ADផ្ទាំងផ្សព្វផ្សាយពាណិជ្ជកម្ម

Picture

ប៉េអឹម និង​រដ្ឋបាល​ព្រៃឈើ ថា កាយ​ដី ធ្វើ​អាជីវកម្ម អត់​ច្បាប់ និង​ទន្ទ្រាន​ដី​រដ្ឋ ធ្វើ​កម្មសិទ្ធិ តែ​ម្ចាស់​ដី​ថា មាន​បណ្ណ​កម្មសិទ្ធិ​ត្រឹមត្រូវ ហើយ​កាយ​ដី​នេះ ២​ឆ្នាំ​មកហើយ​

2 ឆ្នាំ មុន
  • កំពត

​ខេត្តកំពត​៖ ពីរ​ថ្ងៃជា​បន្តបន្ទាប់ គឺ​នៅ​ថ្ងៃទី​៦ និង​ថ្ងៃទី​៧ ខែឧសភា ឆ្នាំ​២០២១​នេះ គេ​ឃើញ​មានកំ​លាំង​កងរាជអាវុធហត្ថ និង​មន្ត្រី​ជំនាញ​រដ្ឋបាល​ព្រៃឈើ​របស់​ខណ្ឌ​រដ្ឋបាល​ព្រៃឈើ​កំពត កែប ដោយមាន​ការសម្រួល​នីតិវិធី​ពី​លោក…

​ខេត្តកំពត​៖ ពីរ​ថ្ងៃជា​បន្តបន្ទាប់ គឺ​នៅ​ថ្ងៃទី​៦ និង​ថ្ងៃទី​៧ ខែឧសភា ឆ្នាំ​២០២១​នេះ គេ​ឃើញ​មានកំ​លាំង​កងរាជអាវុធហត្ថ និង​មន្ត្រី​ជំនាញ​រដ្ឋបាល​ព្រៃឈើ​របស់​ខណ្ឌ​រដ្ឋបាល​ព្រៃឈើ​កំពត កែប ដោយមាន​ការសម្រួល​នីតិវិធី​ពី​លោក ឯក ឆេង​ហួត ព្រះរាជអាជ្ញា​នៃ​អយ្យការ​អម​សាលាដំបូង​ខេត្ត បាន​ចុះទៅ​បង្ក្រាប​ការដ្ឋាន​កាយ​ដី ដែល​សមត្ថកិច្ច​ជំនាញ​អះអាងថា​ជា​ដី​រដ្ឋ (​ដីព្រៃ​ឈើ​) មួយកន្លែង នៅ​ចំណុច​ខាងត្បូង ឆៀង​ខាងលិច​វត្ត​ជ័យ​ម​ង្គ​លា​រាម ហៅ​វត្ត​វាល​ពួច ចម្ងាយ​ជាង​មួយ​គីឡូម៉ែត្រ ស្ថិត​ក្នុងភូមិ​ទទឹងថ្ងៃ ឃុំ​បឹង​ទូក ស្រុក​ទឹកឈូ ខេត្តកំពត​។

នៅក្នុង​ការចុះ​បង្ក្រាប​ប​ទ​ល្មើស​ខាងលើ កាលពី​ថ្ងៃទី​៦ ខែឧសភា ឆ្នាំ​២០២១ កំលាំង​សមត្ថកិច្ច បាន​រឹបអូស​គ្រឿងចក្រ​អេស​ស្កា​វ៉ា​ទ័​រ​របស់​ជនល្មើស ដែល​កំពុង​កាយ​ដី និង​ថ្មភ្នំ​មួយគ្រឿង នាំយកទៅ​កាន់​ខណ្ឌ​រដ្ឋ​បាល​ព្រៃឈើ​កំពត លុះ​នៅ​ព្រឹក​ថ្ងៃទី​៧ ខែឧសភា ឆ្នាំ​២០២១ កំលាំង​សមត្ថកិច្ច​កងរាជអាវុធហត្ថ ដឹកនាំ​ដោយ​មន្ត្រី​ជំនាញ​រដ្ឋបាល​ព្រៃឈើ​កំពត បាន​ចុះទៅ​រឹបអូស អូ​ស្កូ (​ប្រដាប់​សម្រាប់​ស្នាក់នៅ​កម្មករ​) មួយគ្រឿង​ទៀត នាំយកទៅ​រក្សាទុក នៅ​ខណ្ឌ​រដ្ឋបាល​ព្រៃឈើ​កំពត ដើម្បី​កសាង​សំណុំរឿង​បញ្ជូនទៅ​តុលាការ ពីបទ​កាយ​ដី​រដ្ឋ​ខុសច្បាប់ និង​ការទន្ទ្រាន​រំលោភ​ដី​រដ្ឋ (​គម្រប​ព្រៃឈើ​) ធ្វើ​កម្មសិទ្ធិ​ដោយ​ខុសច្បាប់​។ នេះ​បើ​យោងតាម​ប្រភពព័ត៌មាន​ពី​លោក ជួន សា​រ៉ា នាយ​ខណ្ឌ​រដ្ឋបាល​ព្រៃឈើ​កំពត កែប បាន​ប្រាប់​អ្នកសារព័ត៌មាន​យើង កាលពី​រសៀល​ថ្ងៃទី​៩ ខែឧសភា ឆ្នាំ​២០២១​។

​លោក ជួន សា​រ៉ា បាន​ឲ្យ​ដឹង​ទៀតថា កាលពី​ថ្ងៃទី​៦ និង​ថ្ងៃទី​៧ ខែឧសភា ឆ្នាំ​២០២១ ក្រុមការងារ​របស់​ម​ន្ត្រី​រដ្ឋបាល​ព្រៃ​កំពត បាន​សហការ​ជាមួយ​កំលាំង​កងរាជអាវុធហត្ថ​ខេត្ត និង​កំលាំង​នគរបាល​នៃ​ស្នងការដ្ឋាន​នគរបាល ខេត្តកំពត ដោយមាន​ការសម្របសម្រួល​ដឹកនាំ​បញ្ជា​ពី​ឯកឧត្តម ឯក ឆេង​ហួត ព្រះរាជអាជ្ញា​នៃ​អយ្យការ​អម​សាលាដំបូង​ខេត្ត បាន​ចុះ​ត្រួតពិនិត្យ និង​បង្ក្រាប​បទល្មើស​ឈូសឆាយ និង​ជីក​គាស់កកាយ​ដី ស្ថិតក្នុង​ដី​គម្រប​ព្រៃ​ព្រៃឈើ នៅត្រង់ចំណុច​ជើងភ្នំ​បូកគោ ស្ថិត​ក្នុងភូមិ​ទទឹងថ្ងៃ ឃុំ​បឹង​ទូក ស្រុក​ទឹកឈូ ខេត្តកំពត​។​

​លោក ជួន សា​រ៉ា នាយ​ខណ្ឌ​រដ្ឋបាល​ព្រៃឈើ​កំពត បាន​ឲ្យ​ដឹង​ទៀតថា ក្នុង​យុទ្ធនាការ​ចុះបង្ក្រាប​បទ​ល្មើស​ការទន្ទ្រាន​ដី​រដ្ឋ​ដោយ​ឥតមាន​ច្បាប់​អនុញ្ញាត រយៈពេល ២​ថ្ងៃនេះ កំលាំងចម្រុះ បានធ្វើ​ការឃាត់​គ្រឿងចក្រ​អេ​ស្ការ​វ៉ា​ទ័​រ​ម៉ាក (Volvo) ពណ៌​លឿង ដែល​កំពុង​កាយ​ដី និង​ឈូសឆាយ​ជីក​គាស់កកាយ​ដីព្រៃ​ឈើ នៅ​តំបន់​ខាងលើ បាន​មួយគ្រឿង និង​សម្ភារៈ​សម្រាប់​ការ​ស្នាក់នៅ​របស់​កម្មក​របើក​បរ នៅ​ចំណុច​កាយ​ដី​នេះ មួយ​ខ្នង​។

ជាមួយនឹង​ការឃាត់​គ្រឿងចក្រ​នេះ​ផងដែរ កំលាំងចម្រុះ ក៏បាន​ឃាត់ខ្លួន​អ្នកបើកបរ​គ្រឿងចក្រ បាន​ម្នាក់ មានឈ្មោះ កាយ សំបូរ ភេទ​ប្រុស អាយុ ៤២​ឆ្នាំ (​អ្នកបើកបរ​អេស្កាវ៉ាទ័រ​) មាន​ទីលំនៅ​ភូមិ​ត្រពាំង​ធំ ឃុំ​ជុំ​គ្រៀល ស្រុក​ទឹកឈូ ខេត្តកំពត​។

​នាយ​ខណ្ឌ​រដ្ឋបាល​ព្រៃឈើ​កំពត បាន​ឲ្យ​ដឹង​ទៀតថា បើតាម​ចម្លើយ​អ្នកបើក​អេស្កាវ៉ាទ័រ បាន​ប្រាប់​សមត្ថកិច្ច​ថា ខ្លួន​ជា​អ្នកស៊ីឈ្នួល​កាយ​ដី​ឲ្យ​ម្ចាស់​ដី ដែលមាន​ទីតាំងនៅ​ចំណុច​នេះ​។ ម្ចាស់​ដី​នេះ មានឈ្មោះ​ទេព កុសល និង​ប្រពន្ធ​ឈ្មោះ គង់ ម៉ី មាន​ទីលំនៅ​ភូមិ​កំពង់បាយ​ខាងជើង សង្កាត់​កំពង់បាយ ក្រុង​កំពត ខេត្តកំពត​។ ជុំវិញ​ការចុះ​បង្ក្រាប​បទល្មើស​ពី​កំលាំង​សមត្ថកិច្ច​ខាងលើ ភ្នាក់ងារ​យើង បាន​ទំនាក់ទំនង​តាម​ទូរ​សព្ទ​ទៅ​លោក ទេព កុសល ម្ចាស់​ដី​ខាងលើ ដើម្បី​ស្រាយ​បំភ្លឺ​ជុំវិញ​ការចោទប្រកាន់​របស់​ស​ម​ត្ថ​កិច្ច​ជំនាញ ដែល​បាន​ចុះបង្ក្រាប​ឃាត់​គ្រឿងចក្រ និង​មនុស្ស​ផង​នោះ ត្រូវបាន​លោក ទេព កុសល ម្ចាស់​ដី​ខាងលើ ប្រាប់​អ្នកព័ត៌មាន​យើង តាម​ទូរ​សព្ទ កាលពី​រសៀល​ថ្ងៃទី​៩ ខែឧសភា ឆ្នាំ​២០២១ ថា ដី​ដែល​លោក កំពុង​កាយ​ពង្រាប​នេះ ជា​ដី​ដែល​លោក​បាន​ទិញ​ពី​ម្ចាស់​ដី​មុន ដោយមាន​បណ្ណ​លេខ ០១ ត្រឹមត្រូវ​។ លោក​មិនបាន​កាយ និង​ទន្ទ្រាន​ដីព្រៃ​ឈើ​របស់​រដ្ឋ ដូច​សមត្ថកិច្ច​ជំនាញ​រដ្ឋបាល​ព្រៃឈើ ចោទប្រកាន់​នោះទេ​។

​ចំពោះ​ថា លោក​ជីក​កកាយ​ដី​រដ្ឋ ដោយ​គ្មាន​ច្បាប់​អនុញ្ញាត​នោះ លោក ទេព កុសល សូមបញ្ជាក់ថា លោក​មិនមែន​កាយ​ដី​ក្នុង​ដី​របស់លោក ធ្វើ​អាជីវកម្ម​នោះទេ គឺ​លោក​កាយ​ពង្រាបដី​របស់លោក​ឲ្យ​ស្មើ នៅ​ទីតាំង​ដី​របស់លោក​ទេ មិនមែនជា​កាយ​ដី ដើម្បី​ធ្វើ​អាជីវកម្ម​លក់​អាចម៍ដី​នោះទេ ហើយ​ការកាយ​ពង្រាបដី​នេះ​ទៀតសោត លោក​មិនមែន​ទើបតែ​កាយ​ថ្មីៗ​នេះ​ទេ គឺ​លោក​បានធ្វើ​អស់​រយៈពេល​ពីរ​ឆ្នាំ​រួចមកហើយ​។ រយៈពេល ដែល​លោក​ធ្វើ​លើដី​នេះ កន្លងមក ក៏មាន​មន្ត្រី​ជំនាញ​ទៅ​មើល​នៅលើ​ទីតាំង​ដី ដែល​លោក កំពុង​ធ្វើ​នេះ ជា​ញឹកញាប់​ផងដែរ តែ​ពុំដែល​ហាមឃាត់​អ្វី​នោះទេ​។

​លោក ទេព កុសល បាន​បញ្ជាក់ថា មន្ត្រី​ដែល​ធ្លាប់​ចុះទៅពិនិត្យ នាពេល​កន្លងមក មាន​៖ មន្ត្រី​មន្ទីរ​បរិស្ថាន​ខេត្ត មន្ត្រី​ឧទ្យាន​ជាតិ មន្ត្រីរដ្ឋបាល​ព្រៃឈើ​កំពត មន្ត្រី​មន្ទីរ​ឧស្សាហកម្ម​រ៉ែ និង​ថាមពល​ខេត្ត​។ ទាំងបី​អង្គភាព​នេះ ចុះទៅពិនិត្យ​ជា​ញឹកញាប់​ផងដែរ ខ្លាចក្រែង​រូបលោក​កាយ​ទន្ទ្រាន​ប៉ះពាល់​ដី​រដ្ឋ​។ ប៉ុន្តែ​ដោយ​ឃើញ​លោក​កាយ និង​ពង្រាប​តែ​ដី​របស់លោក ទើប​មន្ត្រី ដែល​ចុះមក​ពិនិត្យ​នោះ មិនដែល​ណែនាំ​អ្វី​ដល់​រូបលោក​ទេ នាពេល​កន្លងមក​។

​លោក ទេព កុសល បាន​ឲ្យ​ដឹង​ទៀតថា ដី​ដែល​លោក​កាយ​ពង្រាប​នេះ មិនទាន់​ដល់​ព្រំដី ដែលមាន​នៅក្នុង​បណ្ណ​លេខ​០១ ដែល​លោក​ទិញ​ពី​ម្ចាស់​មុន​នោះ​ផង ហើយ​នៅ​ខាង​លើដី​របស់លោក ក៏មាន​ដី​អ្នកផ្សេង ដែល​កំពុង​កាប់​ត្រាច ព្រមទាំង​ធ្វើ​របងលួស​ព័ទ្ធ​លើដី​ទាំងនោះ​ផងដែរ​។ ចំណែក​ដី​របស់លោក មាន​បណ្ណ​លេខ​០១ ត្រឹមត្រូវ ហើយ​នៅ​ខាងក្រោម​ដី​អ្នក​ផ្សេងទៀត​។ តែ​ពេលនេះ មន្ត្រី​ជំនាញ​រដ្ឋបាល​ព្រៃឈើ​កំពត បាន​ដឹកនាំ​កំលាំង​សមត្ថកិច្ច​មក​បង្ក្រាប​ទីតាំង​ដី​របស់លោក ព្រមទាំង​ឃាត់​គ្រឿងចក្រ និង​មនុស្ស អ្នកបើក​បរលោក ក៏​មិន​ជំទាស់​ជាមួយ​ច្បាប់​ដែរ ទុក​ឲ្យ​ច្បាប់ ដោះស្រាយ​រក​យុត្តិធម៌ ជូន​លោក​ផង​ចុះ​៕ ប្រាក់ សារិទ្ធ​

អត្ថបទសរសេរ ដោយ

កែសម្រួលដោយ