ADផ្ទាំងផ្សព្វផ្សាយពាណិជ្ជកម្ម

Picture

អ្នកនំាពាក្យ ​CPP ៖ លោក សម រង្ស៊ី ​ទាញយកចំណេញ​នយោបាយពីព្រឹត្តិការណ៍​ម្សិលមិញ

10 ឆ្នាំ មុន

រាជធានីភ្នំពេញ ៖ ​អ្នកនំាពាក្យគណបក្សប្រជាជនកម្ពុជា​ លោកបណ្ឌិត ឈឹម ផលវរុណ ​បានមានប្រសាសន៍នៅ​ប៉ុន្មាននាទីមុននេះបា្រប់​គេហទំព័រកោះសន្តិភាព​តាម​ទូរស័ព្ទថា ​លោក សម រង្ស៊ី ​កំពុងទាញយកព្រឹត្តិការណ៍​បាតុកម្មនិងអំពើហិង្សានៅមុខរដ្ឋសភា​កាលពីថ្ងៃទី២៦​ តុលា ២០១៥ ​ដើម្បីកេងចំណេញ​ផ្នែកនយោបាយ ។

ការលើកឡើងរបស់​អ្នកនំាពាក្យគណបក្សប្រជាជន​កម្ពុជានាព្រឹកថ្ងៃទី២៧តុលានេះ​ បានធ្វើឡើងបន្ទាប់ពីប្រធាន​ក្រុមតំណាងរាស្រ្តភាគតិចក្នុងសភា ​លោក សម រង្ស៊ី បាន​សរសេរនៅលើ​បណ្តាញទំនាក់ទំនងសង្គម( Facebook )​ ដោយចោទប្រកាន់​គណបក្សប្រជាជនកម្ពុជា​នៅពីក្រោយបាតុកម្មដកលោក​ កឹម សុខា និង ​អំពើហិង្សា​លើ​តំណាង​រាស្រ្តគណបក្សសង្គ្រោះជាតិ​ពីររូបកាលពីថ្ងៃម្សិលមិញនោះ​ និងបានហៅសម្តេចតេជោ ​ហ៊ុន សែន ​ថាកំពុងប្រើវិធីស្រដៀង​ទៅនឹងពួកហ្វាស៊ីស្ត​នៅក្នុង​ប្រទេស​អ៊ីតាលី​ពីឆ្នាំ១៩២២-១៩៤៥​នោះថែមទៀត ។

បើតាមលោកបណ្ឌិត ​ឈឹម ផលវរុណ ​”ព្រឹត្តិការណ៍កាលពីថ្ងៃម្សិលមិញ​យើងត្រូវញែកជាពីរ ​។ ទី១ នៅពេលព្រឹកជា​បាតុកម្មដាក់ញ្ញត្តិទាមទារ​ដកលោក កឹម សុខា ពីអនុប្រធានទី១រដ្ឋសភា ​ហើយថាតាមទិដ្ឋភាព​ជាក់ស្តែង ​ក្រុមបាតុករបានរំសាយនៅ​មុខរដ្ឋសភាហើយ ​ក្រោយ​គណៈកម្មការទី១នៃ​រដ្ឋសភាបានទទួលយកញ្ញត្តិ​នៅចន្លោះ​ម៉ោងប្រមាណ១០​និង២០នាទីទៅម៉ោង១១ថ្ងៃត្រង់​ ។ រីឯទី២ នៅចន្លោះម៉ោង១១​និង៣០នាទីដល់ម៉ោង១២ថ្ងៃត្រង់​ មានក្រុមផ្សេងមួយទៀត​មកបង្កើតរឿងហិង្សា “។

អ្នកនំាពាក្យគណបក្សប្រជាជន​កម្ពុជាដដែលបានដាក់ជា​​ចម្ងល់ចោទសួរថា “​ បើតាមវីដេអូឃ្លីបយើងអត់ឃើញ​មនុស្សមកឡោមព័ទ្ឋរថយន្តអ្នក​តំណាងរាស្រ្ត​​ដែលរងការ​ប្រើ​អំពើហិង្សានោះទេ ​ចម្ងល់មួយទៀត ​ពេលដែលអ្នកបើកបរ​រថយន្តលើកអ្នកតំណាងរាស្រ្ត​ដាក់ចូលរថយន្ត ​ហេតុអ្វីបានជាអ្នកបើកបរនោះ​មិនចាក់សោរទ្វារ​ និងបើករថយន្ត​ចេញ ​បែរជាចុះពីលើរថយន្តវិញ ​តែយ៉ាងណាក៍ដោយ​យើងទុកឲ្យសមត្ថកិច្ច​បើកការស៊ើបអង្កេត​ករណីនេះ” ។

ជាមួយគ្នានេះដែរ ​លោកបណ្ឌិត ឈឹម ផលវរុណ ​ក៍ស្នើឲ្យសមត្ថកិច្ចបើកការ​ស៊ើបអង្កេតលើពាក្យ​ពេចន៍របស់លោក ​សម រង្ស៊ី ​ដែលចោទប្រកាន់ភ្លាមៗថា ​ក្រុមបាតុករ​ប្រឆាំង​លោក ​កឹម សុខា​ ជាក្រុមរបស់​គណបក្សប្រជាជន​កម្ពុជានោះ​ថែមទៀត ៕