រាជធានីភ្នំពេញ ៖ ការទិញផលិតផលពីកម្ពុជា ពិតជាបានចួលរួមវិភាគទានសំខាន់មួយក្នុងការអភិវឌ្ឍសេដ្ឋកិច្ចនិងសង្គម ដែលធ្វើឲ្យរាជរដ្ឋាភិបាលកម្ពុជា ពិតជាស្វាគមន៍ចំពោះក្រុមហ៊ុនដែលបញ្ជាទិញ ។
ក្នុងជំនួបជាមួយលោក Rich Darling នាយកប្រតិបត្តិទទួលបន្ទុកទំនាក់ទំនងជាមួយរដ្ឋាភិបាល កិច្ចការសាធារណៈ និងនិរន្តរភាពខ្សែសង្វាក់ផ្គត់ផ្គង់នៃក្រុមហ៊ុន Li និង Fung ប្រចាំទីក្រុងញូវយ៉កដ៏ល្បីល្បាញ នាព្រឹកថ្ងៃទី២៧ ខែតុលា នៅទីស្តីក្រសួងការងារ និងបណ្ដុះបណ្ដាលវិជ្ជាជីវៈ លោករដ្ឋមន្ត្រី អ៊ិត សំហេង មានប្រសាសន៍ថា ក្រុមហ៊ុនពិតជាមានសារសំខាន់ណាស់ក្នុងចួលរួមអភិវឌ្ឍន៍ប្រទេសកម្ពុជា។ ជាមួយគ្នានេះ លោករដ្ឋមន្ត្រី បានចាត់ទុកក្រុមហ៊ុន Li និង Fung ទុកជាដៃគូមួយដ៏សំខាន់ក្នុងការអភិវឌ្ឍសេដ្ឋកិច្ចរបស់ខ្លួន ។
លោករដ្ឋមន្ត្រីបន្តថា រាជរដ្ឋាភិបាលនឹងខិតខំធ្វើយ៉ាងណាកាត់បន្ថយថ្លៃដើម ដើម្បីឲ្យក្រុមហ៊ុនទាំងអស់ងាយស្រួលធ្វើអាជីវកម្ម និងធ្វើយ៉ាងណាឲ្យផលិតផលមានគុណភាព និងជាផលិតផលល្អ ។ កម្ពុជាជាប្រទេសមួយដែលមានម៉ាកល្បីមួយសម្រាប់ក្រុមហ៊ុនធំ ក្នុងការទិញផលិតផលទៅលក់នៅក្រៅប្រទេស ។
លោករដ្ឋមន្ត្រី ថ្លែងទៀតថា ចាប់ពីឆ្នាំ២០១៦ទៅ កម្មករនិយោជិត នឹងទទួលបានប្រាក់ខែគោលអប្បបរមា១៤០ដុល្លារ រួមទាំងប្រាក់អត្ថប្រយោជន៍ផ្សេងៗទៀត ដូចជាប្រាក់រង្វាន់១០ដុល្លារ ប្រាក់ដឹកជញ្ជូន និងធ្វើដំណើរ៧ដុល្លារ និងអតីតភាពមួយចំនួនទៀត ដែលគិតសរុបកម្មករអាចទទួលបានពី១៥៧ទៅ១៦៨ដុល្លារ ។
លោក Rich Darling ថ្លែងថា ក្រុមហ៊ុនលោកបានធ្វើការវិនិយោគជាមួយប្រទេសជាង៤០ ហើយប្រទេសកម្ពុជាជាដៃគូមួយសំខាន់ និងមានចំណាប់អារម្មណ៍ពីក្រុមហ៊ុន ។ លោកបន្តថាក្រុមហ៊ុនលោកបានដឹកជញ្ជូនផលិតផលចេញពីកម្ពុជាក្នុងឆ្នាំ២០១៥ មានទំហំទឹកប្រាក់៤២០លានដុល្លារ ដែលបង្ហាញពីកាវិវត្ត ពិសេសនោះអនុវត្តតាមច្បាប់និងស្តង់ដា ។ អ្វីដែលសំខាន់នោះ ក្រុមហ៊ុននឹងធ្វើការតាមដានពាក់ព័ន្ធនឹងសុវត្ថិភាពនៅកន្លែងធ្វើការងារ។
លោក Rich Darling ថ្លែងទៀតថា បើតាមការជជែកគ្នាជាមួយដៃគូសំខាន់ៗផ្សេងទៀត គេបានចាប់អារម្មណ៍លើការវិវត្តរបស់កម្ពុជា ពិសេសនោះការដំឡើងប្រាប់ឈ្នួលអប្បបរមាដល់កម្មករតែម្តង ។ លោកបញ្ជាក់ថា «ចំពោះយើង ចង់ឲ្យមានការចូលរួមពិភាក្សាពីប្រាក់ឈ្នួលឲ្យបានដំណើរការល្អ មិនចង់ឲ្យមានកំណត់នោះទេ ។ សម្រាប់ប្រាក់ឈ្នួលនោះវាមិនសំខាន់សម្រាប់ក្រុមហ៊ុនលោកទេ គឺសំខាន់នៅប្រទេសសាមីត្រូវមើលលើការប្រកួតប្រជែងទីផ្សារ ថាអាចកំណត់ប្រាក់ឈ្នួលបានប៉ុន្មាន ហើយអនុវត្តច្បាប់ និងស្តង់ដារយ៉ាងណា» ។
លោកថ្លែងថា ការពិភាក្សាពីប្រាក់ឈ្នួលជាអធិបតេយ្យភាពរបស់ប្រទេសមួយៗ គឺត្រូវពិភាក្សាជាមួយដៃគូខាងសហជីព និងនិយោជកថា ប្រាក់ឈ្នួលត្រូវឡើងប៉ុនណា ។ ចំពោះក្រុមហ៊ុន Li និង Fung ដែលមានវត្តមាននៅក្នុងប្រទេសកម្ពុជាប្រមាណ២ទៅ៣ឆ្នាំ លើកទឹកចិត្តចំពោះកម្មករ និងនិយោជកពិភាក្សាគ្នាថា ត្រូវដំឡើងប៉ុន្មាន ហើយនៅពេលដំឡើងនោះនឹងចូលរួមអភិវឌ្ឍន៍ ប្រទេសទាំងអស់គ្នា ។
លោក Rich Darling ថ្លែងទៀតថា បញ្ហាប្រឈមរបស់កម្ពុជាត្រូវតែឈរលើគោលការណ៍ និងបន្តបរិយាកាសដែលមានស្ថិរភាពមួយ និងបន្តនិរន្តរភាពនៃដំណើរការនេះ ដើម្បីកាត់បន្ថយការរំខានកុំឲ្យមានបញ្ហាផ្សេងៗ។
ក្នុងជំនួបនោះ លោករដ្ឋមន្ត្រីក៏បានលើកឡើងពីច្បាប់សហជីពផងដែរថា ច្បាប់សហជីពត្រូវបានក្រសួងធ្វើឡើងស្របតាមស្តង់ដាអន្តរជាតិ ក្នុងនោះធានាសហជីពទាំងអស់ឲ្យស្របនឹងសន្ធិសញ្ញាអន្តរជាតិ ។ បើកទូលាយនៃការបង្កើតសហជីពស្របច្បាប់ និងទប់ស្កាត់ការរើសអើងចំពោះសហជីព។
លោករដ្ឋមន្ត្រីបន្តថា ច្បាប់ស្ដីពីសហជីពបានធ្វើការជជែកគ្នារវាងភាគីពាក់ព័ន្ធជាច្រើន ពិសេសនោះអង្គការអន្តរជាតិខាងការងារដែលបានទទួលស្គាល់ថា ច្បាប់នេះពិតជាស្របនឹងសន្ធិសញ្ញាអន្តរជាតិខាងការងារ ប៉ុន្តែយ៉ាងណាក៏ដោយ ច្បាប់នេះមិនទាន់ឯកភាពទាំងស្រុងពីភាគីមួយចំនួននោះទេ ។
ទាក់ទិនឹងច្បាប់ស្ដីពីសហជីពនេះ លោករដ្ឋមន្ត្រីបញ្ជាក់ថា «ច្បាប់ស្ដីពីសហជីពនឹងបញ្ចប់ក្នុងឆ្នាំ២០១៥ នេះ ដូច្នេះនៅពេលដែលច្បាប់នេះចេញ នឹងមានការពិភាក្សាគ្នាចំហទៀត។ ជាងនេះ ច្បាប់សហជីពអាចនឹងត្រូវរដ្ឋសភាអនុម័តនៅក្នុងឆ្នាំ២០១៦ ហើយដាក់ឲ្យអនុវត្តផងដែរ » ៕



ចែករំលែកព័តមាននេះ