ខេត្តបន្ទាយមានជ័យ ៖ ពលករខ្មែរម្នាក់បានស្លាប់ក្នុងថ្លុកឈាមលើទឹកដីថៃដោយសារជនដៃដល់ជាពលករខ្មែរដូចគ្នាកាប់ជាច្រើនកាំបិតក្នុងវង់ផឹកស៊ី កាលពីវេលាម៉ោងជាង៤រសៀល ថ្ងៃទី២៥ តុលា ២០១៥ នៅខេត្តសាមុទ្រប្រាកាន។
ជនរងគ្រោះឈ្មោះឆែម រី ភេទប្រុស អាយុ៣៥ឆ្នាំ ជាកម្មករសំណង់នៅប្រទេសថៃ និងមានទីលំនៅភូមិប្រជាធម្មលិច សង្កាត់ផ្សារកណ្តាល ក្រុងប៉ោយប៉ែត។
ឈ្មោះទិត្យ ផល្ល័ក្ខ អាយុ២៥ឆ្នាំ ជាប្រពន្ធជនរងគ្រោះប្រាប់តាមទូរស័ព្ទនៅរសៀលថ្ងៃទី២៧នេះថា នាងមិនបានស្ថិតក្នុងហេតុការណ៍ទេនៅពេលដែលប្តីរបស់នាងត្រូវជនដៃដល់កាប់សម្លាប់នោះ។ នាងបន្តថា មុនហេតុការណ៍កើតឡើងប្តីរបស់នាងត្រូវមិត្តភក្តិហៅផឹកស្រា ក្នុងនោះក៏មានជនសង្ស័យចូលវង់ផឹកស៊ីដែរ លុះប្តីនាងសុំទៅសម្រាកស្រាប់តែជនដៃដល់បង្កបញ្ហារហូតកើតជាជម្លោះ ដោយជននោះតាមកាប់ប្តីនាងដែលកំពុងរត់ឡើងទៅជាន់ទី២កន្លែងអគារស្នាក់នៅបណ្តាលឲ្យស្លាប់ក្នុងថ្លុកឈាមតែម្តង។
ស្ត្រីខាងលើបន្តថា ជនដៃដល់ក្រោយកើតហេតុបានរត់ទៅលាក់ខ្លួនក្នុងបន្ទប់មួយនៃអគារកន្លែងកើតហេតុ តែត្រូវសមត្ថកិច្ចថៃឆែកឆេរចាប់ខ្លួនបានហើយ។ នាងបន្តថា ចង់យកសពប្តីត្រឡប់មកស្រុកវិញ ប៉ុន្តែគ្មានប្រាក់ ព្រោះថ្លៃដឹកជញ្ជូនគេទាររហូត13.000 បាត(មួយម៉ឺនបីពាន់បាត)។
ប្រពន្ធជនរងគ្រោះបន្តថា នៅពេលសម្រេចបូជាសពប្តីលើទឹកដីថៃបែរជាជួបបញ្ហាមួយថែមទៀត គឺប័ណ្ណស៊ីជម្ពូរបស់នាង និងប្តីបាត់អស់រកមិនឃើញ ហើយភាគីថៃកំពុងឲ្យធ្វើឯកសារពីសាវតាជនរងគ្រោះទើបគេហ៊ានបូជា។
នៅរសៀលថ្ងៃទី២៧ តុលា ស្ត្រីខាងលើបានយំយែកដង្ហោយរកយុត្តិធម៌និងអំពានាវសុំឲ្យក្រសួងពាក់ព័ន្ធកម្ពុជា ពិសេសមន្ត្រីកម្ពុជាប្រចាំនៅប្រទេសថៃមេត្តាជួយនាងផង ព្រោះមកទល់នឹងម៉ោង២រសៀលថ្ងៃទី២៧ នេះហើយសពនៅមិនទាន់បានបូជាទៀត។
នាងប្រាប់ថា បានទាក់ទងទូរស័ព្ទទៅមន្ត្រីស្ថានទូតប្រចាំនៅប្រទេសថៃដែរ ប៉ុន្តែមកទល់និងរសៀលថ្ងៃទី27 នេះសពប្តីនាងនៅតែមិនអាចបូជាបានដដែល។ ជុំវិញករណីខាងលើមន្ត្រីកម្ពុជាប្រចាំប្រទេសថៃមិនអាចទាក់ទងសុំការបំភ្លឺបានទេ ៕
ចែករំលែកព័តមាននេះ