ខេត្តប៉ៃលិន ៖ យើងដឹងថា ប៉ៃលិនជាខេត្តមួយមានទីតាំងស្ថិតនៅភាគខាងលិចនៃព្រះរាជាណាចក្រកម្ពុជា មានព្រំប្រទល់ជាប់ជាមួយខេត្តបាត់ដំបង និងប្រទេសថៃ ហើយនៅគ្រប់ជំនាន់ទាំងអស់ ប៉ៃលិនគឺជាទឹកដីដែលប្រជាពលរដ្ឋខ្មែរ និងពិភពលោកទទួលស្គាល់ថា ជាតំបន់ប្រកបដោយវិសាលភាពនៃវត្ថុដ៏មានតម្លៃឥតគណនា ក្នុងចំណោមសម្បត្តិធម្មជាតិទាំងឡាយ ដែលមានកប់នៅក្នុងដីតាំងពីរាប់ពាន់ឆ្នាំមកហើយ ។ អ្នកណាៗក៏ដោយ បើនិយាយឬចាប់ផ្តើមជជែកអំពីប៉ៃលិន ម្នាក់ៗចាប់អារម្មណ៍ភ្លាមទៅលើត្បូងពេជ្រដ៏មានតម្លៃនៅក្នុងខេត្តនេះ ។
ខេត្តប៉ៃលិន មិនត្រឹមតែសម្បូរទៅដោយរ៉ែត្បូងដ៏មានតម្លៃនាពេលកន្លងមកប៉ុណ្ណោះទេ ប៉ុន្តែថែមទាំងពោរពេញទៅដោយព្រៃឈើ មានទាំងសត្វព្រៃគ្រប់ប្រភេទ និងចម្ការដំណាំហូបផ្លែជាច្រើនដូចជា ស្វាយ ចេក សាវម៉ាវ ទុរេន មង្ឃុត សេដា ជាពិសេសគឺតាង៉ែន ហៅមៀនប៉ៃលិន តែម្តង ជាឈើហូបផ្លែមួយប្រភេទ ដែលដុះនៅតំបន់ខ្ពង់រាប និងតំបន់ភ្នំ ។ ប្រជាពលរដ្ឋរស់នៅក្នុងខេត្តប៉ៃលិន តែងហៅរុក្ខជាតិនេះថាជាប្រភេទផ្លែឈើមានរសជាតិផ្អែមស្រដៀងទៅនឹងផ្លែមៀនដែរ គ្រាន់តែតូចជាងបន្តិច វាមានសាច់ច្រើនជាង តែមិនសូវមានក្លិនក្រអូបដូចផ្លែមៀនឡើយ ។
បច្ចុប្បន្ន ដំណាំតាង៉ែនត្រូវបានប្រជាពលរដ្ឋចាត់ទុកថា ជាផ្លែឈើដែលមានប្រជាប្រិយភាព ហើយក៏លក់ដាច់ជាងគេនៅតាមផ្សារនានា ក្នុងព្រះរាជាណាចក្រកម្ពុជា និងនាំចេញទៅលក់នៅបរទេសដូចជាថៃ វៀតណាម និង ប្រទេសចិន រហូតដល់ខេត្តប៉ៃលិនសព្វថ្ងៃនេះគេបានបង្កើតសមាគមមៀនប៉ៃលិនផងដែរ ។ ហេតុដូច្នេះហើយ បើយើងដើរមើលនៅតាមចម្ការនីមួយៗ ស្ទើរតែទាំងអស់តែងជួបប្រទះដើមតាង៉ែន ដែលប្រជាពលរដ្ឋដាំបង្កប់ជាមួយដំណាំដំឡូងមី លុះដំណាំនេះធំល្មមហុចផលទើបគេឈប់ដាំដំឡូងមី ។
កសិករម្នាក់ ឈ្មោះ ប៉ែន ឃុយ អាយុ៤៥ឆ្នាំ ជាអតីតយោធាពិការជើងម្ខាង មានប្រពន្ធ ឈ្មោះ ណេត សុខុម អាយុ៤០ឆ្នាំ រស់នៅភូមិខ្លុង សង្កាត់អូរតាវ៉ៅ ក្រុងប៉ៃលិន បានរៀបរាប់ថា ប្រជាពលរដ្ឋទាំងអស់និយមដាំតាង៉ែន ដោយការផ្សាំមែក ព្រោះវាងាយធំហើយឆាប់ផ្លែ ពោលគឺដាំតែរយៈពេល៣ទៅ៤ឆ្នាំប៉ុណ្ណោះ អាចដាក់អ័រម៉ូន(សាន)ឱ្យផ្លែលក់បានហើយ។ រីឯការដាំ អ្នកខ្លះដាក់ចន្លោះពី៥ម៉ែត្រទៅ៦ម៉ែត្រ ចំណែករូបគាត់វិញដាំចន្លោះពីគ្នាប្រវែង៨ម៉ែត្រ៤ជ្រុង ព្រោះបើដាំញឹកពេក នៅថ្ងៃខាងមុខនឹងត្រូវកាត់ដើមមួយចំនួនចោល ។ គាត់បន្តទៀតថា ដំណាំនេះមិនពិបាកក្នុងការថែទាំទេ គ្រាន់តែផ្តល់ទឹកគ្រប់គ្រាន់វានឹងលូតលាស់បានល្អ ។ បន្ទាប់ពីដាំរួច អាចស្រោចទឹក៤ដងក្នុង១ខែ ជាពិសេសនៅពេលដំណាំនេះចេញផ្កា គេត្រូវស្រោចឲ្យញឹកញាប់ ឬដាក់ទុយោបង្កប់នៅតាមគល់ ប្រើម៉ាស៊ីនបូមពីស្រះឬអូរបាញ់ស្រោចរាល់ថ្ងៃកាន់តែប្រសើរ ។
ប្រភពដដែលបន្តទៀតថា ដំណាំតាង៉ែនរបស់គាត់ស្ថិតនៅភូមិដីក្រហម សង្កាត់អូរតាវ៉ៅ ក្រុងប៉ៃលិន សរុបទាំងអស់ចំនួនជាង១០០០ដើម ទើបតែដាំបានរយៈពេលជាង៣ឆ្នាំប៉ុណ្ណោះ ដោយបានដាក់កំណត់ឱ្យផ្លែរួចហើយចំនួន២៥០ដើម ។ គាត់បានបេះលក់កាលពីពេលថ្មីៗនេះ១តោនកន្លះ ដោយក្នុង១គីឡូក្រាមលក់៤ពាន់ទៅ៥ពាន់រៀល លក់ឱ្យឈ្មួញនៅតាមផ្សារនានាក្នុងខេត្ត ដូចជាផ្សារសាមគ្គីហៅផ្សារប៉ាហ៊ី ផ្សារប៉ាងរលឹម ។ ឯនៅសល់មួយចំនួនទៀត គាត់ម៉ៅលក់ផ្លែឱ្យឈ្មួញតម្លៃ៥សែនរៀល បេះយកទៅលក់នៅផ្សារខ្លួនឯង ហើយនៅថ្ងៃខាងមុខគាត់នឹងដាក់អ័រម៉ូនឱ្យផ្លែបន្តបន្ទាប់ផងដែរ ។
ចំណែកឈ្មួញម្នាក់ ឈ្មោះ បោយ សុខ ភេទប្រុស អាយុ៣៩ឆ្នាំ រស់នៅភូមិរថក្រោះឆេះ ឃុំស្ទឹងកាច់ ស្រុកសាលាក្រៅ បានឱ្យដឹងថា គាត់បានប្រកបរបររកស៊ីដើរម៉ៅទិញផ្លែតាង៉ែនតាមចម្ការជាច្រើនរបស់ប្រជាពលរដ្ឋក្នុងខេត្តប៉ៃលិន អស់រយៈពេល៤ឆ្នាំមកហើយ ដោយពេលខ្លះម៉ៅដើមដាក់អ័រម៉ូនឱ្យផ្លែខ្លួនឯង ពេលខ្លះទៀតម៉ៅទិញផ្លែក្នុងចម្ការ លុះពេលទុំជួលកម្មករឱ្យបេះក្នុង១គីឡូក្រាម២រយរៀល បន្ទាប់មកជួលរថយន្តដឹកយកទៅលក់ឱ្យម៉ូយតាមផ្សារនានានៅរាជធានីភ្នំពេញ ។
លោក បោយ សុខ បន្តទៀតថា ការរកស៊ីរបរនេះចំណេញគួរសម ដោយទិញពីក្នុងចម្ការ១គីឡូក្រាមប្រហែល៣ពាន់រៀល លុះដល់ពេលលក់បានថ្លៃពី៥ពាន់ទៅ៦ពាន់រៀល តែបើលក់មិនដាច់ក៏មានការខាតបង់មួយចំនួនដែរ ។ គាត់បញ្ជាក់ថា បច្ចុប្បន្នប្រជាពលរដ្ឋរស់នៅក្នុងខេត្តប៉ៃលិនប្រហែល៦០ភាគរយ នាំគ្នាងាកបែរមកដាំតាង៉ែន ហៅមៀនប៉ៃលិន ខណៈដំណាំដំឡូងមី និងដំណាំពោតមិនសូវទទួលបានផលល្អ ៕
ចែករំលែកព័តមាននេះ