ខេត្តព្រះវិហារ ៖ អាជ្ញាធរខេត្តព្រះវិហារ ព្រមទាំងមន្ត្រីរាជការ កងកម្លាំងទាំង៣ប្រភេទ នៅព្រឹកថ្ងៃទី២៦ តុលា២០១៥នេះ បានធ្វើពិធីដុតកម្ទេចចោលអាវុធកែច្នៃគ្រប់ប្រភេទនៅក្នុងបរិវេណស្នងការដ្ឋាននគរបាលខេត្តព្រះវិហារ ដែលរឹបអូសបានពីជនល្មើស និងការស្ម័គ្រចិត្តរបស់ប្រជាពលរដ្ឋដែលមានអាវុធកែច្នៃប្រគល់ឲ្យសមត្ថកិច្ចកន្លងទៅ ។
ក្នុងឱកាសនោះដែរ លោក អ៊ុំ ម៉ារ៉ា អភិបាលខេត្តព្រះវិហារមានប្រសាសន៍ថា អាវុធកែច្នៃគ្រប់ប្រភេទទាំងអស់នេះ បានបង្កឲ្យមានគ្រោះថ្នាក់យ៉ាងខ្លាំង ជាពិសេសធ្វើឲ្យវិនាសសត្វព្រៃនឹងឈានដល់ការបាញ់សម្លាប់ជីវិតមនុស្សជាញឹកញាប់ផងដែរ។
លោកក៏បានទទូចឲ្យប្រជាពលរដ្ឋប្រគល់អាវុធកែច្នៃដែលនៅសេសសល់ឱ្យសមត្ថកិច្ច និងបញ្ឈប់ផលិតកែច្នៃអាវុធបន្តទៀតដើម្បីចៀសវាងការទទួលទោសតាមច្បាប់ ព្រោះនេះជាអំពើខុសច្បាប់នៃការប្រើប្រាស់អាវុធជាតិផ្ទុះ គ្រាប់រំសេវ ដែលមានចែងក្នុងរដ្ឋធម្មនុញ្ញនៃព្រះរាជាណាចក្រកម្ពុជា។
ឆ្លៀតឱកាសនោះ លោកឧត្តមសេនីយ៍ត្រី ស៊ី គិរី ស្នងការដ្ឋាននគរបាលខេត្តព្រះវិហារ បានលើកឡើងថា តាមច្បាប់ដែលបានចែងក្នុងរដ្ឋធម្មនុញ្ញនៃព្រះរាជាណាចក្រកម្ពុជា បទល្មើសក្នុងវិស័យអាវុធគ្រឿងផ្ទុះ គ្រាប់រំសេវ តាមមាត្រាលេខ៤៨៨ បទផលិតឬធ្វើចរាចរណ៍គ្រឿងផ្ទុះ គ្រាប់រំសេវគ្រប់ប្រភេទ ដោយគ្មានការអនុញ្ញាតពីអាជ្ញាធរមានសមត្ថកិច្ចត្រូវផ្តន្ទាទោសដាក់ពន្ធនាគារចាប់ពី៥ឆ្នាំទៅ១០ឆ្នាំ ។
សូមបញ្ជាក់ផងដែរ អាវុធកែច្នៃគ្រប់ប្រភេទដែលអាជ្ញាធរខេត្តព្រះវិហារ និងសមត្ថកិច្ចទាំង៣ប្រភេទធ្វើពិធីដុតកម្ទេចនៅថ្ងៃនោះ មានចំនួន១.៥៧៤ដើម ដែលសមត្ថកិច្ចរឹបអូសបានពីជនល្មើស និងការប្រគល់ដោយស្ម័គ្រចិត្តពីប្រជាពលរដ្ឋកន្លងទៅ៕



ចែករំលែកព័តមាននេះ