ខេត្តស្ទឹងត្រែង ៖ ស្ត្រីជាម្តាយអង្គុយទ្រហោយំយ៉ាងខ្លាំង ខណៈពេលកូនស្រីជាទីស្រឡាញ់របស់ខ្លួនលង់ទឹកលិចបាត់ កាលពីវេលាម៉ោង៤និង២០នាទីរសៀលថ្ងៃទី២៧ តុលា ២០១៥ ស្ថិតនៅចំណុចកំពង់សាឡាងភូមិព្រែក សង្កាត់ស្ទឹងត្រែង ក្រុងស្ទឹងត្រែង ។
ស្ត្រីខាងលើស្ទើរតែសន្លប់បាត់ស្មារតីនៅនឹងកន្លែងកើតហេតុ ស្របពេលក្រុមអ្នកមុជទឹកជួយរាវរកឃើញក្មេងស្រីដែលលង់នោះនៅម៉ោង៥រសៀលថ្ងៃដដែល និងនាំគ្នាជួយសង្គ្រោះបន្ទាន់ តែជាអកុសលក្មេងស្រីរងគ្រោះបានស្លាប់បាត់ទៅហើយ ។
ប្រភពពីកន្លែងកើតហេតុ បានឱ្យដឹងថា មុនពេលកើតហេតុ គេឃើញក្មេងមួយក្រុមមានគ្នា៤ទៅ៥នាក់ ចុះមុជទឹកលេងនៅចំណុចកំពង់សាឡាងកន្លែងកើតហេតុ កាលពីវេលាម៉ោង៤រសៀល មួយសន្ទុះក្រោយមក ស្រាប់តែក្រុមក្មេងទាំងនោះស្រែកឆោឡោជួយផងៗ ពួកខ្ញុំបាត់មិត្តភ័ក្គម្នាក់ដែលកំពុងមុជទឹកជាមួយគ្នា ។
ក្រោយពីឮសំឡេងក្មេងស្រែក ក្រុមអ្នករត់ម៉ូតូឌុប និងអ្នកលក់ដូរក្បែរនោះ រត់ចុះទៅជួយមុជទឹករាវរហូតដល់ម៉ោង៥រសៀល ទើបឃើញក្មេងស្រីរងគ្រោះ ហើយស្រង់ចេញពីទឹកយកមកធ្វើចលនាសង្គ្រោះ ទោះបីជាខំប្រឹងប្រែងជួយយ៉ាងណាក្តី ក្មេងស្រីរងគ្រោះបានផុតដង្ហើមបាត់ទៅហើយ ។
តាមសម្តីជីដូនក្មេងស្រីរងគ្រោះ បានឱ្យដឹងថា ចៅស្រីឈ្មោះ សុខ វឿនលីលី អាយុ១០ឆ្នាំ រៀនថ្នាក់ទី៣នៃសាលាបឋមសិក្សាសម្តេចឪ សម្តេចម៉ែ រីឯម្តាយរបស់ក្មេងស្រីរងគ្រោះ ឈ្មោះ ថន ចាន់សុធារី ជាស្ត្រីមេម៉ាយ ជាអ្នកលក់ដូរគ្រឿងទេស ដែល២នាក់ម្តាយនិងកូនស្រី រស់នៅភូមិព្រែក សង្កាត់ស្ទឹងត្រែង ក្រុងស្ទឹងត្រែង ដោយឡែកឪពុកក្មេងស្រីរងគ្រោះ ឈ្មោះ សុខ វឿន ជាប្រជាកសិករ បានលែងលះគ្នាប្រហែលជា៥ឆ្នាំមកហើយ ។
ចំណែកស្ត្រីជាម្តាយក្មេងស្រីរងគ្រោះ បានឱ្យដឹងដែរថា នៅម៉ោងកើតហេតុខាងលើ គាត់ជាប់រវល់នៅផ្ទះមិនដឹងថាកូនស្រីជាមួយគ្នីគ្នា៤ទៅ៥នាក់ទៅលេងទឹកទន្លេនោះទេ លុះមានការភ្ញាក់ផ្អើលថាកូនលង់ទឹក គាត់ស្ទើរតែគាំងបេះដូងមិនដឹងជាស្លាប់ ឬរស់ រត់មកកន្លែងកើតហេតុប្រហែលជិត១ម៉ោង ក្រុមអ្នកមុជទឹករាវរកឃើញកូនស្រីស្រង់ចេញពីទឹកយកមកធ្វើចលនាដើម្បីជួយសង្គ្រោះ ប៉ុន្តែនៅតែជួយមិនបាន ជាអកុសលកូនស្រីជាទីស្រឡាញ់បានលាចាកលោកទុកឱ្យម្តាយនៅតែម្នាក់ឯង និងស្រែកទ្រហោយំស្តាយស្រណោះកូនស្រីគួរឱ្យសង្វេគ ៕



ចែករំលែកព័តមាននេះ