ខេត្តស្ទឹងត្រែង ៖ រយៈពេល៣ថ្ងៃ ចាប់ពីថ្ងៃទី២៥ដល់ថ្ងៃទី២៧ តុលា ២០១៥ កម្លាំងរដ្ឋបាលជលផលសហការជាមួយកម្លាំងចម្រុះបើកយុទ្ធនាការបង្ក្រាបបទល្មើសនេសាទជាលក្ខណៈទ្រង់ទ្រាយធំ ដកហូតវត្ថុតាងជាច្រើនដោយធ្វើការកម្ទេចចោលនៅនឹងកន្លែង ស្ថិតនៅតំបន់ចំណុចអូតាឡាស ឃុំព្រះរំកិល ស្រុកថាឡាបរិវ៉ាត់ ។
លោក ដៀប បូរា នាយរងខណ្ឌជលផលស្ទឹងត្រែង បានឲ្យដឹងថា ក្នុងរយៈពេល៣ថ្ងៃក្នុងយុទ្ធនាការបង្ក្រាបបទល្មើសនេសាទដែលដឹកនាំដោយកម្លាំងរដ្ឋបាលជលផលខេត្ត សហការជាមួយកម្លាំងឆ្មាំទន្លេប៉ុស្តិ៍អភិរក្សសត្វផ្សោតអន្លង់ឈើទាល សហគមន៍នេសាទក្រឡាពាស ប៉ុស្តិ៍នគរបាលរដ្ឋបាលឃុំព្រះរំកិល កម្លាំងវរសេនាតូចនគរបាលការពារព្រំដែនគោកលេខ៧០១ និងកងអនុសេនាតូចទី៧ ចុះបង្ក្រាបបទល្មើសទ្រង់ទ្រាយធំនៅទីតាំងខាលើ ដកហូតវត្ថុតាងមួយចំនួនធំ រួមមាន ដាយ(ជីម)ចំនួន១៧កន្លែង សាច់អួន២មាត់ប្រវែង៤០ម៉ែត្រ ក្រៅពីនោះមានឌុកចំនួន១គ្រឿង ថ្ម២៥,៥តោន បង្គោលឈើចំនួន១២៦០ដើម ព្រួល៤៥០ម៉ែត្រ និងបានណែនាំអប់រំប្រជានេសាទម្នាក់ ដែលដឹកសាច់អួន សម្រាប់ដាក់ដាយនោះផងដែរ ។
លោកនាយរងខណ្ឌ បានបន្តថា នៅរដូវបើកនេសាទ ជាពេលដែលត្រីត្រូវធ្វើចរាចរណ៍ចេញពីអូរចុះទៅតំបន់ទន្លេមេគង្គផ្នែកខាងក្រោម និងតំបន់ទន្លេសាប ដែលកម្លាំងជំនាញរដ្ឋបាលជលផល ត្រូវចុះបង្ក្រាបរាលករណីកើតឡើងនៅបទល្មើសនេសាទនៅក្នុងតំបន់អភិរក្ស និងតំបន់ត្រីធ្វើចរាចណ៍ពីតំបន់មួយទៅតំបន់ដទៃទៀត ជាពិសេសដូចករណីបទល្មើសខាងលើដែរ ត្រូវជំរុញឲ្យមានការបង្ក្រាប និងកម្ទេចចោលនូវឧបករណ៍ខុសច្បាប់ទាំងអស់ដើម្បីឈានទៅដល់ការលុបបំបាត់បទល្មើសនេសាទខុសច្បាប់នៅទន្លេទាំងបួននៃខេត្តស្ទឹត្រែង ៕






ចែករំលែកព័តមាននេះ