រាជធានីភ្នំពេញ ៖ ប្រជាពលរដ្ឋរស់នៅក្នុងខណ្ឌ៧មករាជាច្រើននាក់បានលើកឡើងអំពីក្តីកង្វល់នៅក្នុងមូលដ្ឋានរបស់ខ្លួន និងសំណូមពរឲ្យអាជ្ញាធររាជធានីភ្នំពេញជួយអន្តរាគមន៍ និងមានវិធានការចុះបង្ក្រាប ល្បែងស៊ីសងដែលសព្វថ្ងៃរីកដូចផ្សិត បង្កឲ្យមានចោរលួច ឆក់ ប្លន់ និងគ្រឿងញៀន ហើយកន្លងមកអាជ្ញាធរខណ្ឌ៧មករានេះមិនទាន់មានវិធានការក្តៅនោះទេ ខៈណៈដែលអាជ្ញាធរខណ្ឌផ្សេងៗចុះបង្ក្រាបយ៉ាងគគ្រឹកគគ្រេងជាបន្តបន្ទាប់នោះ ។
នេះជាការលើកឡើងរបស់ប្រជាពលរដ្ឋនៅក្នុងវេទិកាសាធារណៈ កាលពីព្រឹកថ្ងៃទី២៧ តុលា ២០១៥ នៅភោជនីយដ្ឋានវិមានមាស តាមបណ្តោយផ្លូវនេរុហ៍ ក្នុងសង្កាត់វាលវង់ ខណ្ឌ៧មករា ស្ថិតក្រោមអធិបតីភាពលោក ឃួង ស្រេង អភិបាលរងរាជធានីភ្នំពេញ លោកងី តាយី រដ្ឋលេខាធិការក្រសួងសេដ្ឋកិច្ច និងហិរញ្ញវត្ថុ និងលោកជួប ខុន សមាជិកក្រុមប្រឹក្សារាជធានីភ្នំពេញ ដោយមានការចូលរួមពីប្រជាពលរដ្ឋរាប់រយនាក់ ។
លោកឡុង សុផល ក្រុមប្រឹក្សាខណ្ឌ៧មករា និងលោក ស៊ិន សំអាត និងប្រជាពលរដ្ឋជាច្រើនទៀតបានលើកឡើងប្រហាក់ប្រហែលគ្នានៅក្នុងវេទិកាសាធារណៈនោះថា សព្វថ្ងៃនៅក្នុងមូលដ្ឋានខណ្ឌ៧មករា បញ្ហាចោរលួច ឆក់ និងក្មេងទំនើងល្បែងស៊ីសងធ្វើសកម្មភាពស្ទើរពាសពេញមូលដ្ឋាន ពិសេសកន្ទុយលេខ គ្មានអាជ្ញាធរ ឬសមត្ថកិច្ចណាចេញមុខបង្ក្រាបបានទាន់ពេលវេលាឡើយបណ្តោយឲ្យពួគគេធ្វើសកម្មភាព បង្កអសន្តិសុខរាល់យប់ថ្ងៃធ្វើឲ្យប្រជាពលរដ្ឋមានការភ័យខ្លាច ខណៈដែលអាជ្ញាធរខណ្ឌផ្សេងៗបាននិងកំពុងចុះបង្ក្រាបយ៉ាងគគ្រឹកគគ្រេងនោះ ។
ប្រជាពលរដ្ឋបានបន្តថា ក្នុងមូលដ្ឋានខណ្ឌ៧មករានេះ មានល្បែងស៊ីសងច្រើនប្រភេទ ដូចជា ប៊ៀរ អាប៉ោង ល្បែងកន្ទុយលេខ ឆ្នោតវៀតណាម ល្បែងចាក់ទឹកភ្លៀង និងល្បែងហ្គេមស៊ីសងជាដើម តែល្បែងទាំងនេះនៅតែបន្តលេងយ៉ាងសកម្ម មិនមានសមត្ថកិច្ចពាក់ព័ន្ធចុះមកបង្ក្រាបឡើយ ។
ចំណែកឯមន្ត្រីប៉ូលិសខណ្ឌវិញ ដើរយកលុយពីប្រជាពលរដ្ឋដូចគេដើរយកភាស៊ីតាមផ្សារផងដែរ ។ ការលើកឡើងរបស់ប្រជាពលរដ្ឋខាងលើនេះត្រូវបានអង្គប្រជុំវេទិកាសាធារណៈមានការគាំទ្រយ៉ាងខ្លាំង ហើយក្រៅពីការងារ ចោរលួច ចោរឆក់ ល្បែងស៊ីង និងបញ្ហាគ្រឿងញឿន ប្រជាពលរដ្ឋក៏បានលើកឡើងផងដែរអំពីសេវាសាធារណៈ និងបញ្ហាសំរាម ដែលតម្រូវឲ្យអាជ្ញាធរខិតខំធ្វើបំពេញសេវាជូនបងប្អូនឲ្យបានល្អ កុំគិតពីផលប្រយោជន៍ ផ្ទាល់ខ្លួនជាធំពេក ត្រូវមានការអនុគ្រោះ និងលើកលែងដល់ពួកគាត់ផង ។
ឆ្លើយតបទៅនឹងសំណូមពររបស់ប្រជាពលរដ្ឋទាំងនោះ លោក ឃួង ស្រេង អភិបាលរងរាជធានីភ្នំពេញមានប្រសាសន៍ថា រាល់ការរិះគន់ និងភាពថ្នាំងថ្នាក់របស់ប្រជាពលរដ្ឋលើកឡើងនៅក្នុងវេទិកានេះ គឺគ្រាន់តែ ដើម្បីជាការស្ថាបនាតែប៉ុណ្ណោះ។
លោកបន្តថា ការរិះគន់នេះ អាជ្ញាធររាជធានី និងថ្នាក់ដឹកនាំក៏ដូចក្រុមចុះពង្រឹងមូលដ្ឋាននឹងទទួលយកទាំងអស់ ទាំងចំណុចខ្វះខាត និងការរិះគន់ទាំងនោះ ដើម្បីធ្វើការកែតម្រូវឲ្យបានល្អប្រសើរ និងចំគោលដៅដែលប្រជាពលរដ្ឋចង់បាន ។
លោកអភិបាលរង បានណែនាំឲ្យអាជ្ញាធរខណ្ឌ កម្លាំងមានសមត្ថកិច្ច ពិសេសអធិការនគរបាលខណ្ឌ៧មករា ត្រូវមានវិធានការចុះបង្ក្រាបទៅតាមសំណូមពររបស់បងប្អូន តែការចុះនោះក៏មិនត្រូវយកលុយគេនោះដែរ ចំពោះវិធានការនេះ កុំចាំតែប្រជាពលរដ្ឋលើកឡើងក្នុងវេទិកាសាធាររណៈទើបធ្វើនោះត្រូវធ្វើជាប្រចាំតែម្តង ។
សូមបញ្ជាក់ថា ខណ្ឌ៧មករា មានសង្កាត់ចំនួន៨ គឺសង្កាត់អូរឬស្សីទី១ ទី២ ទី៣ ទី៤ សង្កាត់បឹងព្រលិត វាលវង់ និងសង្កាត់មិត្តភាព៕




ចែករំលែកព័តមាននេះ