នាថ្ងៃទី២៧ តុលា ២០១៥ វេលាម៉ោង៨និង៣០ព្រឹក នៅសណ្ឋាគារឡឺរ៉ូយ៉ាល់ មានបើកសិក្ខាសាលាស្តីពីកម្រងអត្ថបទនីតិវិធីបញ្ចេញទំនិញពីគយ និងលទ្ធផលការសិក្សាប្រព័ន្ធតាមដានទំនិញ ដែលរៀបចំឡើងដោយអគ្គនាយកដ្ឋានគយ និងរដ្ឋាករកម្ពុជា សហការជាមួយធនាគារអភិវឌ្ឍន៍អាស៊ី ក្នុងគោលបំណងសំខាន់ៗចំនួន៣ គឺ ទី១-ចែកផ្សាយនូវសៀវភៅកម្រងអត្ថបទស្តីពីនីតិវិធីបំពេញបែបបទបញ្ចេញទំនិញពីគយដែលទើបនឹងបោះពុម្ពរួច ទី២-ពិភាក្សាលទ្ធផលនៃការសិក្សាលើលទ្ធភាពនៃការប្រើប្រាស់ប្រព័ន្ធផ្កាយរណបតាមដានទំនិញដែលដឹកជញ្ជូនតាមរបបគយឆ្លងកាត់ និងទី៣-សម្ពោធដាក់ឲ្យដំណើរការជាផ្លូវការនូវគេហទំព័រថ្មីរបស់អគ្គនាយកដ្ឋានគយ និងរដ្ឋាករកម្ពុជា។
សិក្ខាសាលានេះ បានប្រព្រឹត្តទៅក្រោមអធិបតីភាពឯកឧត្តមបណ្ឌិត គុណ ញឹម អគ្គនាយកនៃអគ្គនាយកដ្ឋានគយ និងរដ្ឋាករកម្ពុជា ព្រមទាំងមានការចូលរួមពីសំណាក់តំណាងក្រសួងនានានៃរាជរដ្ឋាភិបាល អាជ្ញាធរកំពង់ផែ ធុរជននាំចេញនាំចូលវិស័យឯកជនពាក់ព័ន្ធផ្សេងទៀត មន្ត្រីគយ និងរដ្ឋាករ ព្រមទាំងអ្នកសង្កេតការណ៍ជាតិ និងអន្តរជាតិផងដែរ។
ថ្លែងក្នុងសុន្ទរកថាបើក ឯកឧត្តមបណ្ឌិត គុណ ញឹម បានគូសបញ្ជាក់អំពីផលប្រយោជន៍នៃសៀវភៅកម្រងអត្ថបទស្តីពីនីតិវិធីបំពេញបែបបទបញ្ចេញទំនិញពីគយថា ជាមធ្យោបាយមួយដ៏សំខាន់ក្នុងចំណោមយន្តការនានា ដើម្បីផ្សព្វផ្សាយបង្កើនការយល់ដឹងរបស់ភាគីពាក់ព័ន្ធ ជាពិសេសវិស័យឯកជនអំពីបទប្បញ្ញត្តិ និងនីតិវិធីជាធរមាននានា ពាក់ព័ន្ធនឹងការបំពេញបែបបទបញ្ចេញទំនិញពីគយ។ ដោយឡែកលទ្ធផលនៃការសិក្សាប្រព័ន្ធតាមដានទំនិញ (Cargo Tracking System) គឺជាមូលដ្ឋានគ្រឹះ ដើម្បីឈានទៅអនុវត្តមុខងារឆ្លងកាត់របស់ប្រព័ន្ធស្វ័យប្រវត្តិកម្មគយ ស្របតាមឧត្តរមានុវត្តន៍អន្តជាតិផង សំដៅលើកកម្ពស់បន្ថែមទៀតនូវកិច្ចសម្រួលពាណិជ្ជកម្មអន្តរជាតិនៅកម្ពុជា។
នាឱកាសនេះដែរ ឯកឧត្តមបណ្ឌិត គុណ ញឹម ក៏បានប្រកាសដាក់ឲ្យដំណើរការជាផ្លូវការនូវគេហទំព័ររបស់អគ្គនាយកដ្ឋានគយ និងរដ្ឋាករកម្ពុជា ដែលទើបនឹងត្រូវបានកែលម្អឲ្យមានលក្ខណៈទំនើប ដោយមានព័ត៌មានសំបូរបែប ស្របតាមស្តង់ដារអន្តរជាតិ និងឆ្លើយតបចំពោះតម្រូវការរបស់សាធារណជន ជាពិសេសគឺវិស័យឯកជន។
បន្ទាប់មក តំណាងធនាគារអភិវឌ្ឍន៍អាស៊ី និងអគ្គនាយកដ្ឋានគយ និងរដ្ឋាករកម្ពុជា បានធ្វើបទបង្ហាញអំពីសៀវភៅកម្រងអត្ថបទពាក់ព័ន្ធនឹងមាតិកា ខ្លឹមសារអត្ថបទ អត្ថប្រយោជន៍ និងរបៀបស្វែងរកព័ត៌មានក្នុងអត្ថបទនោះ លទ្ធផលនៃការសិក្សាក្នុងដំណាក់កាលដំបូងនៃការសិក្សាលើប្រព័ន្ធតាមដានទំនិញ (Cargo Tracking System) និងលទ្ធភាពនៃការអនុវត្តប្រព័ន្ធនេះ នៅកម្ពុជា ព្រមទាំងស្ថានភាពនៃការអនុវត្តនីតិវិធីឆ្លងកាត់គយអាស៊ាននៅកម្ពុជា និងដំណើរការអភិវឌ្ឍមុខងារឆ្លងកាត់របស់ប្រព័ន្ធអាស៊ីគូដា។
សិក្ខាសាលានេះ បានបញ្ចប់នៅវេលាម៉ោង១២:០០នាទីនៃថ្ងៃដដែលក្រោមបរិយាកាសការងារ និងស្និទ្ធស្នាល។




ចែករំលែកព័តមាននេះ