ខេត្តសៀមរាប ៖ ស្នាដៃគំនូររបស់កុមារី ប្រម ដានី ហៅស្រីណុច ត្រូវលោកទៀ បាញ់ ឧបនាយករដ្ឋមន្ត្រី រដ្ឋមន្ត្រីក្រសួងការពារជាតិពេញចិត្ត ហើយផ្តល់រង្វាន់លើកទឹកចិត្តចំនួន១លានរៀល តាមរយៈលោកលី សំរិទ្ធ នាយករដ្ឋបាលសាលាខេត្ត លោកសូ ប្លាតុង អភិបាលក្រុងសៀមរាប និងក្រុមការងារគណបក្ស ប្រជាជនកម្ពុជាខេត្តដែលនាំទៅប្រគល់ជូនដល់លំនៅឋាន ។
កុមារីប្រម ដានី ហៅស្រីណុច មានអាយុ៦ឆ្នាំ មានបងប្អូន៧នាក់ នាងជាកូនទី៧ រៀន ថ្នាក់ទី២នៅសាលាបឋមសិក្សាដូនឱ និងមានទីលំនៅក្នុងភូមិភ្នង់ ឃុំលាងដៃ ស្រុកអង្គរធំ ខេត្តសៀមរាប ។ ការនាំយកប្រាក់រង្វាន់ទៅប្រគល់ជូននោះ កាលពីថ្ងៃទី២៥ ខែតុលា ឆ្នាំ២០១៥ ។
អ្នកស្រីធួក រី ជាម្តាយរបស់កុមារីប្រមដានី ហៅស្រីណុច បានថ្លែងអំណរគុណដល់លោកឧបនាយករដ្ឋមន្ត្រីទៀបាញ់ និងលោក ឃឹម ប៊ុនសុង អភិបាលខេត្តសៀមរាប ដែលផ្តល់ប្រាក់ចំនួន១លានរៀលជូនដល់កូនរបស់គាត់ ។ ពួកគាត់ជាឪពុក ម្តាយ យកប្រាក់នេះទិញកង់ឱ្យកូនជិះទៅរៀន ឯប្រាក់សល់ ទុកសម្រាប់ទិញសម្ភារសិក្សា និងផ្គត់ផ្គង់ឱ្យកូនរៀន ។
នៅមុខប្រាសាទព្រះខ័ន តាមដងផ្លូវចូលគេឃើញមានការដាក់តាំងលក់រូបគំនូរ ផ្សេងៗ ជាពិសេសរូបប្រាសាទនានានៅក្នុងតំបន់អង្គរជាស្នាដៃរបស់វិចិត្រករ ឬគូររូបតាមចំណង់ចំណូលចិត្តរបស់ភ្ញៀវ ។ នៅក្នុងសកម្មភាពបែបនោះក៏មានវត្តមានកុមារីប្រម ដានី ហៅស្រីណុច និងបងស្រីឈ្មោះប្រម នីត ហៅស្រីនីតដែរ ដែលពួកនាងមិនមែនជាអ្នកអាជីពទេ តែមានទេពកោសល្យគួរឱ្យចាប់អារម្មណ៍ ។ ពួកនាងបានបង្ហាញស្នាដៃគំនូររបស់ខ្លួននៅលើដីនៅតាមផ្លូវចូលប្រាសាទព្រះខ័ន នៃតំបន់ឧទ្យានប្រវត្តិសាស្ត្រអង្គរ។
ស្នាដៃដ៏អស្ចារ្យនៃការគូររូបនៅលើដីរបស់កុមារីរូបនោះត្រូវគេបង្ហោះកក្រើកពេញបណ្តាញសង្គមហ្វេសប៊ុក កាលពីពេល ថ្មីៗកន្លងមក ។
កុមារីប្រម នីត និយាយថា គ្រួសារពួកនាងជាគ្រួសារក្រីក្រ ។ ចំពោះសាលារៀនរបស់ស្រីណុច ជាប្អូនមានចម្ងាយប្រហែល២គីឡូម៉ែត្រ ពីផ្ទះ ចំណែកឯវិទ្យាល័យដែលរូបនាងផ្ទាល់រៀនមានចម្ងាយប្រហែល៨គីឡូម៉ែត្រ ។ សព្វថ្ងៃនេះ ប្រម នីត មានកង់១គ្រឿង ដែលជារង្វាន់បានពីការប្រឡងជាប់ចំណាត់ថ្នាក់លេខ៤ ប្រចាំថ្នាក់កាលពីនាងរៀននៅថ្នាក់ទី៤ សម្រាប់ជិះឌុបប្អូនស្រីទៅសាលារៀនជារៀងរាល់ថ្ងៃ ។ ពេលចេញពីផ្ទះទៅសាលារៀនប្រម នីត ត្រូវដឹកប្អូនទៅដាក់សាលាសិន ទើបបង្ហួសទៅវិទ្យាល័យរបស់ខ្លួន ។
នៅពេលនេះ ទទួលបានប្រាក់អំណោយរបស់លោកឧបនាយករដ្ឋមន្ត្រីទៀ បាញ់ នឹងជួយឱ្យជីវភាពរបស់គ្រួសារនាងបានធូរស្បើយមួយកម្រិត ។ចំណែកមន្ត្រីអាជ្ញាធរជាតិអប្សរាឱ្យដឹងថាដោយមើលឃើញជាក់ស្តែងពីស្នាដៃរបស់ក្មេងស្រីទាំង២នាក់បងប្អូន ធ្វើឱ្យមានការចាប់អារម្មណ៍ តាមហ្វេសប៊ុក និងទទួលស្គាល់ពីទេពកោសល្យអស្ចារ្យនោះ ទើបអជ្ញាធរអប្សរា យកចិត្តទុកដាក់ចំពោះជីវភាពរស់នៅរបស់ពួកនាង និងក្រុមគ្រួសារ ។
អាជ្ញាធរអប្សរាបានជួយឧបត្ថម្ភ និងសន្យាជួយសម្រួលដល់ការសិក្សារៀនសូត្ររបស់កុមារីទាំងពីរនាក់ ទាំងថ្នាក់ចំណេះដឹងទូទៅ ថ្នាក់ជំនាញគូររូប និងថ្នាក់ភាសាបរទេស ។ ការឧបត្ថម្ភគាំទ្រទាំងនេះ គឺជាការយកចិត្តទុកដាក់របស់លោកសុខ សង្វារ អគ្គនាយករង អាជ្ញាធរជាតិអប្សរា ក្នុងឱកាសដែលនោះលោកដឹកនាំក្រុមការងារទៅសួរសុខទុក្ខដល់ផ្ទះក្មេងស្រីទាំងពីរនាក់ និងក្រុមគ្រួសារ ដែលរស់នៅភូមិភ្លង់ ឃុំលាងដៃ ស្រុកអង្គរធំ ខេត្តសៀមរាប កាលពីព្រឹកថ្ងៃទី២៣ ខែតុលា ឆ្នាំ២០១៥ ។
មន្ត្រីដដែលបញ្ជាក់ថា នៅព្រឹកថ្ងៃទី២៤ តុលា អាជ្ញាធរអប្សរាបានឧបត្ថម្ភសម្ភារសិក្សាដូចជា សម្ភារគូររូប កៅអី ក្ដារខៀន កង់២គ្រឿង និងគ្រឿងឧបភោគបរិភោគមួយចំនួនទៀតដល់ក្រុមគ្រួសាររបស់ក្មេងស្រីទាំងពីរនាក់នោះ ។ នៅក្នុងឱកាសនោះក្មេងស្រីទាំង២នាក់បងប្អូន នាំគ្នាគូរគំនូរដ៏ស្រស់ស្អាតជូនទុកជាអនុស្សាវរីយ៍ដល់លោកសុខ សង្វារ អគ្គនាយករងអាជ្ញាធរជាតិអប្សរា ៕




ចែករំលែកព័តមាននេះ