ខេត្តរតនគិរី ៖ ផ្ទះមេតុងទីនម្នាក់ត្រូវបានកូនបំណុលរឹបអូសដោយអំណាចតុលាការធ្វើឲ្យមានការភ្ញាក់ផ្អើលនៅក្រុងបានលុង កាលពីវេលាម៉ោង១០ព្រឹក ថ្ងៃទី២៨ តុលា ២០១៥ ស្ថិតនៅភូមិភ្នំស្វាយ សង្កាត់បឹងកន្សែង ក្រុងបានលុង ។
ដោយចុះអនុវត្តដីការរបស់តុលាការកំពូល និងតុលាការខេត្ត មានសមត្ថកិច្ចចូលរួម លោក សួស ឡា ប្រធានតុលាការដំបូងខេត្ត និងកងកម្លាំងប្រដាប់អាវុធប៉េអឹមក្រុង ប៉េអឹមខេត្ត បានចុះទៅរុះរើផ្ទះមួយខ្នងទំហំ៤x៦ម៉ែត្រ ជញ្ចាំងបាំងក្តារ ប្រក់ស័ង្កសី ដែលមានដីទំហំ២០គុណ៦០ម៉ែត្រ ។
ទាក់ទិនទៅនឹងករណីខាងលើនេះត្រូវបានលោកសួស ឡា ប្រធានតុលាការសាលាដំបូងខេត្តឲ្យដឹងថា សំណុំរឿងរក្សាការពារលេខ៩៦/០៩-០៤-២០១៥ ដីកាសម្រេចលេខ២៤ក្រVIឃ.ដកស ចុះថ្ងៃទី៣១ តុលា ២០១៥ របស់តុលាការកំពូល លោកបានឲ្យដឹងទៀតថា ម្ចាស់បំណុលនៃអនុវត្តមានឈ្មោះ លី សុវណ្ណរ៉ា ភេទប្រុស អាយុ២៩ឆ្នាំ ជនជាតិខ្មែរ រស់នៅភូមិឃុំជាមួយគ្នា ដែលមានម្ចាស់ផ្ទះឈ្មោះទួច ហៃអេង ភេទស្រី អាយុ៤២ឆ្នាំ មានមុខរបរជាមេតុទីន និងជាមេផ្ទះ ទាក់ទិននឹងការប្តឹងផ្តល់គ្នាបានកើតឡើងតាំងពីឆ្នាំ២០១០ និង២០១១ ដោយភាគីមេតុទីនជំពាក់លុយកូនតុងទីនជាង៨ម៉ឺនដុល្លារ ដោយឈ្មោះលី សុវណ្ណរ៉ា ជាម្ចាស់បំណុលបានទៅលោះប្លង់ដីអស់ជាង៤ម៉ឺនដុល្លារថែមទៀតរបស់មេតុងទីនឈ្មោះ ទួច ហៃអេង ទើបនៅថ្ងៃទី២៨ តុលា ២០១៥នេះ ទើបតុលាការខេត្តសម្រេចអនុវត្តដីការបស់តុលាការកំពូលរុះរើផ្ទះ និងសុំឱ្យម្ចាស់ផ្ទះដើរចេញ និងប្រគល់ដីទៅឱ្យម្ចាស់បំណុលចាប់ពីថ្ងៃនេះតទៅ។
ដោយឡែកអ្នកស្រី ទួច ហៃអេង ជាអ្នកចាញ់ក្តីបានឈរយំអោបកូនស្រីចំនួន២នាក់សុំឱ្យសម្តេចហ៊ុន សែន ជួយដោយស្រែកខ្លាំងៗថា គាត់គ្មានដីនៅទេ កាលពីឆ្នាំ២០១០-២០១១ គាត់ពិតជាបានធ្វើមេតុងទីនមែនដោយលេងចំនួនមនុស្ស៣០នាក់ក្នុង១ក្បាល៣០០ដុល្លារកំណត់មួយឆ្នាំដាច់ ដោយកូនដេញបានយកលុយរត់ចោលមេអស់ទុកឱ្យគាត់ចេញសងកូនចំនួន២០នាក់ធ្វើឲ្យគាត់មានជីវភាពធ្លាក់ចុះយ៉ាងខ្លាំង ដោយគាត់បានសន្យាជាមួយឈ្មោះ លី សុវណ្ណរ៉ា ម្ចាស់បំណុលនេះសងមួយខែ៣០០ដុល្លារ តែឈ្មោះលី សុវណ្ណរ៉ា មិនព្រមទេ បើសងគ្រប់ចំនួន៨ម៉ឺនដុល្លារទើបព្រម ហើយគាត់បន្តទៀតថា ទោះបីតុលាការ និងសមត្ថកិច្ចរុះរើផ្ទះរបស់គាត់នៅពេលនេះក្តីគាត់នឹងសង់ខ្ទមប្រក់តង់នៅបន្តទៀតសុខចិត្តស្លាប់រស់នៅលើដីនេះហើយ៕










ចែករំលែកព័តមាននេះ