ខេត្តក្រចេះ ៖ រថយន្តស្ទូចមួយគ្រឿង ត្រូវបានក្រឡាប់ផ្កាបមុខសជាប់ដី ខណៈកំពុងតែកាប់និងស្ទូចដើមគគីរធំមួយដើម នៅមុខក្បែរស្រុលស្នួល ដែលសមត្ថកិច្ចបញ្ជាក់ថា បណ្តាលមកពីខុសបច្ចេកទេស ដោយឡែកអ្នកស្រុកវិញនាំគ្នានិយាយថា ដោយសារតែបារមីដើមគគីរខឹងសម្បារនឹងការកាប់ផ្តួល ទើបធ្វើឱ្យរថយន្តស្ទូចធំមួយនេះក្រឡាប់ ។
ហេតុការណ៍ក្រឡាប់រថយន្តស្ទូចកំពុងតែកាប់ស្ទូចដើមគគីរធំមួយដើម ក្នុងចំណោមដើមគគីរធំៗជាច្រើនដើម នៅទល់មុខសង្កាត់រដ្ឋបាលព្រៃឈើស្នួលជាប់និងចិញ្ចើមផ្លូវជាតិ និងចំណតរថយន្តស្នួលនេះ បានបង្កឱ្យមានភ្ញាក់ផ្អើលទាំងព្រឹកថ្ងៃទី២៨ តុលា ២០១៥ នៅពេលដែលគេឃើញរថយន្តស្ទូចមួយគ្រឿងកំពុងតែកាប់ស្ទួចដើមគគីរ ត្រូវក្រឡាប់ភ្ជុចមុខទៅនឹងដីប៉ះគូទឡើងលើ
ច្រង៉ាងៗ ។
លោកចាន់ សុគីម អធិការនគរបាលស្រុកធ្នាប់ស្រុកស្នួលបានបញ្ជាក់ប្រាប់ថា មូលហេតុ គឺបណ្តាលមកពីការស្ទួចកាប់របស់រថយន្តស្ទូចខុសបច្ចេកទេស ហើយក៏មិនបង្កឱ្យមាននរណាម្នាក់ទទួលរងគ្រោះថ្នាក់ដែរ ។ ការលើកឡើងឱ្យដឹងស្របគ្នានេះដែរ អ្នកស្រុកបានចាត់ទុកថា ឧប្បត្តិហេតុនេះ គឺបណ្តាលមកពីបារមីអ្នកតាដើមគគីរធំៗទាំងនេះ ដែលមានអាយុកាលរាប់រយឆ្នាំមកហើយ នោះ ខឹងសម្បារនិងការកាប់ផ្តួល ទើបបង្កឱ្យរថយន្តស្ទួចដែលបានតែកាប់ផ្តួលដើមគគីរមួយដើមនេះ ត្រូវក្រឡាប់បះជើង។
គួររំលឹកថា កន្លងមកព្រោះធ្លាប់មានឧប្បតិ្តហេតុជាញឹកញាប់ បណ្តាលមកពីការបាក់មែកដើមគគីរ ដែលចាស់ពុកផុយ និងក៏ធ្វើឲ្យអ្នកធ្វើដំណើរ និងពលរដ្ឋនៅលក់ដូរនៅពីក្រោមដើមគគីរទាំងនេះ មានការព្រួយបារម្ភពីសុវត្ថិភាពរបស់ពួកគាត់ ទើបអាជ្ញាធរស្រុកសម្រេចធ្វើការកាប់ដើមគគីរមួយចំនួន ដែលមានសភាពចាស់ពុកផុយ ។
យ៉ាងណាមិញ កាលពីដើមខែកក្កដាកន្លងទៅ មានមន្ត្រីនគរបាលម្នាក់ ត្រូវបានរងរបួសធ្ងន់ដោយត្រូវបែកក្បាល និងបាក់ភ្លៅខាងស្តាំ ខណៈដែលមន្ត្រីនគរបាលរូបនោះ កំពុងតែឈររៀបចំសណ្តាប់ធ្នាប់តាមផ្លូវ ក្បែរទីប្រជុំជន ក៏ត្រូវមែកគគីរធំមួយមែកបានបាក់ធ្លាក់មកសង្កត់ពីលើ បណ្តាលឱ្យរងរបួសធ្ងន់ធ្ងរ ៕



ចែករំលែកព័តមាននេះ