រាជធានីភ្នំពេញ ៖ អណ្តាតភ្លើងឆេះយ៉ាងសន្ធោសន្ធៅនៅលើបង្គោលភ្លើងធ្វើឲ្យប្រជាពលភ័យស្លន់ស្លោរាយការណ៍ទៅសមត្ថកិច្ចហៅរថយន្តពន្លត់អគ្គិភ័យមកបាញ់ពន្លត់កាលពីវេលាម៉ោង១និង១០នាទីរំលងអធ្រាត្រឈានចូលថ្ងៃទី២៧ តុលា ២០១៥ ត្រង់ចំណុចនៅជាប់សហគ្រាសផលិតទឹកស៊ីអ៊ីវ អ៊ឹង ប៉េងហេង នៅកែងផ្លូវលេខ២០៥និងផ្លូវលេខ២៩៦ ស្ថិតក្នុងសង្កាត់ទួលស្វាយព្រៃ២ ខណ្ឌចំការមន ។
ប្រជាពលរដ្ឋរស់នៅក្បែរកន្លែងកើតហេតុ បានឲ្យដឹងថា បន្ទាប់ពីមេឃរាំងភ្លៀងភ្លាម ស្រាប់តែប្រទះឃើញបង្គោលខ្សែភ្លើងដែលមានប្រអប់លេខ៤០១បត២៨៨ ទុស្សេបែកផ្កាភ្លើងព្រាកៗ រួចបង្កជាអណ្តាតភ្លើងឆេះយ៉ាងសន្ធោសន្ធៅតែម្តង ភ្លាមៗនោះប្រជាពលរដ្ឋបាននាំគ្នាយកបំពង់ពន្លត់អគ្គិភ័យបាញ់អស់៥បំពង់ ហើយនៅតែមិនព្រមរលត់ទៀត ក៏រាយការណ៍ឲ្យសមត្ថកិច្ចហៅរថយន្តពន្លត់អគ្គិភ័យរបស់ស្នងការនគរបាលរាជធានីភ្នំពេញចំនួន២គ្រឿងមកជួយបាញ់ទឹកពន្លត់ ដោយប្រើប្រាស់ទឹកអស់ មួយគ្រឿង ទើបរលត់ទៅវិញ ។
អគ្គិភ័យខាងលើនេះ មិនបណ្តាលឲ្យឆ្លងរាលដាលទៅដល់ផ្ទះសម្បែងរបស់ប្រជាពលរដ្ឋទេ គ្រាន់តែឆេះដាច់ធ្លាក់ខ្សែភ្លើងរាយប៉ាយពេញផ្លូវ និងបណ្តាលឲ្យដាច់ចរន្តអគ្គិសនីប៉ុណ្ណោះ ៕


ចែករំលែកព័តមាននេះ