ខេត្តកំពង់ស្ពឺ ៖ ស្ត្រីម្នាក់សម្រាលបានកូនភ្លោះស្រីចំនួន៣នាក់ ហើយពួកគេមានសុខភាពល្អទៀត។ ហេតុការណ៍នេះធ្វើឱ្យមានការភ្ញាក់ផ្អើលដល់អ្នកភូមិទៅចោមរោមមើល បន្ទាប់ពីគាត់បានចាកចេញពីមណ្ឌលសុខភាពកាលពីព្រឹកថ្ងៃទី២៧ តុលា នៅភូមិដុំខ្វិត ឃុំវាលពន់ ស្រុកថ្ពង ។
ស្ត្រីជាម្ដាយកូនភ្លោះនោះឈ្មោះជិន រឿន អាយុ៣៧ឆ្នាំ ចំណែកប្តីដែលជាឪពុកទារិកាទាំង៣ឈ្មោះអ៊ុក ធូ អាយុ៣៧ឆ្នាំ។
តាមការរៀបរាប់របស់ស្រី្តឈ្មោះជិន រឿន បានឱ្យដឹងថា រូបគាត់មានកូន៦នាក់មកហើយ ការពពោះកូននេះជាកូនទី៧ តែអំឡុងពេលពពោះមិនដែលសូវបានទៅពិនិត្យសុខភាពនោះទេ ស្រាប់តែនៅថ្ងៃទី២៥ តុលា២០១៥ រូបគាត់មានអាការឈឺពោះក៏បានឱ្យប្តីជូនទៅមណ្ឌលសុខភាពដុំខ្វិតដើម្បីសំរាលកូន។
នៅពេលសំរាលក្រុមគ្រូពេទ្យប្រាប់ថា កូនរបស់គាត់ភ្លោះដល់ទៅ៣នាក់ធ្វើឱ្យគាត់មានកម្លាំងចិត្តរឹតតែខ្លាំង និងខំបង្កើតកូនរហូតឆ្លងផុតគ្រោះថ្នាក់មួយនេះ។ ក្រុមគ្រូពេទ្យនៅមណ្ឌលសុខភាពដុំខ្វិតបានប្រាប់ឱ្យដឹងដែរថា កូនភ្លោះទាំង៣ដែលមកចាប់កំណើតក្នុងគ្រួសារកសិករក្រីក្រនេះមានសុខភាពល្អណាស់។ ក្រុមគ្រូពេទ្យបានយកអស់កម្លាំងកាយចិត្តណាស់ក្នុងការសង្ក្រោះស្ត្រីដែលពពោះកូនភ្លោះ៣នាក់នេះ។
ស្ត្រីជាម្តាយកូនភ្លោះទាំង៣នាក់បានអំពាវនាវដល់សប្បុរសជនសូមជួយផ្តល់ថវិកាក៏ដូចជាគ្រឿងហូបចុកដល់គ្រួសារគាត់ផងដើម្បីមានសុខភាពបំបៅដោះកូនទាំង៣។ សូមរំលឹកថា ជានិច្ចកាលបើមានគ្រួសារណាមួយកើតបានកូនភ្លោះ៣នាក់នោះ គឺសម្តេចតេជោនឹងជួយចិញ្ចឹមបីបាច់ថែរក្សាដល់កូនភ្លោះទាំង៣នេះ៕
ចែករំលែកព័តមាននេះ