ADផ្ទាំងផ្សព្វផ្សាយពាណិជ្ជកម្ម

Picture

ចោទប្រកាន់​លួច​ទូរស័ព្ទ​! ពិធី​ការិនី MyTV ប្តឹង​បក ឧកញ៉ា ហេង សៀ ពី​បទ​ប៉ុនប៉ងរំលោ.ភ​សេពសន្ថ.វៈ ក្នុង​រថយន្ត

2 ឆ្នាំ មុន

រាជធានី​ភ្នំពេញ ៖ អតីត​បេ​ក្ខ​នារី Miss Grand Cambodia កញ្ញា មាន ពេជ្រ​រី​តា ហៅ​យូ​ប៊ី…

រាជធានី​ភ្នំពេញ ៖ អតីត​បេ​ក្ខ​នារី Miss Grand Cambodia កញ្ញា មាន ពេជ្រ​រី​តា ហៅ​យូ​ប៊ី អាយុ​២០​ឆ្នាំ មុខរបរ​និស្សិត​ឆ្នាំ​ទី​២ ជា​ពិធី​ការិនី​ទូរទស្សន៍​ម៉ា​យ​ធី​វី និង​តារា​បង្ហាញ​ម៉ូត បាន​សម្រេច​ដាក់​ពាក្យ​ប្តឹង​ឧកញ៉ា ហេង សៀ ពី​បទ​«​ប៉ុនប៉ងរំលោ.ភ​សេពសន្ថ.វៈ​» នៅ​ក្នុង​រថយន្ត នេះ​បើ​យោង​តាម​ពាក្យបណ្តឹង​ចុះ​ថ្ងៃ​ទី​១១ ខែឧសភា ឆ្នាំ​២០២១ ដែល​កោះសន្តិភាព​ទទួល​បាន ។

ករណី​ប៉ុនប៉ងរំលោ.ភ​សេពសន្ថ.វៈ​នេះ បាន​កើតឡើង​កាលពី​រសៀល​ថ្ងៃ​ទី​០៤ ខែឧសភា ឆ្នាំ​២០២១ នៅ​ក្បែរ​ផ្សារ​គីឡូ​លេខ​៤ នៅ​ចំណុច​ផ្លូវ​លេខ​១៣៨ កែង​ផ្លូវ​លេខ​២៥៩ ភូមិ​១០ សង្កាត់​ទឹកល្អក់​ទី​២ ខណ្ឌទួលគោក រាជធានី​ភ្នំពេញ ។

នៅ​ក្នុង​ពាក្យបណ្ដឹង កញ្ញា មាន ពេជ្រ​រី​តា បាន​រៀបរាប់​ថា រូប​នាង​បាន​ស្គាល់​ឧកញ៉ា ហេង សៀ ក្នុង​ពិធី​សម្ភោ​ធ​ហាង​របស់​ឧកញ៉ា​រូប​នេះ ហើយ​ពេល​នោះ​ក៏​បានឃើញ និង​ស្គាល់​រូប​នាង ហើយ​ក៏​បាន​ធ្វើការ​ទំនាក់ទំនង តាម​រយៈ​ប្រព័ន្ធ​តេ​លេ​ក្រាម​មក​នាង​ជា​បន្តបន្ទាប់​។ នាង​រៀបរាប់​ក្នុង​បណ្ដឹង​ទៀត​ថា ក្នុង​ពេល​ទំនាក់ទំនង​នាង ឧកញ៉ា ហេង សៀ បាន​ផ្ញើ​លុយ​ចំនួន​៥​ដង​ឲ្យ​នាង តែ​នាង​បាន​បដិសេធ​ថា នាង​មិន​យក​នោះ​ទេ កុំ​ផ្ញើ​មក​នាង​អី ព្រោះ​នាង​មាន​លុយ​ចាយ​គ្រប់គ្រាន់​ហើយ​។ ប៉ុន្តែ​ឧកញ៉ា​រូប​នេះ នៅ​តែ​ផ្ញើ​លុយ​ជា​បន្តបន្ទាប់​ទៀត ។

បន្ថែម​ពីលើ​នេះ កញ្ញា មាន ពេជ្រ​រី​តា បាន​ឲ្យ​ដឹង​ទៀត​ថា ឧកញ៉ា ហេង សៀ បាន​ប្រើ​ពាក្យលួងលោម​ចង់​ជួប និង​ស្គាល់​រូប​នាង តែ​នាង​បដិសេធ​មិន​ព្រម​ជួប លុះត្រា​ទាក់ទង​នឹង​ការងារ​ទើប​នាង​ព្រម​ជួប ។ កញ្ញា មាន ពេជ្រ​រី​តា បាន​រៀបរាប់​បន្ត​ថា ឧកញ៉ា ហេង សៀ នៅ​តែ​បន្ត​រំខាន​រូប​នាង រហូត​ដល់​មានការ​ផ្ញើ​រូប​អាសអាភាស​មក​នាង តែ​ក្រោយមក​ឧកញ៉ា​រូប​នេះ បាន​លុប​ចោល​ដោយ​ខ្លួនឯង​វិញ ។ រហូត​ដល់​ថ្ងៃ​កើតហេតុ ប្រហែលជា​ថ្ងៃ​ទី​៤ ខែឧសភា ឧកញ៉ា​ខាងលើ​នេះ បាន​ទូរស័ព្ទ​ទៅ​នាង​ថា «​ចង់​ជួប​ហើយ​ចង់​ឲ្យ​អីវ៉ាន់​មួយ​ចំនួន​មក​នាង ដើម្បី​យក​ទៅ​ចែក​អំណោយ​ឲ្យ​ប្រជាពលរដ្ឋ ដែល​ទទួល​រង​គ្រោះ​ដោយសារ​ជំងឺ​កូ​វី​ដ​-១៩» ។

បើ​តាម​កញ្ញា មាន ពេជ្រ​រី​តា នៅ​ថ្ងៃ​នោះ​ឧកញ៉ា ហេង សៀ បាន​ចាំ​នាង​នៅ​ក្បែរ​ផ្សារ​គីឡូម៉ែត្រ​លេខ​៤ រួច​ក៏​បង្ខំ​នាង​ឲ្យ​ចូល​ក្នុង​ឡាន ដោយ​ថា មានរឿង​ការងារ​ត្រូវ​និយាយ​គ្នា​។ បន្ទាប់​មក​នាង​ក៏​ចូល​ក្នុង​ឡាន តែ​ត្រូវ​បាន​ឧកញ៉ា​រូប​នេះ និយាយ​ពាក្យ​អាសអាភាស​ដាក់​រូប​នាង និង​យកដៃ​លូក​ស្ទាបអង្អែល​ភ្លៅ និង​ប្រដាប់​ភេទ​នាង​ផង​ដែរ ។

ពិធីការនី​នៅ​ស្ថានីយ៍ទូរទស្សន៍ MyTV បាន​និយាយ​ក្នុង​ពាក្យបណ្ដឹង​បន្ត​ថា ឧកញ៉ា​ខាងលើ​នេះ ចង់​យក​រូប​នាង​ទៅ​ផ្ទះសំណាក់ តែ​នាង​បដិសេធ និង​ថា នាង​នឹង​លោត​ចុះ​ពីលើ​ឡាន ។ ឧកញ៉ា​រូប​នេះ និយាយ​ថា ខ្លួន​មាន​កាំភ្លើង​។ តែ​យ៉ាងណា​ក៏​ដោយ កញ្ញា មាន ពេជ្រ​រី​តា បាន​ខិតខំ​រើ​បំរាស់ និង​ច្រាន​ដៃ​របស់​ឧកញ៉ា ហេង សៀ ចេញ ហើយ​ដៃ​របស់​នាង​មិន​មាន​កាន់​របស់​អ្វី​ទេ គឺ​ដៃទទេ​សុទ្ធ ហើយ​នាង​ក៏​បាន​បើកទ្វារ​ឡាន រត់​ចេញ​មក​ក្រៅ និង​បាន​ត្រឡប់​ទៅ​ផ្ទះ​វិញ ។ ប្រ​សិន​នាង​ខ្ញុំ​មិន​អាច​បើកទ្វារ​ឡាន​ចេញ​បាន​ទេ គាត់​នឹង​ធ្វើការរំលោ.ភ​សេពសន្ថ.វៈនៅ​ក្នុង​ឡាន ឬ​ដឹក​នាង​ខ្ញុំ​យក​ទៅ​ផ្ទះសំណាក់​តែ​ម្ដង ពីព្រោះ​នាង​ខ្ញុំ​បាន ភ័យ​ត​ត់​ស្លុត ខ្លាច​អាច​កាត់​សម្លាប់​ដោយ​ប្រើប្រាស់​កាំភ្លើង​មិន​ហ៊ាន​តដៃ ឬ​រើ​បម្រាស់​នោះ​ឡើយ ។ ហើយ នាង​ខ្ញុំ​មិន​ហ៊ាន​ប្រាប់​ម្តាយ​ឱ្យ​ដឹង​រឿង​នេះ​ទេ ព្រោះ​មិន​ចង់ឱ្យ​គាត់​ពិបាកចិត្ត ។

ជុំវិញ​ការ​ដាក់​ពាក្យបណ្តឹង​នេះ កញ្ញា មាន ពេជ្រ​រី​តា បាន​ប្តឹង​និង​ទាមទារ​សំណង​មួយ​ចំនួន​ដូច​តទៅ ៖
១៖ ប្តឹង​ឧកញ៉ា ពី​បទ «​ប៉ុនប៉ងរំលោ.ភ​សេពសន្ថ.វៈ» ដោយ​មាន​ស្ថាន​ទម្ងន់
២៖ ទាមទារ​សំណង់​ជំងឺ​ចិត្ត ចំនួន​ទឹកប្រាក់ ១០​ម៉ឺន​ដុល្លារ
៣៖ ទាមទារ​ការ​ខាតបង់ និង​ខូចខាត​ពេលវេលា និង​សេវា​ផ្លូវច្បាប់​ចំនួន ១​ម៉ឺន​ដុល្លារ ។

យោង​តាម​ខ្លឹមសារ​ពាក្យបណ្តឹង​រយៈពេល​៤​ថ្ងៃ ក្រោយ​ហេតុការណ៍ គឺ​នៅ​ថ្ងៃ​ទី​៨ ខែឧសភា ឆ្នាំ​២០២១ មន្ត្រី​នគរបាល​ខណ្ឌទួលគោក បាន​ទៅ​ជួប​កញ្ញា មាន ពេជ្រ​រី​តា នៅផ្ទះ ហើយ​បាន​នាំ​រូ​ព​នាង​ទៅ​សួរនាំ ទើប​បញ្ជូន​ទៅ​សាកសួរ​នៅ​សាលាដំបូង​រាជធានី​ភ្នំពេញ ហើយនឹង​ត្រូវ​បាន​ចោទប្រកាន់​ពី​បទ «​លួច​មាន​ស្ថាន​ទម្ងន់ទោស​» ។

កាលពី​ព្រឹក​ថ្ងៃ​ទី​១១ ឧសភា ឆ្នាំ​២០២១ តំណាង​អយ្យការ កញ្ញា សុង ឆ​វ័​ន្ត ព្រះរាជអាជ្ញា​រង​អម​សាលាដំបូង​រាជធានី​ភ្នំពេញ បាន​សម្រេច​ធ្វើការ​ចោទប្រកាន់​ស្ត្រី​ម្នាក់​ឈ្មោះ មាន ពេជ្រ រី​តា ហៅ​យូ​ប៊ី អាយុ​២០​ឆ្នាំ ពី​បទ​លួច​មាន​ស្ថាន​ទម្ងន់ទោស (​លួច​ទូរស័ព្ទ​ដៃ ដោយ​ប្រើ​អំពើ​ហិង្សា​បណ្តាល​ឲ្យ​រង​របួស​ដល់​ជន​រង​គ្រោះ​) ។

ក្រោយ​ពី​តំណាង​អយ្យការ​បាន​សម្រេច​ធ្វើការ​ចោទប្រកាន់​ជា​ផ្លូវការ​ហើយ​នោះ សំណុំរឿង​បាន​ចាត់​បញ្ជូន​ទៅ​ចៅក្រម​ស៊ើបសួរ ដើម្បី​សម្រេច​ឃុំខ្លួន​ជនសង្ស័យ​ដាក់​ពន្ធនាគារ​ជា​បណ្តោះអាសន្ន រង់ចាំ​ការ​សម្រេច​ជា​ថ្មី ។

ភ្នាក់ងារ​កោះសន្តិភាព មិន​ទាន់​អាច​សុំ​ការ​បំភ្លឺ​ពី​ឧកញ៉ា ហេង សៀ បាន​នៅឡើយ​ទេ ដោយសារ​ពេល​ទំនាក់ទំនង​ទៅ មាន​អ្នក​ទទួល​ទូរស័ព្ទ ហើយ​ប្រាប់​ខ្លី​ថា លោក​ឧកញ៉ា ហេង សៀ កំពុង​សម្រាក​នៅ​មន្ទីរពេទ្យ ។ ទោះ​យ៉ាងណា​កោះសន្តិភាព រង់ចាំ​ការ​បកស្រាយ​បំភ្លឺ គ្រប់​វេលា ។

នៅ​ព្រឹក​ថ្ងៃ​ទី​១២ ឧសភា​នេះ​ដែរ មាន​មហាជន​ជា​ច្រើន ជា​ពិសេស​អ្នកលេង​នៅ​លើ​បណ្តាញ​សង្គម ក្នុង​ប្រទេស​កម្ពុជា រួម​ជាមួយ​សិល្បៈ​ល្បី​ៗ ជា​បន្តបន្ទាប់ បាន​ចេញ​មុខ​អំពាវនាវ​ដល់​ប្រព័ន្ធ​ច្បាប់ ជួយ​រក​យុត្តិធម៌​ជូន​ដល់​សិល្ប​ការិនី​ក្មេងខ្ចី គឺ​កញ្ញា មាន ពេជ្រ​រី​តា ដែល​កំពុង​មានក្ដី ជាមួយនឹង​លោក​ឧកញ៉ា ហេង សៀ ដោយ​សង្ឃឹមថា ពិធី​ការិនី​ទូរទស្សន៍​ម៉ា​យ​ធី​វី និង​ជា​អតីត​បេ​ក្ខ​នារី Miss Grand Cambodia រូប​នេះ នឹង​ទទួល​បាន​យុត្តិធម៌​ពិតប្រាកដ ៕

អត្ថបទសរសេរ ដោយ

កែសម្រួលដោយ