រាជធានីភ្នំពេញ ៖ នៅលើបណ្តាញទំនាក់ទំនងសង្គម (Facebook) សម្តេចតេជោ ហ៊ុន សែន បានសរសេរបង្ហោះនៅព្រឹកថ្ងៃទី២៧ តុលានេះមានខ្លឹមសារទាំងស្រុងថា “នៅរសៀលថ្ងៃទី ២៦ តុលា ម្សិលមិញនេះ សម្តេចតេជោ ហ៊ុន សែន បានដឹកនាំគណៈប្រតិភូជាន់ខ្ពស់រាជរដ្ឋាភិបាលកម្ពុជា អញ្ជើញជួបពិភាក្សាការងារជាមួយ ឯកឧត្តម Laurent Fabius រដ្ឋមន្ត្រីក្រសួងការបរទេស និងការអភិវឌ្ឍន៍អន្តរជាតិបារាំង។ ឯកឧត្តមរដ្ឋមន្ត្រីបានស្វាគមន៍យ៉ាងកក់ក្តៅចំពោះ សម្តេចតេជោ ដែលបានអញ្ជើញ មក បំពេញទស្សនកិច្ចនៅក្រសួងការបរទេសបារាំង ។ សម្តេចតេជោ បានបញ្ជាក់អំពីការមិនអាចបំភ្លេចដែលកាលពីឆ្នាំ១៩៨៤ សម្តេចបានអញ្ជើញមកកាន់ទីនេះជាលើកទី១ អំពីការផ្តួចផ្តើមឲ្យមានជំនួបចចាររវាងសម្តេច និងព្រះករុណាព្រះបរមរតនកោដិ។
សម្តេចតេជោ ហ៊ុន សែន និង ឯកឧត្តម Laurent Fabius បានពិភាក្សាគ្នាយ៉ាងយកចិត្តទុកដាក់លើទំនាក់ទំនងទ្វេភាគី ក្នុងការការបង្កើនកិច្ចសហប្រតិបត្តិការក្នុងវិស័យ សេដ្ឋកិច្ចនិងពាណិជ្ជកម្ម។ ទន្ទឹមនិងនេះ សម្តេចតេជោបានគូសបញ្ជាក់ពីការជ្រោមជ្រែងលើកស្ទួយភាសារបារាំងនៅកម្ពុជា គឺសម្តេចផ្ទាល់បានរួមចំណែក ដោះស្រាយ បញ្ហាទីតាំងនៃ វិទ្យាល័យលីសេដេកាត និងការបង្កើតឡើងនូវអាលីយ៉ង់ហ្វ្រង់សេនៅឆ្នាំ១៩៩០ និងវត្តមាននៃភាសារបារាំងក្នុងវិស័យច្បាប់និងសុខាភិបាល និងបេតិកភណ្ឌ ពិភពលោកជាដើម ។ បញ្ហាបម្រែបម្រួលធាតុអាកាសក៏បានលើកយកមកពិភាក្សាផងដែរដែល សម្តេចតេជោ បានស្នើឲ្យមានការពិភាក្សាពីគ្រប់ផ្នែកពាក់ព័ន្ធទាំងអស់ របស់ពិភពលោក ដើម្បីធ្វើយ៉ាងណាឈានទៅសំរេចកិច្ចព្រមព្រៀងរួម ស្តីពីការបម្រែបម្រួលធាតុអាកាសដែលនឹងប្រារព្ធនៅចុងឆ្នាំ២០១៥។
បន្ទាប់ពីកិច្ចពិភាក្សា សម្តេចតេជោ ហ៊ុន សែន និង ឯកឧត្តម Laurent Fabius បានអញ្ជើញធ្វើអធិបតីនៅក្នុង ពិធីចុះហត្ថលេខាលើឯកសារសំខាន់ៗចំនួន៦៖ ១-កិច្ចព្រមព្រៀងស្តីពីកម្ចីសម្បទាន មានទឹកប្រាក់៩លានអឺរ៉ូ សម្រាប់អនុវត្តគំរោងផ្គត់ផ្គង់ទឹកស្អាតនៅខេត្តសៀមរាប។ ២-កិច្ចព្រមព្រៀងស្តីពីកម្ចីសម្បទាន មានទឹកប្រាក់១១លានអឺរ៉ូ សម្រាប់គំរោងសាងសង់សាលាជាតិ បណ្តុះបណ្តាលវិជ្ជាជីវៈទេសចរណ៍ នៅរាជធានីភ្នំពេញ និងខេត្តព្រះសីហនុ។ ៣-កិច្ចព្រមព្រៀងស្តីពីកម្ចីសម្បទានមានទឹកប្រាក់ ១៤លានអឺរ៉ូ សម្រាប់គំរោងពង្រីងវិស័យអប់រំ បណ្តុះបណ្តាលបច្ចេកទេសនិងវិជ្ជាជីវៈជំហានទី២ ដែលចុះហត្ថលេខារ ដោយឯកឧត្តម វង្សី វិស្សុត រដ្ឋលេខាធិការក្រសួងសេដ្ឋកិច្ចនិងហិរញ្ញវត្ថុ ជាមួយនិងឯកឧត្តម Jacques Moineville អគ្គនាយកទីភ្នាក់ងារបារាំងសម្រាប់ការអភិវឌ្ឍន៍ ឯកឧត្តម Jean Claude POIMBOEUF ឯកអគ្គរដ្ឋទូតបារាំង ប្រចាំកម្ពុជា។ ៤-កិច្ចព្រមព្រៀងស្តីពីកម្ចីសម្បទានមានទឹកប្រាក់ ៧០លានអឺរ៉ូ សម្រាប់គំរោងសាងសង់ប្រព័ន្ធខ្សែបញ្ជូននិងចែកចាយអគ្គិសនី នៅខេត្តកំពង់ចាម ក្រចេះ និងខេត្តកោះកុង ចុះហត្ថលេខារវាងឯកឧត្តម កែវ រតនៈ អគ្គនាយកអាជ្ញាធរអគ្គិសនីកម្ពុជា ជាមួយឯកឧត្តម Jacques Moineville អគ្គនាយកទីភ្នាក់ងារបារាំងសម្រាប់ការអភិវឌ្ឍន៍។
ជាមួយគ្នានេះមានឯកសារចំនួនពីរផ្សេងទៀត ដែលត្រូវបានចុះហត្ថលេខាដោយឡែក ក្នុងនោះគឺ៖ ៥-អនុសញ្ញាស្តីពីបត្យាប័ន ចុះហត្ថលេខារវាងឯកឧត្តម អង្គ វង្សវឌ្ឍនា រដ្ឋមន្ត្រីក្រសួងយុត្តិធម៌ ជាមួយ លោកជំទាវ Christiane TAUBIRA រដ្ឋមន្ត្រីក្រសួងយុត្តិធម៌បារាំង និង ៦-កិច្ចព្រមព្រៀងស្តីពីការផ្តុំបដិមាករខ្មែរ រវាងសារមន្ទីរជាតិកម្ពុជា និងសារមន្ទីរ Guimet បារាំង ចុះហត្ថលេខាដោយឯកឧត្តម ប្រាក់ សុវណ្ណារ៉ា អគ្គនាយកបេតិកភណ្ឌ និង លោក គង់ វិរៈ ប្រធាននាយកដ្ឋានសារមន្ទីរ នៃក្រសួងវប្បធម៌ និងវិចិត្រសិល្បៈ ជាមួយនិងនាយកសារមន្ទីរ Guimet បារាំង។
កម្ពុជាអរគុណរដ្ឋាភិបាលបារាំង ដែលបានជួយកសាង និងស្តារប្រទេសជាតិរហូតមានការរីកចម្រើនមកទល់សព្វថ្ងៃ។ ជំនួបរវាង សម្តេចតេជោ ហ៊ុន សែន និង លោក Laurent Fabius គឺបានពង្រឹងនូវមិត្តភាព សហប្រតិបត្តិការល្អ ដែលនាំមកនូវផលប្រយោជន៍ជាច្រើនសម្រាប់ប្រជាជាតិនៃប្រទេសទាំងពីរ”៕



ចែករំលែកព័តមាននេះ