ខេត្តកំពត ៖ ក្រសួងអប់រំ យុវជន និងកីឡា បានបើកសិក្ខាសាលាពិគ្រោះយោបល់មួយស្តីពីសេចក្តីព្រាងក្របខ័ណ្ឌកម្មវិធីសិក្សាចំណេះទូទៅ រយៈពេលបីថ្ងៃ មានសមាជិកចូលរួមពីក្រុមមន្ត្រីជំនាញពាក់ព័ន្ធការងារអប់រំពីស្ថាប័ននានា និងអង្គការសង្គមស៊ីវិល សរុបចំនួន១២៦នាក់ ចាប់ពីថ្ងៃទី២៦ ដល់ថ្ងៃទី២៨ តុលា នៅមន្ទីរអប់រំយុវជននិងកីឡាខេត្ត ។
លោកបណ្ឌិត ហង់ ជួនណារ៉ុន រដ្ឋមន្ត្រីក្រសួងអប់រំយុវជន និងកីឡា បានមានប្រសាសន៍ថា គោលគំនិតនៃការកែទម្រង់កម្មវិធីសិក្សានេះ គឺដើម្បីអភិវឌ្ឍន៍កម្មវិធីសិក្សាឱ្យទាន់ប្រទេសជិតខាងក្នុងតំបន់ ឈានទៅពង្រឹងសមត្ថភាពសិស្ស ឱ្យទាន់ប្រទេសជិតខាងទាំងនោះ ។
ក្របខ័ណ្ឌកម្មវិធីសិក្សានេះ ជាត្រីវិស័យសម្រាប់បង្ហាញចក្ខុវិស័យរបស់រាជរដ្ឋាភិបាលក្នុងការអភិវឌ្ឍធនធានមនុស្ស សម្រាប់ប្រើលើវិស័យ ផ្សេងៗទៀតរបស់ប្រទេស ។
បង្ហាញអំពីសមត្ថភាពសិស្សដែលនឹងត្រូវទទួលបាន ក្រោយពេលបញ្ចប់ភូមិសិក្សា នីមួយៗ និងបង្ហាញអំពីវិធីសាស្ត្រ និងយុទ្ធសាស្ត្រក្នុងការប្រែក្លាយចក្ខុវិស័យឱ្យទៅជាសកម្មភាពដែលអាចអនុវត្តបាន ។
លោកបណ្ឌិតហង់ ជួនណារ៉ុន បន្តថា តាមការវាយតម្លៃផ្ទៃក្នុង និងការស្រាវជ្រាវកម្មវិធីសិក្សាបច្ចុប្បន្ន បង្ហាញថាមានភាពមិនឆ្លើយតបនៃកម្មវិធីសិក្សាលម្អិតទៅនឹងការរស់នៅរបស់សិស្ស ឬការបន្តការសិក្សានៅក្រោយថ្នាក់មធ្យម។ មានកំហុសបច្ចេកទេសទាំងផ្នែកខ្លឹមសារ និងគរុកោសល្យលើមុខវិជ្ជា និងមេរៀនមួយចំនួន ជាលទ្ធផលគ្រូពិបាកបង្រៀនសិស្ស និងសិស្សមិនសូវចូលចិត្តរៀន ឬរៀនបានលទ្ធផលមិនសូវល្អ សិស្សបោះបង់ការសិក្សាច្រើន និងប្រឡងបាក់ឌុបជាប់តែប្រហែល៥០%។ ដូច្នេះគុណភាពនៃកម្មវិធីសិក្សាចូលរួមយ៉ាងសំខាន់ ដល់ការសិក្សារបស់សិស្ស ។
លោកបណ្ឌិតហង់ ជួនណារ៉ុន បានសុំឲ្យអ្នកចូលរួមត្រូវពិភាក្សាស្វែងរកគន្លឹះ ល្អៗ ដើម្បីកែទម្រង់គុណភាពកម្មវិធីសិក្សាឲ្យកាន់តែល្អ ដើម្បីឲ្យសិស្សមានសមត្ថភាពអាចប្រឡងប្រជែងជាមួយប្រទេសជិតខាង ៕
ចែករំលែកព័តមាននេះ