ខេត្តកោះកុង ៖ នៅរសៀលថ្ងៃទី២៧ តុលា ២០១៥ សមត្ថកិច្ចគយ និងរដ្ឋាករខេត្តកោះកុងបានស្ទាក់ឃាត់រថយន្តប្រមាណជិត២០០គ្រឿងទាំងតូចទាំងធំ ដែលបានផ្ទុកទំនិញសព្វសារពើដូចជា ចាប់ហួយ សម្លៀកបំពាក់ គ្រឿងសង្ហារឹម គ្រឿងអេឡិចត្រូនិច និងម្ហូបចំណី ចូលតាមច្រកទ្វារអន្តរជាតិចាំយាមឆ្ពោះទៅពិធីតាំងពិព័រណ៍នៅមជ្ឈមណ្ឌលកោះពេជ្រ រាជធានីភ្នំពេញ ។
លោក សុវណ្ណ ប៊ុនធឿន ប្រធានស្នាក់ការច្រកទ្វារអន្ដរជាតិចាំយាម បានឲ្យដឹងថា ទំនិញទាំងនេះត្រូវបានក្រុមហ៊ុនឯកជនថៃមកពីខេត្តត្រាត និងខេត្តចាន់បុរី ទំនាក់ទំនងដើម្បីសុំការអនុញ្ញាតពីក្រសួងពាណិជ្ជកម្ម ក្រសួងមហាផ្ទៃ និងអគ្គនាយកដ្ឋានគយ និងរដ្ឋាករ ដើម្បីចូលរួមតាំងពិព័រណ៍លក់នៅក្នុងមជ្ឈមណ្ឌលកោះពេជ្រ រាជធានីភ្នំពេញ រយៈពេល៦ថ្ងៃ គឺចាប់ពីថ្ងៃទី២៨ តុលា ដល់ថ្ងៃទី០៣ វិច្ឆិកា ២០១៥ ហើយរថយន្តទាំងធំទាំងតូចមានចំនួន១៩០គ្រឿង ប៉ុន្តែត្រូវបានអនុញ្ញាតឲ្យចូលតាមច្រកទ្វារអន្តរជាតិចាំយាមចាប់ពីរសៀលថ្ងៃទី២៧ តុលា នេះតទៅ ។
ចំពោះការស្ទាក់ឃាត់រថយន្តខាងលើដែលធ្វើឡើងដោយសមត្ថកិច្ចគយនេះ បើតាមការបញ្ជាក់ពីលោក សំ កុសល ប្រធានសាខាគយ និងរដ្ឋាករខេត្ត បានឲ្យដឹងថា ដើម្បីត្រួតពិនិត្យមើលឯកសារផ្លូវច្បាប់ និងម្យ៉ាងទៀតដើម្បីផ្ទៀងផ្ទាត់ចំនួនរថយន្តដែលត្រូវបានដឹកទំនិញចូលតាមការអនុញ្ញាតក្នុងឯកសារ ប៉ុន្តែគិតត្រឹមម៉ោង៥ល្ងាចថ្ងៃនេះទើបតែចូលបានជាង១០០ឡានប៉ុណ្ណោះ ។
លោក សុវណ្ណ ប៊ុនធឿន ប្រធានស្នាក់ការច្រកទ្វារបានបញ្ជាក់ទៀតថា នៅក្នុងរាត្រីនេះ ក៏មានខ្សែរថយន្តថៃជាង១០០គ្រឿងផ្សេងទៀតនាំចូលទំនិញទៅលក់នៅផ្សារអ្នកលឿង ខេត្តព្រៃវែងផងដែរ ដូច្នេះរថយន្តថៃដែលនាំទំនិញចូលតាំងពិព័រណ៍លក់នៅគោលដៅកោះពេជ្រ និងទីប្រជុំជនអ្នកលឿង ខេត្តព្រៃវែង មានចំនួនប្រមាណ៣០០គ្រឿងឯណោះ ចំណែកពាក់ព័ន្ធនឹងការបង់ប្រាក់ពន្ធគឺជាបន្ទុករបស់គយនៅច្រកទ្វារព្រំដែន ៕


ចែករំលែកព័តមាននេះ