ខេត្តស្វាយរៀង ៖ នៅព្រឹកថ្ងៃទី២៧ តុលា ២០១៥ នៅភូមិតារាងបាល់ សង្កាត់គយត្របែក ក្រុងស្វាយរៀង មានក្រុមការងារថ្នាក់ជាតិចុះមូលដ្ឋានក្រុងស្វាយរៀង រៀបចំវេទិកាសាធារណៈ ដើម្បីទទួលមតិសំណូមពរ និងបញ្ហាប្រឈមនានា ដែលជាកង្វល់របស់ប្រជាពលរដ្ឋជួបប្រទះទៅដោះស្រាយ ។
ក្រុមការងារថ្នាក់ជាតិចុះមូលដ្ឋានក្រុងស្វាយរៀង ដឹកនាំដោយលោក ជុក មុន្នី ប្រធានក្រុមការងារ លោក សំ សិរីរតន៍ អនុប្រធាន លោកឧកញ៉ា មែន វិបុល អភិបាលរងខេត្ត និងលោ យូ ប៊ុននី អភិបាលក្រុង និងសមាជិកក្រុមការងារ ព្រមទាំងប្រជាពលរដ្ឋជិត២០០នាក់ផងដែរ ។
លោកមេភូមិតារាងបាល់ បានឲ្យដឹងថា នៅភូមិតារាងបាល់មានប្រជាពលរដ្ឋរស់នៅចំនួន៣៦៩គ្រួសារ មនុស្សសរុប១.៤៦២នាក់ (ស្រី៧៥៧នាក់) ។ ប្រជាពលរដ្ឋមានអាយុ១៨ឆ្នាំ មានចំនួន១.០១២នាក់ (ស្រី៥៤១នាក់) ។ ប្រជាពលរដ្ឋមានអត្តសញ្ញាណប័ណ្ណគំរូថ្មីចំនួន៨៩៨នាក់ ។ មនុស្សចាស់ភាគច្រើនពុំទាន់យល់ច្បាស់អំពីរផលប្រយោជន៍នៃអត្តសញ្ញាណប័ណ្ណគំរូថ្មីនេះទេ ។ ប្រជាពលរដ្ឋធ្វើចំណាកស្រុកចំនួន៤៣នាក់ (ស្រី៣៣នាក់) ។
បញ្ហាប្រឈម មាន៤ចំណុច គឺ ១-បញ្ហាអគ្គិសនី ២-ការតបណ្តាញទឹកស្អាត ៣-បញ្ហារចនាសម្ព័ន្ធ (ផ្លូវលំ និងលូបង្ហូរទឹក១៧០លូ) និង៤-បញ្ហាបរិស្ថានក្លិនស្អុយប៉ះពាល់សុខភាព (មានអ្នកចិញ្ចឹមជ្រូក និងទឹកស្អុយ) សំណូមពរដល់ក្រុមការងារជួយដោះស្រាយ ៕


ចែករំលែកព័តមាននេះ