ខេត្តកណ្តាល ៖ កម្មករសាឡង់បូមខ្សាច់ម្នាក់ដែលលោតទឹកតាមចាប់ទុយោធ្លាក់ពីលើសាឡង់ ខណៈកំពុងធ្វើសកម្មភាពបូមខ្សាច់នៅចំណុចកណ្តាលទន្លេមេគង្គបណ្តាលឱ្យលង់ទឹកលិចបាត់កាលពីវេលាម៉ោង៤ និង១០នាទីរសៀល ថ្ងៃទី២៥ តុលា ២០១៥ ស្ថិតក្នុងភូមិជ្រោយដង ឃុំសំរោងធំ ស្រុកកៀនស្វាយ នោះ ត្រូវបានគេប្រទះឃើញសពផុសអណ្តែតទឹកទើជាប់នឹងព្រួលលបក្បែរច្រាំងទន្លេ ស្ថិតក្នុងភូមិក្អមសំណក្រោម ឃុំក្អមសំណ ស្រុកលើកដែកកាលពីវេលាម៉ោង១១ និង៤៧នាទីព្រឹក ថ្ងៃទី ២៧ តុលា ។
បន្ទាប់ពីមានការភ្ញាក់ផ្អើលប្រទះឃើញសពអណ្តែតទឹក សមត្ថកិច្ចជំនាញបានសហការជាមួយនគរបាលព្រហ្មទណ្ឌ នគរបាលប៉ុស្តិ៍ មន្ត្រីប៉េអឹម អាជ្ញាធរភូមិ-ឃុំ រួមជាមួយគ្រូពេទ្យស្រុកលើកដែកបានចុះទៅជួលប្រជាពលរដ្ឋឱ្យអូសសពយកមកលើគោកមាត់ច្រាំងដើម្បីធ្វើកោសល្យវិច័យ។
ក្រោយពីពិនិត្យរួច គណៈកម្មការចម្រុះបានបញ្ជាក់ថា សពជនរងគ្រោះមិនមានស្លាកស្នាមអ្វីពាក់ព័ន្ធនឹងករណីផ្សេងឡើយ គឺជនរងគ្រោះពិតជាស្លាប់ដោយសារឈ្លក់ទឹកទន្លេពិតប្រាកដមែន។
តាមសម្តីក្រុមគ្រួសារបានឱ្យដឹងថា ជនរងគ្រោះឈ្មោះឈុត សុឃីម អាយុ២៨ឆ្នាំ ជាកម្មករបូមខ្សាច់ ប្រពន្ធឈ្មោះខួច អាយុ២៥ឆ្នាំ មានកូន២នាក់ មានស្រុកកំណើតភូមិព្រៃរុន ឃុំព្រះស្តេច ខេត្តព្រៃវែង៕





ចែករំលែកព័តមាននេះ