ខេត្តព្រះសីហនុ ៖ កាលពីវេលាព្រឹកថ្ងៃទី២៨ តុលា ២០១៥ នេះ ជនសង្ស័យ៣នាក់ ត្រូវកម្លាំងជំនាញនៃស្នងការដ្ឋាននគរបាលខេត្តព្រះសីហនុចាប់បញ្ជូនទៅសាលាដំបូង ដែលជាប់ពាក់ព័ន្ធ៣ករណីផ្សេងគ្នា បន្ទាប់ពីធ្វើការឃាត់ខ្លួនជាបន្តបន្ទាប់ ។
លោកឧត្តមសេនីយ៍ ជួន ណារិន្ធ ស្នងការនគរបាលខេត្តព្រះសីហនុ ថ្លែងឱ្យដឹងថា ដើម្បីឆ្លើយតបទៅនឹងតម្រូវការរបស់ប្រជាពលរដ្ឋក្នុងស្ថានភាពសុខសន្តិភាពសុវត្តិភាព កម្លាំងនគរបាលខេត្តតែងតែចុះធ្វើការស្រាវជ្រាវ និងស៊ើបអង្កេតនូវរាល់បទល្មើសផ្សេង ចាប់តាំងពីទីប្រជុំជនរហូតដល់ជនបទ ។
ជាក់ស្តែង កាលពីថ្ងៃទី២៧ តុលា ២០១៥ កម្លាំងនគរបាលខេត្តបានធ្វើការឃាត់ខ្លួនជនសង្ស័យចំនួន៣នាក់ ជាប់ពាក់ព័ន្ធបទល្មើស៣ករណីផ្សេងគ្នា ក្នុងនោះហិង្សាដោយចេតនា ចំនួន២ករណី និងឃាត់ខ្លួនតាមដីកា១ករណី ។ ជនសង្ស័យទាំង៣នាក់នោះ១-ឈ្មោះឈិត វាសនា អាយុ២៨ឆ្នាំ ជាបុគ្គលិកហាងប៉ាប៉ូឡូរ ស្នាក់នៅក្នុងហាងមានទីតាំង (កោះតូច) ស្ថិតក្នុងសង្កាត់កោះរ៉ុង ក្រុងព្រះសីហនុ (ពីបទបង្កររបួសស្នាម) ២-ឈ្មោះលុយ ចន្ថា អាយុ៣៦ឆ្នាំ មានទីតាំង (កោះតូច) ស្ថិតក្នុងសង្កាត់កោះរ៉ុង ក្រុងព្រះសីហនុ (ពីបទបង្កររបួសស្នាម) និង៣-ឈ្មោះឈូន ធី ភេទប្រុស អាយុ៤៥ឆ្នាំ បច្ចុប្បន្នស្នាក់ក្រុម២១ ភូមិ១ សង្កាត់លេខ០១ ក្រុងព្រះសីហនុពីបទ អំពើលួចមានស្ថានទម្ងន់ទោស ។
ចែករំលែកព័តមាននេះ