ខេត្តត្បូងឃ្មុំ ៖ ត្រីនុយរាប់តោនត្រូវបានក្រុមឈ្មួញសម្រុកដឹកតាមទូកបំពាក់ម៉ាស៊ីនជាច្រើនគ្រឿង ចេញពីចំណុចអតីតឡូត៍នេសាទលេខ១០នៅឃុំពាមជីលាំង ស្រុកត្បូងឃ្មុំ សង្ស័យបានមកពីការដាក់ដាយខុសច្បាប់ ហើយត្រូវគេដឹកតាមទូកមកចូលចតនៅច្រាំងទន្លេមេគង្គត្រង់កំពង់សាឡាងចាស់ នារសៀលថ្ងៃទី២៦ តុលា ។ លុះព្រឹកថ្ងៃទី២៧ តុលា ត្រូវគេដឹកតាមរថយន្តដែលមានទម្ងន់រាប់តោន សង្ស័យយកទៅធ្វើជានុយត្រីឆ្តោ និងខ្លះថាយកទៅផលិតទឹកត្រីសម្រាប់លក់លើទីផ្សារ ។
តាមប្រភពពីកម្មករបានឲ្យដឹងថា ត្រីនុយដែលគេបានដឹកតាមទូកជាច្រើនគ្រឿងមកចូលចតនៅច្រាំងទន្លេក្រុងកំពង់ចាមនេះ សង្ស័យដឹកចេញពីព្រែកពាមជីលាំង ស្ថិតក្នុងភូមិសាស្ត្រទឹកដីស្រុកត្បូងឃ្មុំ បានមកពីការដាក់ដាយយកមកលក់១គីឡូក្រាមតម្លៃ៨០០រៀល និងមិនដឹងថាគេដឹកតាមរថយន្តយកត្រីស្អុយៗទាំងនោះទៅធ្វើអ្វីឡើយ ។
លោក អ៊ុក ណារិន នាយខណ្ឌរដ្ឋបាលជលផលខេត្តកំពង់ចាម បានឲ្យដឹងថា នៅក្នុងរដូវបើកនេសាទនេះត្រីដែលគេបានដឹកតាមទូកបំពាក់ម៉ាស៊ីនមកចូលចតនៅច្រាំងទន្លេក្រុងកំពង់ចាម គឺមានមន្ត្រីជលផលចេញការអនុញ្ញាតឱ្យសម្រាប់ដឹកជញ្ជូនតាមផ្លូវច្បាប់ ។ បើក្នុងករណីដែលត្រីបានមកពីការនេសាទដាក់ដាយនោះ គឺជាទង្វើខុសច្បាប់ ហើយក៏ជាភាពកំសោយមួយរបស់កម្លាំងជលផលខេត្តត្បូងឃ្មុំផងដែរ ។
លោក ចាប សៀកហេង នាយអធិការដ្ឋានរដ្ឋបាលជលផលមេគង្គ បានប្រាប់តាមទូរស័ព្ទថា នៅក្នុងរដូវបើកនេសាទនេះតាមច្បាប់គឺអនុញ្ញាតឲ្យដាក់របាំងនៅក្នុងព្រែកពាមជីលាំង តែត្រូវទុកទំហំមុខទឹកឲ្យបាន១ភាគ៣សម្រាប់ជាចរន្តត្រីចេញចូល តែក្នុងករណីដាក់ដាយចាប់ត្រីនោះគឺខុសច្បាប់ហើយ ។ ប្រភពដដែលបានបន្តទៀតថា តាមលោក ម៉ា យ៉ុងរី នាយខណ្ឌរដ្ឋបាលជលផលខេត្តត្បូងឃ្មុំ បានរាយការណ៍មករូបលោកថា នៅព្រែកពាមជីលាំងនេះសម្បូរដោយឧបករណ៍ចាប់ត្រី ដោយអះអាងថា ឧបករណ៍ទាំងនេះមិនខុសច្បាប់ទេ ។ លោកបានបន្តថា នៅថ្ងៃទី២៧ តុលា ពេលដែលត្រឡប់មកពីប្រជុំនៅរាជធានីភ្នំពេញវិញ នឹងប្រាប់ទៅជំនាញជលផលខេត្តត្បូងឃ្មុំ ឲ្យចុះទៅពិនិត្យមើលព្រែកពាមជីលាំង តើពិតជាមានឧបករណ៍នេសាទខុសច្បាប់មែនឬអត់ ។
ដោយឡែកនៅព្រឹកថ្ងៃទី២៧ តុលា សកម្មភាពដឹកត្រីនុយនេះបានកើតឡើងយ៉ាងគគ្រឹកគគ្រេងត្រង់ចំណុចកំពង់សាឡាងចាស់ នៅពេលដែលភ្នាក់ងាររបស់យើងបានសួរនាំ គេគ្រាន់តែប្រាប់ថា ត្រីទាំងនេះបានដឹកចេញពីព្រែកពាមជីលាំងមែន យកទៅដាក់ឡទឹកត្រី តែមិនបានឲ្យដឹងទីតាំងនោះនៅចំណុចណាទេ ៕



ចែករំលែកព័តមាននេះ