រាជធានីភ្នំពេញ ៖ សាលាដំបូងរាជធានីភ្នំពេញ កាលពីរសៀលថ្ងៃទី២៧ តុលា បានលើកយកសំណុំរឿងរបស់លោកជំទាវ កែវ ម៉ាលី សមាជិកព្រឹទ្ធសភា បានប្តឹងលោកផែង វណ្ណៈ មន្ត្រីនគរបាលជាតិ និងលោកស្រីហង្ស បូរី ជាមន្ត្រីយោធា ពីបទបរិហារកេរ្ត៍ជាសាធារណៈ ដែលអង្គសវនាការនេះបានសាកសួរដេញដោលចប់សព្វគ្រប់ហើយនៅល្ងាចថ្ងៃដដែល តែអស់ម៉ោង លោកចៅក្រមជំនុំជម្រះបានលើកពេលប្រកាសសាលក្រមទៅថ្ងៃទី២ វិច្ឆិកា ខាងមុខនេះ ។
អង្គសវនាការលើសំណុំរឿងនេះ មានលោកតុប ឈុនហេង ជាចៅក្រមជំនុំជម្រះ និងលោកហឹង ប៊ុនថន ព្រះរាជអាជ្ញារង ជាតំណាងអយ្យការ ។ ចំពោះមុខជនត្រូវចោទលោក ផែង វណ្ណៈ អាយុ៤៥ឆ្នាំ ជាមន្ត្រីនគរបាលជាតិ និងលោកស្រី ហង្ស បូរី អាយុ៥១ឆ្នាំ ជាមន្ត្រីយោធា អវត្តមានដើមបណ្តឹង ប៉ុន្តែមានមេធាវី៣រូបតំណាងការពារសំណុំរឿងនោះ ។ លោកចៅក្រមជំនុំជម្រះបានលើកយកបណ្តឹងរបស់លោកជំទាវ កែវ ម៉ាលី ប្តឹងជនត្រូវចោទពីរនាក់ពីបទបរិហាកេរ្ត៍ជាសាធារណៈតាមសង្គមហ្វេសប៊ុក ដោយអង្គហេតុបទបរិហារកេរ្ត៍ជាសាធារណៈនោះសំដៅលើលោកជំទាវ កែវ ម៉ាលី ដោយចោទថា ជាភរិយាទី៤របស់លោកឧត្តមសេនីយ៍ឯក សៀក សុជាតិ ជាមន្ត្រីយោធាជាន់ខ្ពស់ និងពាក់ព័ន្ធថាសហាយស្មន់នឹងគ្នាទៀតផង ។ ពាក្យបណ្តឹងនោះត្រូវបានតំណាង អយ្យការសាកសួរដេញដោលទៅជនត្រូវចោទទាំងពីរ ក៏ប៉ុន្តែលោក ផែង វណ្ណៈ បានបដិសេធថា លោកមិនបានប្រព្រឹត្តដូចការចោទប្រកាន់នោះទេ ។
លោក ផែង វណ្ណៈ អះអាងថា ការបង្ហោះ ព័ត៌មាននោះគឺលោកបានផ្សាយទៅតាមអ្វីដែលលោក ព្រំ សាន បានបង្ហោះរួចទៅហើយ ដូច្នេះការផ្សាយឬបង្ហោះព័ត៌មាននោះ គឺលោកផ្សាយតាមតែលោក ព្រំ សាន ទេ ។ ចំណែកលោកស្រី ហង្ស បូរី វិញ ក៏បានបដិសេធចំពោះការចោទប្រកាន់លើពាក្យបណ្តឹងរបស់លោកជំទាវ កែវ ម៉ាលី ពីបទបរិហារកេរ្តិ៍ជាសាធារណៈនេះដែរ ។ លោកស្រី ហង្ស បូរី បានច្រានចោលរាល់អត្ថបទដែលមានការចុះផ្សាយលើអាខោនហ្វេសប៊ុករបស់លោកស្រី ដែលមានពាក្យពេចន៍ជាច្រើនសុទ្ធតែអសុរស ប្រើទៅលើលោកជំទាវ កែវ ម៉ាលី នោះ ។ ក្រោយពីតំណាងអយ្យការសាកសួរ និងមេធាវីដើមបណ្តឹង សាកសួរដេញដោលចប់ហើយ តំណាងអយ្យការនៅតែរក្សាធ្វើការចោទប្រកាន់ទៅលើជនត្រូវចោទទាំងពីរនាក់ពីបទបរិហារកេរ្តិ៍ជាសាធារណៈដដែល ដើម្បីទុកពេលឲ្យចៅក្រមជំនុំជម្រះសម្រេច និងផ្តន្ទាទោសតាមផ្លូវច្បាប់ ។ ចុងក្រោយជាសំណូមពរ លោកផែង វណ្ណៈ បានពោលពាក្យយ៉ាងខ្លីថា សុំឲ្យតុលាការចាត់ការតាមច្បាប់ចុះ ព្រោះលោកមិនមានកំហុសអ្វីទេ ។
ឯលោកស្រី ហង្ស បូរី បានសំណូមពរដល់អង្គសវនាការឲ្យលើកលែងការចោទប្រកាន់លោកស្រី ព្រោះអ្វីៗដែលលោកជំទាវ កែវ ម៉ាលី ប្តឹងនៅក្នុងអាខោនហ្វេសប៊ុករបស់លោកស្រីនោះ មិនមែនជាព័ត៌មានដែលលោកស្រីបានសរសេរនោះទេ ។ ក្រោយពីសួរយកចម្លើយចប់សព្វគ្រប់ហើយ ចៅក្រមជំនុំជម្រះបានលើកពេលប្រកាសសាលក្រម ។ លោក ផែង វណ្ណៈ មន្ត្រីនគរបាលជាតិ ដែលល្បីឈ្មោះលើហ្វេសប៊ុក ពាក់ព័ន្ធនឹងការគំរាមសម្លាប់លោក កឹម សុខា មេដឹកនាំគណបក្សប្រឆាំងនោះ ពេលនេះត្រូវបានដកចេញពីតំណែងហើយ ដើម្បីត្រួសត្រាយផ្លូវ ឱ្យគណៈកម្មការថ្មីមួយ ធ្វើការសុើបអង្កេត ។
យោងតាមសេចក្តីប្រកាសរបស់ក្រសួងមហាផ្ទៃ ចុះថ្ងៃទី២៥ កញ្ញា បានឱ្យដឹងថា សម្តេចក្រឡាហោម ស ខេង ឧបនាយករដ្ឋមន្ត្រី រដ្ឋមន្ត្រីក្រសួងមហាផ្ទៃ បានសម្រេចដកលោកវរសេនីយ៍ទោ ផែង វណ្ណៈ ពីអនុប្រធានការិយាល័យប្រឆាំងបទល្មើសបច្ចេកវិទ្យា នៃនាយកដ្ឋានសន្តិសុខផ្ទៃក្នុង ទៅកាន់នាយកដ្ឋានបុគ្គលិកវិញ ដើម្បីបើកផ្លូវឱ្យមានការសុើបអង្កេតលើករណីរំលោភច្បាប់បទបញ្ជាផ្ទៃក្នុងនគរបាលជាតិ ។ ទន្ទឹមនឹងនេះ សម្តេចក្រឡាហោមក៏បានចេញសេចក្តីសម្រេចបង្កើតគណៈកម្មការ ដែលមានការតែងតាំងមន្ត្រីតំណែងខ្ពស់ចំនួន៧រូប ដើម្បីបើកការសុើបអង្កេតលើពាក្យបណ្តឹងដទៃទៀត ដែលពាក់ព័ន្ធនឹងលោក ផែង វណ្ណៈ រូបនេះ ។ ទោះបីជាបែបណា រឿងក្តីដែលសាលាដំបូងបើកសវនាការនេះ មិនទាក់ទិននឹងសំណុំរឿងគំរាមសម្លាប់លោក កឹម សុខា នៅឡើយទេ ៕


ចែករំលែកព័តមាននេះ