រាជធានីភ្នំពេញ ៖ សេចក្តីរាយការណ៍បានឱ្យដឹងថា សពបុរសម្នាក់អាយុប្រហែលជាង៤០ឆ្នាំស្លៀកខោខូវប៊យ ពាក់អាវដៃវែងក្រឡាខ្លឹមខ្នុរត្រូវគេប្រទះឃើញដេកស្លាប់នៅក្នុងដីឡូត៍មួយកន្លែងស្ថិតក្នុងភូមិព្រែកតារ័ត្ន សង្កាត់ព្រែកតាសេក ខណ្ឌជ្រោយចង្វារ បង្កឱ្យមានការភ្ញាក់ផ្អើលកាលពីវេលាម៉ោង៦ និង១៥នាទីព្រឹក ថ្ងៃទី២៨ តុលា នេះ។
ប្រភពបានឱ្យដឹងថា សពប្រហែលត្រូវគេវាយសម្លាប់ពីកន្លែងណាមួយរួចអូសយកមកទុកចោលក្នុងដីឡូត៍ខាងលើដែលមានចម្ងាយប្រមាណ៥០ម៉ែត្រពីផ្លូវលំ។
សេចក្តីរាយការណ៍បានឱ្យដឹងទៀតថា នៅតាមផ្លូវមកកន្លែងកើតហេតុគេប្រទះឃើញមួកសុវត្ថិភាពមួយ ដែលគេសង្ស័យថា ជាមួករបស់សពជនរងគ្រោះ។
ជនរងគ្រោះត្រូវគេសង្ស័យថា អាចជាអ្នករត់ម៉ូតូឌុប ឬមានអ្នកស្គាល់គ្នាហៅឌុបមកកាន់កន្លែងកើតហេតុជាកន្លែងស្ងាត់រួចធ្វើសកម្មភាពវាយសម្លាប់ប្លន់យកម៉ូតូតែម្តង។
សពគេមិនទាន់ស្គាល់អត្តសញ្ញាណទេ ពេលនេះសមត្ថកិច្ចកំពុងស្រាវជ្រាវរកសាច់ញាតិ៕




ចែករំលែកព័តមាននេះ