក ក៏មានការចុះផ្សាយ និងបានសង្ស័យថា សមត្ថកិច្ចទទួលលាភសក្ការៈពីម្ចាស់ទីតាំងខាងលើនេះដែរ។
ព័ត៌មានលម្អិតនឹងផ្សាយជូននៅលើទំព័រកាសែតកោះសន្តិភាព



ចែករំលែកព័តមាននេះ