ខេត្តបន្ទាយមានជ័យ ៖ ប្រភពពីបន្ទាត់ព្រំដែនក្នុងស្រុកអូរជ្រៅបានឲ្យដឹងថា គោរបស់អ្នកភូមិចំនួន៣ក្បាលត្រូវបានគេរកឃើញងាប់ និង៤ក្បាលទៀតបាត់រកមិនឃើញ បន្ទាប់ពីផ្ទុះមីនតោនលាន់កក្រើកនៅបន្ទាត់ព្រំដែនកាលពីម៉ោងជិត១២ថ្ងៃត្រង់ ថ្ងៃទី២៥ តុលា ២០១៥ នៅភូមិប្រាសាទ ឃុំអូរបីជាន់ ស្រុកអូរជ្រៅ។
ប្រភពបន្តថា ក្រោយហេតុការណ៍ផ្ទុះដ៏កក្រើកនេះ ម្ចាស់គោឈ្មោះយ៉ិន ចំរើន អាយុ៥២ឆ្នាំ និងប្រពន្ធឈ្មោះប្រាក់ គឹមរ៉ាន់ អាយុ៥៥ឆ្នាំ មានទីលំនៅក្នុងភមិកើតហេតុ បាននាំគ្នាដើររកគោក៏ប្រទះឃើញគោងាប់៣ក្បាលក្បែររណ្តៅមីនតោន ហើយនៅបាត់គោ១ក្បាលមិនទាន់រកឃើញនៅឡើយ។
សមត្ថកិច្ចនៅក្នុងស្រុកកើតហេតុមួយរូបប្រាប់ថា មីនតោនដែលផ្ទុះងាប់គោខាងលើអាចផ្ទុះម្តង២គ្រាប់ក្នុងរណ្តៅតែមួយ ព្រោះសម្លេងលាន់ខ្លាំងខុសធម្មតា។ សមត្ថកិច្ចដដែលបន្តថា ចំណុចកើតហេតុតាំងពីអតីតមកទល់បច្ចុប្បន្នពុំទាន់មានការដោះមីនទេ ប៉ុន្តែទីនោះគោក្របីអ្នកស្រុកទៅមកស៊ីស្មៅជារៀងរាល់ឆ្នាំ។
គួរបញ្ជាក់ថា តំបន់ព្រំដែនក្នុងឃុំអូរបីជាន់ស្រុកអូរជ្រៅពីអតីតជាសមរភូមិប្រយុទ្ធយ៉ាងខ្លាំងរវាងទ័ពព្រៃ និងយោធាសម័យរដ្ឋកម្ពុជា ដូច្នេះតំបន់នោះនឹងមានគ្រាប់មីនប្រឆាំងមនុស្ស និងរថក្រោះច្រើនបន្សល់ពីសង្គ្រាមដែលពលរដ្ឋគ្រប់ក្រុមគ្រួសារគួរតែមានការប្រុងប្រយ័ត្នខ្ពស់៕



ចែករំលែកព័តមាននេះ