ខេត្តសៀមរាប ៖ មន្ត្រីសាខាកាំកុងត្រូលខេត្ត ដឹកនាំដោយលោក ព្រហ្ម ដូលីន ប្រធានសាខា រួមជាមួយមន្ត្រីមន្ទីរពាណិជ្ជកម្មខេត្ត បានចុះត្រួតពិនិត្យទំនិញ និងចំណីអាហារជាច្រើនមុខនៅផ្សារក្រោម ក្នុងក្រុងសៀមរាបកាលពីថ្ងៃទី២៦ តុលា ក្នុងគោលបំណងទប់ស្កាត់ការចរាចរណ៍លក់ដូរទំនិញ និងចំណីអាហារដែលខូចគុណភាព និងហួសកាលបរិច្ឆេទប្រើប្រាស់។
លោក ព្រហ្ម ដូលីន បានឱ្យដឹងថា នៅក្នុងឆ្នាំ២០១៥នេះ បានកត់សម្គាល់ឃើញថា មានការប្រែប្រួលជាវិជ្ជមានលើការទទួលខុសត្រូវខ្ពស់របស់អ្នកលក់ទំនិញ និងចំណីអាហារវេចខ្ចប់រួច ឬចំណីអាហារជាគ្រឿងកំប៉ុងផ្សេងៗ នៅតាមហាងលក់គ្រឿងទេស និងនៅតាមផ្សារនៅតំបន់ជនបទ ឬតាមផ្សារទំនើបនានាក្នុងខេត្តសៀមរាប ។
លោក ព្រហ្ម ដូលីន បញ្ជាក់ថា ការចុះត្រួតពិនិត្យការលក់ទំនិញ ចំណីអាហារវេចខ្ចប់ និងគ្រឿងកំប៉ុង ជាពិសេសចំណីអាហារដូចជាស្ពៃជ្រក់ សរសៃគុយទាវ នៅផ្សារក្រោមនាពេលនេះ ពុំមានរកឃើញនិងដកហូតទំនិញចំណីអាហារខូចគុណភាព និងហួសកាលកំណត់ប្រើប្រាស់ឡើយ ។ ប៉ុន្តែ លោកប្រធានសាខានៅមានការព្រួយបារម្ភថា នៅតាមផ្ទះលក់គ្រឿងទេសនានានៅតំបន់ដាច់ស្រយាល ដែលពុំមានស្តង់ដាក្នុងការថែរក្សាគុណភាពទំនិញនោះ នឹងធ្វើឱ្យទំនិញដែលមិនទាន់ហួសកាលបរិច្ឆេទប្រើប្រាស់ ប្រឈមនឹងការខូចគុណភាពបាន ។ បញ្ហានេះមន្ត្រីជំនាញរបស់សាខា នឹងចុះត្រួតពិនិត្យជាបន្តបន្ទាប់នៅក្នុងខេត្តសៀមរាបឱ្យដូចភ្លៀងរលឹម ដើម្បីកុំឱ្យពលរដ្ឋមានការព្រួយបារម្ភពីទំនិញនិងចំណីអាហារតទៅទៀត ។
ជាមួយគ្នានេះ លោក ព្រហ្ម ដូលីន ក៏បានអំពាវនាវឱ្យម្ចាស់សហគ្រាសទាំងអស់ មានការត្រួតពិនិត្យជាប្រចាំ បើឃើញទំនិញរបស់ខ្លួនហួសកាលកំណត់ប្រើប្រាស់ត្រូវយកចេញ និងកុំដាក់តាំងលក់បន្តទៀត ព្រោះសៀមរាបជាតំបន់ទេសចរណ៍ដ៏ធំរបស់កម្ពុជា ប្រសិនមានបញ្ហាអ្វីមួយពាក់ព័ន្ធនឹងចំណីអាហារ នឹងធ្វើឱ្យប៉ះពាល់ដល់លំហូរចូលរបស់អ្នកទេសចរមកកាន់កម្ពុជា ៕




ចែករំលែកព័តមាននេះ