ខេត្តកំពង់ស្ពឺ ៖ លោកយាយម្នាក់មានអាយុ១១៦ឆ្នាំ មានស្មារតី និងសុខភាពល្អមិនវង្វេងវង្វាន់ឡើយ សព្វថ្ងៃលោកយាយរស់នៅជាមួយកូនស្រីពៅដែលមានអាយុ៥២ឆ្នាំ។
ជួបជាមួយអ្នកយកព័ត៌មានកោះសន្តិភាពលោកយាយប៉ែន រី បានឱ្យដឹងថា គាត់កើតនៅឆ្នាំ១៩០០ នៅភូមិត្រពាំងស្វាយ ឃុំកក់ ស្រុកគងពិសី ខេត្តកំពង់ស្ពឺ មានម្តាយឈ្មោះម៉ី មិញ កើតឆ្នាំ១៨៨១ និងឪពុកឈ្មោះប៉ក់ប៉ែន កើតនៅឆ្នាំ១៨៨០។
លោកយាយប៉ែន រី បានឱ្យដឹងថា សព្វថ្ងៃនេះលោកយាយរស់នៅជាមួយកូនស្រីពៅនៅភូមិជ័យថ្មី ឃុំព្រៃក្មេង ស្រុកភ្នំស្រួច ។ បច្ចុប្បន្នលោកយាយមិនអាចប្រកបកិច្ចការអ្វីបានឡើយ ក្រៅពីមើលផ្ទះសម្បែង និងទៅវត្តរក្សាសីល ហើយការដែលទៅវត្តរក្សាសីលនេះមិនទៀងនោះទេ ម្តងបានទៅ ម្តងមិនបានទៅតាមលទ្ឋភាពរបស់កូន ហើយជីវិតរស់ដល់រាល់ថ្ងៃនេះ គឺដោយសារកូនស្រីជាអ្នកចិញ្ចឹមនិងថែទាំ។
លោកយាយបន្តថា លោកយាយក៏អាណិតកូនស្រីដែរ ព្រោះថាជីវភាពកូនស្រីក៏មិនសូវធូរធា ណាមួយត្រូវទំនុកបំរុងកូនណាមួយត្រូវមើលថែគាត់ជាម្តាយ។ លោកយាយប៉ែន រី បានបន្តទៀតថា លោកយាយមានកូន៣នាក់ ប្រុស២ ស្រី១ តែកូនប្រុស២នាក់ ម្នាក់អាយុ៨០ឆ្នាំ និងម្នាក់ទៀតអាយុ៨២ឆ្នាំ បានស្លាប់ជាបន្តបន្ទាប់កាលពីអំឡុងប៉ុន្មានឆ្នាំមុន គឺស្លាប់ដោយសារជរាពាធ។
លោកយាយប៉ែន រី បានអំពាវនាវដល់បងប្អូនសប្បុរសជនសូមជួយឧបត្ថម្ភដល់គាត់ជាគ្រឿងឧបភោគ បរិភោគដើម្បីបានហូបឆ្ងាញ់នាជីវិតចុងក្រោយនេះផង រាល់ថ្ងៃនេះគាត់មិនអាចទៅប្រកបរបរអ្វីបានឡើយក្រៅពីនៅផ្ទះនិងទៅវត្តរក្សាសីល។
មន្ត្រីសាលាខេត្តមួយរូបបានឱ្យដឹងដែរថា លោកយាយពិតជាមានអាយុវែងជាងគេមែនក្នុងខេត្តកំពង់ស្ពឺនេះ។ ចំណែកមន្ត្រីសាលាស្រុកភ្នំស្រួចវិញបានបញ្ជាក់ប្រាប់ដែរថា កាលពីថ្ងៃទី២៥ តុលា ២០១៥ មានក្រុមការងាររបស់ស្ថានីយទូរទស្សន៏CTN បាននាំយកអំណោយជាគ្រឿងឧបភោគ និងបរិភោគមួយចំនួនធំរបស់សប្បុរសជនក្នុង និងក្រៅប្រទេសទៅជូនដល់លោកយាយប៉ែន រី ក្នុងនោះថវិកា២៦០ដុល្លារផងដែរ៕


ចែករំលែកព័តមាននេះ