ខេត្តបាត់ដំបង ៖ កាលពីវេលាម៉ោង២រសៀលថ្ងៃទី២៦ តុលា ឆ្នាំ២០១៥ គឺមានទូកខ្នាតអន្តរជាតិចំនួន២៤គ្រឿង មកពីស្ថាប័នមន្ទីរនានាក្នុងខេត្ត និងមានទូកកិត្តិយសមកពីខេត្តកំពង់ឆ្នាំង និងខេត្តប៉ៃលិនផងដែរ ដោយមានការអញ្ជើញចូលរួមពីមន្ត្រីក្នុងខេត្តចន្ទ
បូរី-ត្រាតប្រទេសថៃ និងអគ្គកុងស៊ុលវៀតណាម ដើម្បីអបអរសាទរក្នុងកម្មវិធីបុណ្យអុំទូក ។
លោកសុខ គង់ អភិបាលរងខេត្តបាត់ដំបងជាប្រធានគណៈកម្មការបុណ្យអុំទូកនេះបានថ្លែងថា ខេត្តបាត់ដំបង ជារៀងរាល់ឆ្នាំ តែងតែប្រារព្វពិធីបុណ្យអុំទូកនេះ ទៅតាមប្រពៃណីនៃប្រជាជនខេត្តបាត់ដំបង ដើម្បីរំលឹកដល់កងទ័ពជើងទឹក ដែលមានតាំងពីសម័យបុរាណមកនៅតំបន់នេះ សំខាន់ការរួបរួមសាមគ្គីទំនាក់ទំនងល្អ ជាមួយគ្នានិងជួយផ្នែកសុខភាពឱ្យកាន់តែមានភាពល្អប្រសើរឡើងថែមទៀត ។
លោកបានបន្តទៀតថា នេះជាលើកទី១៥ហើយ ដែលខេត្តបាត់ដំបងតែងតែធ្វើជារៀងរាល់ឆ្នាំ ដោយមានការអាក់ខាន២ឆ្នាំ គឺឆ្នាំ២០១២ និង២០១៣ ដោយមានកិច្ចរវល់បុណ្យធំៗ ដែលចាំបាច់ជាបុណ្យនេះ ហើយជារៀងរាល់ឆ្នាំតែងតែជម្រើសយកគូដែលឈ្នះទៅប្រកួតបន្តនៅរាជធានីភ្នំពេញជាបន្តទៅទៀត ។ ហើយក្នុងកម្មវិធីនេះ មានទូកចំនួន២៤គ្រឿងខ្នាតអន្តរជាតិ បានមកចូលរួមដែលមានកីឡាករ កីឡាការិនីសរុបចំនួន៨០៧នាក់ ។ កីឡាករពេញសិទ្ធិចំនួន៥៩១នាក់ និងបំរុងចំនួន២១៦នាក់ ក្នុងនោះមាន
(កីឡាការិនីចំនួន១២០នាក់ បំរុងចំនួន៣២នាក់) ។
បន្ទាប់មកលោកចន្ទ សុផល អភិបាលខេត្តបាត់ដំបង ក៏បានមានប្រសាសន៍ដែរថា កម្មវិធីនេះ គឺមិនត្រឹមតែជាការរំលឹកការដឹងគុណពីបុព្វបុរសខ្មែរជំនាន់ដើមបន្សល់ទុកមកប៉ុណ្ណោះទេ គឺពេលនេះបានជំរុញបន្ថែមទៀតអាចអូសទាញវិស័យសេដ្ឋកិច្ច និងទេសចរណ៍បន្ថែមទៀត ទៅតាមការរីកចម្រើនរបស់រាជរដ្ឋាភិបាល ដែលមានសម្តេចតេជោ ហ៊ុន សែន បានដឹកនាំ កន្លងមក សំខាន់មានប្រព័ន្ធផ្លូវថ្នល់តាមខ្សែបន្ទាត់ព្រំដែន និងប្រព័ន្ធធារាសាស្ត្រ ដែលបានជួយលើកស្ទួយវិស័យកសិកម្ម កសិឧស្សហកម្មមានមុខមាត់ថ្មី បណ្តាលឱ្យខេត្តបាត់ដំបង ទទួលបានពានរង្វាន់ពណ៌បៃតង (រំដួល៣ទង) ផ្នែកទីក្រុងស្អាតបានជាប់លេខ១ប្រចាំឆ្នាំបន្តបន្ទាប់ក្នុងប្រទេសកម្ពុជា។
លោកបន្តទៀតថា កម្មវិធីនេះ គឺជម្រើសយកអ្នកឈ្នះជើងឯក ដើម្បីទៅប្រកួតបន្តនៅក្នុងកម្មវិធីបុណ្យអុំទូកប្រពៃណីជាតិ ថ្ងៃទី២៤ដល់២៦ វិច្ឆិកា ខាងមុខនេះ នៅរាជធានីភ្នំពេញបន្តទៀត ។




ចែករំលែកព័តមាននេះ